មណ្ឌលគិរីៈ មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគិរី ក្រោម​កិច្ច​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន​បានចុះ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​សាលា​មេត្រីភាព​បរិស្ថាន​នៅ​វិទ្យាល័យ ហ៊ុនសែន​កែវសីមា, សាលាបឋម​សិក្សា​អូរអាម, សាលាបឋម​សិក្សា​ពូត្រំ និង​អនុវិទ្យាល័យ​ឆ្នែង​កាល​ពី​ថ្ងៃ​សុក្រ ទី​២២ ខែមេសា។

ការចុះ​ពិនិត្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោកស្រី មាស ច័ន្ទធីតា អគ្គនាយិការង នៃ​អគ្គនាយកដ្ឋាន​ចំណេះ​ដឹង និង​ព័ត៌មាន​បរិស្ថាន ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​មន្រ្តី​នៃ​មន្ទីរបរិស្ថាន​និង​តំណាង​អង្គការ WCS ផងដែរ។

លោកស្រី មាស ច័ន្ទធីតា បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា ចលនា​ប្រឡង​ប្រណាំង សាលា​មេត្រី​បរិស្ថាន មិន​ត្រឹម​តែ​ជំរុញ​ឱ្យ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រែ​ក្លាយ​ចំណេះដឹង​អំពី​បរិស្ថាន​ទៅ​ជា​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​នៅ​ក្នុង​សាលារៀន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជំរុញ​ឱ្យ​មានការ​អនុវត្ត​នៅ​ក្នុង​សហគមន៍ ថែម​ទៀត​ផងដែរ។ វា​ចាំបាច់​ត្រូវ​មាន​ការ​ចូលរួម​ពី​អាណា​ព្យាបាល សិស្សានុសិស្ស អាជ្ញាធរ​មូលដ្ឋាន​និង​អ្នកពាក់​ព័ន្ធ​ផ្សេង​ទៀត​ក្នុង​សហគមន៍ ស្រប​តាម​លក្ខខណ្ឌ​វិនិច្ឆ័យ ៤ ចំណុច​នៃ​សាលា​មេត្រី​បរិស្ថាន។

អនុលោម​តាម​ក្របខណ្ឌ​ការងារ​អាស៊ាន ស្តីពី​សាលា​មេត្រី​បរិស្ថាន ក្រសួង​បរិស្ថាន សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន​និង​កីឡា បានរៀបចំ​ឱ្យ​មាន​ការ​ណែនាំ​ដោយ​ផ្តោត​លើ​លក្ខណៈ​វិនិច្ឆ័យ ចំនួន​០៤ រួមមាន៖(១) មាន​គោលការណ៍ និង​រដ្ឋបាល​របស់​សាលា​លើ​ការងារ​បរិស្ថាន, (២) មាន​ការ​បង្រៀន​មេរៀន​បរិស្ថាន​និង​សកម្មភាព​អប់រំ​បរិស្ថាន, (៣) មាន​សម្ភារ​បរិក្ខារ​អប់រំ​បរិស្ថាន ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការប្រតិបត្តិ​បរិស្ថាន,(៤) មាន​ភាព​ជា​ដៃគូ​ជាមួយ​អ្នក​ពាក់ព័ន្ធ និង​ការ​ផ្សព្វផ្សាយ​តាម​សហគមន៍។

លោកស្រី​បាន​គូស​បញ្ជាក់​ថា៖ «ការ​ប្រឡង​ប្រណាំង​សាលា​មេត្រី​បរិស្ថាន​ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់ និង​ជា​យន្តការ​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ចំណោម​យន្តការ និង​វិធានការ​ជាច្រើន​ទៀត​ដែល​ក្រសួង​បរិស្ថាន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បាន​ខិតខំ​ជំរុញ​អនុវត្ត​ជា​បន្ត​បន្ទាប់សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ កិច្ច​គាំពារ​បរិស្ថាន ការ​ការពារ​ធនធាន​ធម្មជាតិ ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​រស់នៅ​ដោយ​ចីរភាព តាម​រយៈការបញ្រ្ជាប​ចំណេះដឹង​និង​ចំណេះ​ធ្វើ​ ក្នុង​ចំណោម​កុមារ​សិស្សានុសិស្ស និង​យុវជន នៅ​តាម​សាលារៀន និង​គ្រឹះស្ថាន​អប់រំ ដែល​ជា​កន្លែងប្រមូល​ផ្តុំ​មាន​លក្ខណៈ​ងាយស្រួល ក្នុង​ការ​ផ្លាស់ប្តូ​ទម្លាប់ ផ្នត់​គំនិត និង​ឥរិយាបថ​របស់​កុមារ និង​យុវជន​ចំពោះ​អនាម័យ និង​បរិស្ថាន»។

ក្នុង​នាម​ក្រសួង​បរិស្ថាន លោកស្រី​បាន​ថ្លែង​អំណរគុណ​ក្រសួង​អប់រំ យុវជន និងកីឡា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ដែល​បាន​ចូលរួម​ក្នុង​ចលនា​ប្រឡង​ប្រណាំង​សាលា​មេត្រី​បរិស្ថាន៕