ភ្នំពេញៈ នាយក​រដ្ឋមន្ត្រី​ឡាវ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) ស្នើសុំ​ឱ្យ​សាងសង់​ស្ពាន​ត​ភ្ជាប់​រវាង​កម្ពុជា និង​ឡាវ ដើម្បី​ឱ្យ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ កាន់​តែ​ជិតស្និទ្ធ​នឹង​គ្នា ខណៈ​លោក​គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ ២ជាប់​ព្រំដែន​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត​និង​ខេត្ត និង​ព្រំប្រទល់​ជាមួយ​កម្ពុជា។

ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​កូម៉ាម៉ូតូ ប្រទេស​ជប៉ុន នា​ថ្ងៃទី​២៣ ខែ​មេសា នៅមុន​កិច្ច​ប្រជុំ​កំពូល​ស្ដី​អំពី​បញ្ហា​ទឹក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​៤ ដែល​ធ្វើឡើង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ២៣-២៤ ខែ​មេសា។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់​ថា លោក វីផាវ៉ាន់ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​ចំប៉ាសាក់ និង​ចំប៉ាលើ ប្រទេស​ឡាវ ដែល​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ខេត្ត​និង​ខេត្ត និង​បណ្ដា​ព្រំប្រទល់​ជាមួយ​កម្ពុជា ដើម្បី​បញ្ជាក់​ពី​គោល​នយោបាយ​របស់ប្រទេស​ទាំង ២ ក្នុង​ការ​ជំរុញ​ការ​លើក​កម្ពស់ និង​បម្រើ​ផល​ប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំង ២។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា៖ «ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ ​ក៏​បាន​ស្នើសុំ​ឱ្យ​មាន​ការ​សាងសង់​ស្ពាន​ត​ភ្ជាប់​រវាង​ប្រទេស​ទាំង ២ ផងដែរ ដើម្បី​ឱ្យ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា ក៏​ប៉ុន្តែ​ទាក់ទង​នឹង​ការ​សាងសង់​ស្ពាន​នេះ ឯកឧត្តម​រង់ចាំ​ការ​ពិភាក្សាជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ឡាវ​សិន»។

ទាក់ទង​ទៅ​នឹង​គម្រោង​នៃ​ការ​កសាង​ស្ពាន​នេះ លោក ហ៊ុន សែន ថ្លែងថា វាជា​រឿង​ដ៏​ល្អ​បំផុត សម្រាប់​ផ្សារ​ភ្ជាប់​ទំនាក់ទំនង រវាង​ប្រទេសទាំង ២ ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។

ជាមួយគ្នា​នេះ​ផងដែរ លោក វីផាវ៉ាន់ ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច មេ​បញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំង​២ ហើយ​ក្នុង​នោះ​លោក​ក៏បាន​អញ្ជើញ​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសឡាវ នា​ពេល​ខាង​មុខ​នេះ។

យោងតាមហ្វេសប៊ុក​ដដែល លោក ហ៊ុន សែន បាន​ឯកភាព​ចំពោះ​ការ​អញ្ជើញ​លោក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសឡាវ ដោយ​លោក​លើក​ឡើង​ថា គឺជា​រឿង​ដ៏​ល្អ​ណាស់ និង​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង រវាង​កងទ័ព​នៃ​ប្រទេស​ទាំង ២ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត៕