ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បាន​អំពាវនាវ​សុំ​ឱ្យ​សប្បុរសជន​ក្នុង​និង​ក្រៅ​ប្រទេស​ជួយ​ឧបត្ថម្ភ​ជា​រង្វាន់ និង​ការ​លើក​ទឹក​ចិត្ត​បន្ថែមដល់​ជយលាភី សិស្ស​ពូកែ​ទូទាំង​ប្រទេស ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា​នា​ពេល​ប្រឡង​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ។

សេចក្តី​អំពាវនាវ​របស់​ក្រសួង​អប់រំ​បាន​ឱ្យ​ដឹង​ថា ក្នុង​គោល​បំណង​លើក​កម្ពស់​គុណភាព​អប់រំ តាម​រយៈការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដែល​មានចំណេះដឹង និង​ជំនាញ ប្រកប​ដោយ​សមត្ថភាព​ខ្ពស់ សំដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏​ដូចជា កសាង​សង្គមជាតិ​ឱ្យ​បាន​រឹងមាំ ក្រសួង​អប់រំ យុវជន និង​កីឡា តែងតែ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា​សម្រាប់​សិស្ស​ថ្នាក់​ទី ៩ និង​ថ្នាក់​ទី​១២។ នៅ​ក្នុង​ឆ្នាំ​នេះ ដំណើរការ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ ២០២២ នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ ខេត្ត សៀមរាប។

ពិធីបើក នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ ២០២២ វេលា​ម៉ោង ៨:០០នាទី​ព្រឹក នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ១០ មករា ១៩៧៩ ខេត្ត​សៀមរាប។ ពិធី​បិទ ចែក​វិញ្ញាបនបត្រ និង​រង្វាន់​ជយលាភី នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប។

ក្រសួង​បាន​សរសេរ​ថា៖«ដើម្បី​ធ្វើ​ឱ្យ​ពិធីនេះ​កាន់តែ​អធិកអធម ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ធ្វើ​ការ​អំពាវនាវ​ចំពោះ​សម្តេច ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា អ្នក​ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា និង​សប្បុរសជន​ក្នុង​ប្រទេស ក៏​ដូចក្រៅ​ប្រទេស មេត្តា ជួយ​ឧបត្ថម្ភជា​ថវិកា ជា​សម្ភារ សម្រាប់​ជា​រង្វាន់ និង​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ដល់​ជយលាភី​សិស្ស​ពូកែ​ទូទាំង​ប្រទេស សំដៅ ជំរុញ​ចលនា​នេះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ឆ្នាំ​បន្តបន្ទាប់»។

សប្បុរសជន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​បិទ ចែក​វិញ្ញាបនបត្រ និង​រង្វាន់​ជយលាភី ដើម្បី​ទទួល​លិខិត ថ្លែង​អំណរគុណ​របស់​ក្រសួងអប់រំ យុវជន និងកីឡា។ កន្លែង​ទទួល​អំណោយ៖ នាយកដ្ឋានកិច្ច​ការ​ប្រឡង ស្ថិត​នៅ​អគារ​លេខ ១៦៩ មហាវិថី​ព្រះនរោត្តម រាជធានី ភ្នំពេញ ទូរសព្ទលេខ ០១២ ៨៤៣ ៤៧៥ និង ០៧៧ ៩៩៤ ២០០៕