ភ្នំពេញៈ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បានធ្វើការ​អំពាវនាវ​សូមឱ្យ​សាធារណជន​បន្ត​បរិច្ចាគ​ថវិកា​ ដើម្បីឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​អាច​បន្ត​ដំណើរការ​ទៅមុខទៀត​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា​៖«​ការបរិច្ចាគ​របស់លោក​អ្នក​ក្នុង​ការបន្ត​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ពិតជា​មានតម្លៃ​ខ្លាំងណាស់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​»​។

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​(Cambodia Kantha Bopha Foundation)​បានឱ្យដឹងថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​បានធ្វើ​ការវះកាត់​បេះដូង​ប្រហោង​ជូន​កុមារ​ម្នាក់ ដែលជា​អ្នកជំងឺ​ទី​១០០០​ដោយ​ជោគជ័យ​។

​ប្រភព​ដដែល​បានឱ្យដឹងថា កុមារ​ម្នាក់នេះ មាន​អាយុ​៨​ខែ ដែល​កើតមក​មាន​សភាព​ស្វាយ​ដងខ្លួន​ទាំងមូល ដោយសារតែ​ខ្វះ​អុក​ស៊ី​ហ្ស៊ែ​ន​ពី​បេះដូង​។ ក្រោយពី​ត្រូវ​បញ្ជូនមក​មន្ទីរពេទ្យ​គន្ធបុប្ផា កុមារ​នេះ​ត្រូវ​ទទួលបាន​ការវះកាត់​បេះដូង​ប្រហោង​ពី​កំណើត​បាន​ដោយ​ជោគជ័យ​ពី​ក្រុមគ្រូពេទ្យ​ឯកទេស​វះកាត់​បេះដូង​កម្ពុជា​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​ចាប់តាំងពី​បង្កើត​មជ្ឈមណ្ឌល​បេះដូង​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​បាន​ដាក់ឱ្យ​ដំណើរការ​រយៈពេល​២​ឆ្នាំ កន្លងមកនេះ កុមារ​ចំនួន​១០០០ នាក់​រួចមកហើយ​ដែល​បានទទួល​ការវះកាត់​ជួយសង្គ្រោះ​ដោយ​ឥតគិតថ្លៃ​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ក៏បាន​ឱ្យដឹងពី​ករណី​ផ្សេង​មួយទៀត​ផងដែរ ដែល​កុមារី​អាយុ​១៣​ឆ្នាំ​ម្នាក់​ទន់​ជើង​ទាំង​២​បន្តិច​ម្តងៗ​រហូតដល់​ដើរ​មិន​រួច​អស់​រយៈពេល​៦​ខែ ហើយ​ទទួលបាន​ការព្យាបាល​។

​កុមារី​ម្នាក់នេះ​មាន​អាយុ​១៣​ឆ្នាំ មកពី​ខេត្តបន្ទាយមានជ័យ​។ ការ​មាន​ជំងឺ​ទន់​ជើង​ទាំង​២​បន្តិច​ម្តងៗ​រហូត​ដើរ​មិន​រួច​អស់​រយៈពេល​៦​ខែ​នេះ​គឺ ដោយសារតែ​ដុំ​គីស​សង្កត់​លើ​ខួរឆ្អឹងខ្នង​។ ប៉ុន្តែ បន្ទាប់ពី​ទទួលបាន​ការវះកាត់ និង​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ឯកទេស​ខាង​ប្រព័ន្ធ សរសៃប្រសាទ​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧(​គន្ធបុប្ផា​សៀមរាប​) នាពេល​បច្ចុប្បន្ននេះ កុមារី​រូបនេះ​អាច​ដើរ​បាន​ធម្មតា​វិញ​ហើយ​។​

​ដើម្បី​បរិច្ចាគ​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា សូម​ចុច​តំណ​ភ្ជាប់ https://bit.ly/3jEtL8I៕