​សៀមរាបៈ អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​( LAC ) និង​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ​(ACT) ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​សាលាខេត្ត និង​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បានរៀបចំ​សិក្ខាសាលា​មួយ​ពី "អង្គភាព​ពាក់​ព័​ន្ឋ និង​ការអនុវត្ត​ច្បាប់​របប​សារព័ត៌មាន​"​នា​ថ្ងៃទី​ ២២ ខែមេសា​។​

​យោងតាម​ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា គោលបំណង​សំខាន់​របស់​សិក្ខាសាលា​នេះ គឺ​ដើម្បី​ផ្តល់ជូន​បន្ថែម​ដល់​អ្នកសារព័ត៌មាន​និង​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ ក្នុង​ខេត្តសៀមរាប ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​អំពី​សិទ្ធិ និង​ច្បាប់ ស្តីពី​របប​សារព័ត៌មាន និង​ការប្រកាន់យក​របស់​អ្នកសារព័ត៌មាន អំពី​ក្រមសីលធម៌​វិជ្ជាជីវ​:​របស់ខ្លួន អនុវត្ត​ឱ្យស្រប​តាម​ទិដ្ឋភាព​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ដែលមាន​ជា​ធរមាន ស្រប​ពេលដែល​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​មានការ​រីកចម្រើន ហើយ​ចំនួន​អ្នកប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​នានា កាន់​តែមាន​ចំនួន​កើនឡើង​ឥតឈប់ឈរ​ផង​នោះ​។​

​លោក​លីវ សុខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បាន​មានប្រសាសន៍​ក្នុងឱកាស​នោះ​ថា​“​ព័ត៌មាន​” គឺជា​វិស័យ​មួយ​ដ៏​មាន​សារ​:​សំខាន់ ក្នុងការ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ជាមួយ​សង្គម និង​សេដ្ឋកិច្ចជាតិ និង​អន្តរជាតិ តាមរយ​:​ការមើល ការអាន ការ​ស្តាប់ ពី​បណ្តាញ​ផ្សព្វផ្សាយ​នានា ទាំង​ក្នុង និង​ក្រៅប្រទេស​។

​លោក​បាន​បញ្ជាក់ថា​៖«​បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា វិស័យ​ព័ត៌មាន​នៅលើ​ពិភពលោក ជាពិសេស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កំពុងមាន​សន្ទុះ​រីកចម្រើន​គួរ​ជាទី​មោទន​:​។ ជាមួយនឹង​ការរីកចម្រើន នៃ​វិស័យ​ព័ត៌មាន​នេះ ក្នុងនោះ វា​មាន​ទាំង​ចំណុច​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផងដែរ​»​។

​លោក​បាន​បន្តថា មាន​ភាព​វិជ្ជមាន​ជាច្រើន​នៃ​វិស័យ​ព័ត៌មាន ដោយសារ​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ដំណឹង​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សុវត្ថិភាព​សង្គម ស្ថានភាព​សេដ្ឋកិច្ច និង​ការអប់រំ​ផ្សេងៗ ទាំង​ការថែទាំ​សុខភាព ចំណីអាហារ អនាម័យ​បរិស្ថាន​។​ល​។ លើសពីនោះ តាមរយ​:​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយក៏​ជា​ស្ពាន​ចម្លង នូវ​រាល់​សំណូមពរ បញ្ហា មតិយោបល់​រវាង​ប្រជាពលរដ្ឋ ជាមួយ​រាជរដ្ឋាភិបាល និង​ពី​រាជរដ្ឋាភិបាល​មក​ប្រជាពលរដ្ឋ​វិញ បានដឹង និង​ធ្វើការ​ដោះស្រាយ​។

​ជាមួយគ្នានេះ​ភាពអវិជ្ជមាន​ក៏​កើតមាន​ញឹកញាប់​ដែរ ដោយហេតុថា ស្ថាប័ន​ព័ត៌មាន ឬ​បុគ្គល​ព័ត៌មាន​ខ្លះ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន​ខ្វះ​ប្រភព មាន​លក្ខណ​:​មិន​ពិត បំពុល និង​បំផ្លើស ហើយ​មាន​គោលបំណង​ទាញ​ផលចំណេញ​ខាង​នយោបាយ ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ​ចំពោះ​រាជរដ្ឋាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់ដឹកនាំ​។​

​ក្នុងនាម​ក្រសួង​ព័ត៌មាន និង​ក្នុងនាម​រដ្ឋបាល​សាលាខេត្ត​សៀមរាប លោក​លីវ សុខុន បាន​ជំរុញ​ដល់​សិក្ខាកាម ក្នុង​អង្គសិក្ខាសាលា ប្រឹងប្រែង​ស្តាប់​ការពន្យល់​បកស្រាយ​រប​ស់​វាគ្មិន និង​ពិភាក្សា​សួរនាំ​ឱ្យស្រប​ទៅតាម​ចំណុច​នៃ​ប្រធានបទ​ក្នុង​អង្គសិក្ខាសាលា និង​សង្ឃឹមថា​ក្រោយ​បញ្ចប់​សិក្ខាសាលា​ដែលមាន​រយ​:​ពេល​មួយ​ថ្ងៃនេះ​ទៅ អ្នកសារព័ត៌មាន និង​មន្ត្រី​អនុវត្ត​ផ្នែក​ច្បាប់​នឹង​យល់​កាន់តែច្បាស់​អំពី​តួនាទី​ភារកិច្ច​ក្នុងការ​អនុវត្ត​ច្បាប់​របប​សារព័ត៌មាន ស្របទៅតាម​ក្រមសីលធម៌​វិជ្ជាជីវ​:​រៀងៗ​ខ្លួន​៕