ត្បូងឃ្មុំ/កំពង់ចាមៈ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក វេង សាខុន លោក សៀង ណាំ សមាជិក​រដ្ឋសភា​និង​អាជ្ញាធរ​មូលដ្ឋាន​នាំ​យក​អង្ករ​ចំនួន ៣០ តោន​មក​ចែក​ជូន​ពលរដ្ឋ​ជាង ១៥០០ គ្រួសារ​នា​ថ្ងៃសៅរ៍ ទី២៣ ខែ​មេសា។

ការចែកនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បុណ្យ​ឆ្លង​ដំបូល​ព្រះវិហារ សម្ពោធ​សមិទ្ធផល​នានា និង​ពុទ្ធាភិសេក ក្នុង​វត្ត​ឥន្ទកោសី​ចុងកោះជ្រូក ភូមិទីបួន ឃុំ​កោះ​សំរោង ស្រុក​កំពង់សៀម។

បន្ទាប់ពី​លោក​អភិបាល​ស្រុក​រាយការណ៍​ជូន​ជ្រាប​ដោយ​សង្ខេប​អំពី​សមិទ្ធផល​សំខាន់ៗ​ដែល​វត្ត​បាន​ខិតខំ​កសាង​កន្លង​មក ថ្នាក់​ដឹកនាំ និងក្រុម​ការងារ​បាន​ធ្វើ​ការ​សំណេះ​សំណាល​ជាមួយ​បងប្អូន​ពុទ្ធិបរិស័ទ​ពាក់ព័ន្ធ​បញ្ហា​ជីវភាព សន្តិសុខ​ទូទៅ ការ​អភិវឌ្ឍ​មូលដ្ឋាន បញ្ហា​កូវីដ១៩ យុទ្ធនាការ​បោះឆ្នោត និង​ការ​ទៅ​បំពេញ​សិទ្ធិ​ជា​ពលរដ្ឋ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ។

កាយវិការ​ដែល​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ និង​សិល្ប:​នៃ​ការ​ចែក​រំលែក​នេះ ពិត​ជា​បាន​បង្ហាញ​ពី​ការ​គិតគូរ​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហាជីវភាព សេចក្តី​ត្រូវការ រួមសុខ រួមទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។ សកម្មភាព​យ៉ាង​សកម្ម​របស់​សមាជិក​ក្រុម​ការងារ​នេះ​បានឆ្លើយតប​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​លើក​ឡើង​ឱ្យ​មន្រ្តី​ត្រូវ​ចុះ​មូលដ្ឋាន​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ដើម្បី​ប្រមូល​យកនូវ​រាល់​បញ្ហា និង​សេចក្តី​ត្រូវ​ការ​ចាំបាច់​របស់​បងប្អូន រួច​ធ្វើ​ការ​ដោះស្រាយ​ជូន​ឱ្យ​បាន​ទាន់​ពេល​វេលា ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​របស់​លោក​រដ្ឋមន្រ្តី វេង សាខុន។

លោករដ្ឋមន្រ្តី ក៏​បាន​ជម្រាប​ជូន​អង្គពិធី​ផងដែរ​អំពី​បញ្ហា​នយោបាយជាតិ និង​អន្តរជាតិ បច្ចុប្បន្នភាព​នៃ​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩ ការ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើង​វិញ​ស្រប​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី សកម្មភាព​បង្កបង្កើនផល ព្រម​ជាមួយ​ការ​ផលិត​ស្បៀង​ប្រចាំ​ថ្ងៃ និង​ជាពិសេស​គុណ​សម្បត្តិ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កសាង និង​អភិវឌ្ឍ​ប្រទេស​ជា​តិ​ឱ្យ​មាន​សុខ​សន្តិភាព និង​ការ​រីកចម្រើន​ដែល​មាន​នាពេល​បច្ចុប្បន្ន៕