ភ្នំពេញៈ នៅ​ចំពោះ​មុខ​មេដឹកនាំ​ក្នុង​តំបន់ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បីគ្រប់គ្រង​ធនធានទឹក​ឱ្យ​មាន​ចីរភាព ខណៈ​លោក​មើល​ឃើញ​ថា ធនធានទឹក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កម្រ​ទៅៗ។

លោកថ្លែងថា៖ «ជា​ការពិត ទឹក​គឺ​ជា​ធនធាន​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​រស់នៅ​ប្រកប​ដោយ​គុណភាព ប៉ុន្តែ​ធនធាន​នេះពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​កាន់​តែ​កម្រ​ទៅៗ ដោយសារ​សកម្មភាព​របស់​មនុស្ស​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រភព និង​គុណភាព​ទឹក»។

លោក ហ៊ុន សែន អំពាវនាវ​ដូច្នេះ​នា​ថ្ងៃទី​២៣ ខែ​មេសា ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤ ស្តីពី «បញ្ហា​ទឹក​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក» ដែល​ធ្វើឡើង​ ២ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ២៣-២៤ ខែ​មេសា នៅ​ទីក្រុង ខឹម៉ាមូតុ ប្រទេស​ជប៉ុន។

លោក​ថ្លែងថា ធនធានទឹក​ដែល​កាន់​តែ​កម្រទៅៗ​នេះ​ក៏​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ ទឹកជំនន់ និង​ភាព​រាំងស្ងួត ការ​កើន​ឡើង​នូវចំនួន​ប្រជាជន និង​ការ​បន្ត​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស ដែល​បាន និង​កំពុង​បន្ត​ដាក់​សម្ពាធ​ដល់​ធនធាន​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ទ្រទ្រង់ប្រភព​ទឹក​ផងដែរ។

លោក ហ៊ុន សែន ថ្លែងថា៖ «ធនធានទឹក​បាន​ក្លាយ​ជា​របៀបវារៈ​មួយ​សំខាន់ ដែល​តម្រូវ​ឱ្យ​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​រួមគ្នា គ្រប់គ្រង​ឱ្យ​បានប្រកប​ដោយ​ចីរភាព សម្រាប់​បច្ចុប្បន្ន និង​ទៅ​អនាគត»។

លោក​អំពាវនាវ​ឱ្យ​មាន​ការ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​និង​សមាហរណកម្ម​បណ្ដាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ សំដៅ​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ធនធានទឹក ទាំងក្នុង​ប្រទេស តំបន់ និង​សកល​លោក និង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សកម្មភាព​សង្គម-សេដ្ឋកិច្ច ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និង​ការ​គាំទ្រ​ដល់ការ​អភិវឌ្ឍ​បៃតង ជាពិសេស សម្រាប់​វិស័យ​កសិកម្ម​ដែល​ជា​វិស័យ​ប្រើប្រាស់​ទឹកច្រើន។

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​អំពាវនាវ​ផងដែរ​ឱ្យ​មាន​ការ​ជំរុញ និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ឌីជីថល ដើម្បី​ចាប់​យក​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​បច្ចេក​វិទ្យា​ឌីជីថល ក្នុង​ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​ទឹក​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធផល។

លើសពីនេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ជំរុញ​ដល់​មេដឹកនាំ​ក្នុង​តំបន់​បន្ត​គាំទ្រ​ដល់​កម្មវិធី គំនិត​ផ្តួចផ្តើម និង​សកម្មភាព​នានា​គាំទ្រ​ដល់​ការ​លើក​កម្ពស់​ចីរភាព​សង្គម​ក្នុង​ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​ទឹក សំដៅ​ធានា​ឱ្យ​បាន​ថា ប្រជាជន​សកល​លោក​គ្រប់​រូប​ទទួល​បានទឹក​មក​ប្រើប្រាស់​តាម​តម្រូវការ។

លោកថ្លែងថា៖ «ការ​ប្រើប្រាស់​ធនធាន​ទឹក​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព គឺ​ចាំ​បាច់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចប្រកប​ដោយ​ចីរភាព»។

លោក​នាយក​រដ្ឋមន្ត្រី​បន្ថែម​ថា កម្ពុជា​ចាត់​ទុក​ទឹក​ថា​ជា «មាសស» ដែល​ជា​កម្លាំង​ចលករ​ជំរុញ​ការ​អភិវឌ្ឍ និង​វឌ្ឍនភាព​សេដ្ឋកិច្ច​សង្គមប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​តែង​ទទួល​ស្គាល់​អំពី​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ និង​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះវិស័យ​ធនធានទឹក សំដៅ​ជំរុញ​ការ​គ្រប់គ្រង​ធនធានទឹក​ឱ្យ​កាន់​តែ​ប្រសើរ ដោយ​ធានា​បាន​នូវ​សន្តិសុខទឹក​នៅ​ទូទាំង​ប្រទេស។

លោក ហ៊ុន សែន បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​កម្ពុជា​ថា កម្ពុជា​នឹង​បន្ត​កិច្ច​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្រោម​យន្តការ​តំបន់ និង​សកល ដើម្បី​ពង្រឹង និង​លើក​កម្ពស់​អភិបាល​កិច្ច និង​ការ​គ្រប់គ្រង​ធនធាន​ទឹក និង​អាង​ទន្លេ​ឆ្លងដែន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ក្នុង​ការឈាន​ទៅ​សម្រេច​គោលដៅ «ទឹក​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»៕