ភ្នំពេញៈ លោក​ភោគ កុល​កុមារ អនុប្រធាននាយកដ្ឋាន​រដ្ឋបាល​ទូទៅ និង​ជា​ប្រធានការិយាល័យ​នគរបាល​អន្តរជាតិ​ក​ម្ពុ​ជា​បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ប្រតិភូ​របស់​អគ្គលេខាធិកា​រដ្ឋា​ន​នគរបាល​អន្ត​រ​ជាតិ​នៅ​ព្រឹក​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែមេសា​នេះ ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​ក្នុងនាម​ជា​សមាជិក​នគរបាល​អ​ន្ត​រ​ជាតិ​។​

​អង្គភាព​ពាក់ព័ន្ធ​ចូលរួម រួមមាន​ការិយាល័យ​នគរបាល​អន្តរជាតិ​, នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​, នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​, អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​។

​ក្នុងឱកាស​នោះ លោក​ភោគ កុល​កុមារ និង​សហការី​បានធ្វើ​បទ​បង្ហាញ​រំលេច​នូវ​និន្នាការ​បទល្មើស​ថ្មីៗ និង​ករណី​ជោគជ័យ​ទៅលើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​បណ្តា​ប្រទេស​ដែលជា​សមាជិក​របស់​ន​គ​របាល​អន្តរជាតិ ដែល​ការិយាល័យ​នគរបាល​អន្តរជាតិ​ក​ម្ពុ​ជា​បានធ្វើ​កន្លងមក​។​

​លោក​ក៏បាន​ស្វាគមន៍​តំណាង​ការិយាល័យ​សម្របសម្រួល​សម្រាប់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ខាងត្បូង របស់​អគ្គលេខាធិការ​ដ្ឋា​ន​នគរបាល​អន្តរ​ជាតិ ដែលមាន​គម្រោង​ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ​នគរបាល​អន្តរជាតិ​ក​ម្ពុ​ជា ដើម្បី​ត្រួតពិនិត្យ​ស្តង់ដា គុណភាព ក៏ដូចជា​គាំទ្រ​ការផ្គត់ផ្គង់​ទៅលើ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​I-24/7 និង​កម្មវិធី​កសាង​សមត្ថភាព​នានា​។

​លោក​ភោគ កុល​កុមារ​បាន​បន្តថា ប្រសិនបើ​មាន​សំណូមពរ​អំពី​តម្រូវការ​គាំទ្រ​ពី​អគ្គលេខាធិការដ្ឋាន​នគ​របាល​អន្តរជាតិ ដូចជា​ការធ្វើ​បច្ចុប្បន្នភាព ទៅលើ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​I-24/7 ឬ​កម្មវិធី​កសាង​សមត្ថភាព​នានា សូម​ផ្តល់ដំណឹង​ជាមុន ដើម្បីឱ្យ​ខាង​លោក​មាន​ពេល​ក្នុង​ការរៀបចំ​ការគាំទ្រ​ទៅតាម​សំណូមពរ​៕

​​