ព្រែវែងៈ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​មាន​ប្រសាសន៍​ថា ការ​កសាង​ប្រទេស ជា​ពិសេស​ការ​រៀបចំ​ឱ្យ​មាន​សុខ​សន្តិភាព ស្ថិរភាព និង​មាន​ការ​អភិវឌ្ឍ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​គោល​នយោបាយ​ឬ​បន្ទាត់​នយោបាយ​នៃ​អ្នក​ដឹកនាំ​គណបក្ស និង​រាជរដ្ឋាភិបាល​នោះឡើយ ហើយ​ថា អ្នក​ដឹកនាំ​ណា​ដែល​ធ្វើ​ផ្ទុយ​មិន​ស្រប​តាម​បំណង​ប្រាថ្នា​ប្រជាពលរដ្ឋ អ្នក​ដឹកនាំ​នោះ​គឺ​មិន​ទទួល​ជោគជ័យ​ទេ។

លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​បែបនេះ​ក្នុង​ពេល​ធ្វើ​ជា​អធិបតី ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ វត្ត​មុនីរតនប្បភា ហៅវត្តថ្មី ស្ថិត​នៅក្នុង​ភូមិ​បង្អែក ឃុំ​ស្វាយភ្លោះ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃសៅរ៍ ទី២៣ ខែ​មេសា​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា នយោបាយ​ដែល​ត្រឹមត្រូវ​គឺ​នយោបាយ​ដែល​ផ្អែក​លើ​ផល​ប្រយោជន៍ជាតិ​និង​ប្រជាជន និង​ការ​ធ្វើអ្វីៗ​ដែលគោរព​តាម​ការ​សម្រេច​ចិត្ត ការ​ចង់​បាន សំណូមពរ និង​ការ​ទាមទារ​របស់​ពលរដ្ឋ។

លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា៖ «យើង​មិន​អាច​ធ្វើ​ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​បាន​ទេ ហើយ​អ្នក​ដឹកនាំ​ណា​ដែល​ធ្វើផ្ទុយ​មិន​ស្រប​តាម​បំណង​ប្រាថ្នា​ប្រជាពលរដ្ឋ អ្នក​ដឹកនាំ​នោះ​គឺ​មិន​ទទួល​ជោគជ័យ​ទេ។ តែងតែ​ទទួល​បរាជ័យ។ នេះ​ជា​សច្ចៈធម៌​ដែល​យើងមិន​អាច​ប្រកែក​បាន...។ សព្វថ្ងៃនេះ​ដោយសារ​យើង​បាន​រក្សា​នូវ​ឧត្តម​គតិ​បែបនេះ យើង​ទទួល​បាន​សុខ​សន្តិភាព និង​ស្ថិរភាព»។

លោក​បាន​បន្ថែម​ថា រាជ​រដ្ឋាភិបាល​និង​គណបក្ស ដែល​មាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជា​ប្រធាន​បន្ត​វេន​ពី​ថ្នាក់​ដឹក​នាំ​មុន និង​ជានាយក​រដ្ឋ​មន្រ្តី​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​សង្គ្រាម ពង្រឹង​សុខ​សន្តិភាព ស្ថិរភាព បង្កើត​បាន​ឱកាស​សម្រាប់​ការ​កសាង​វត្ត សាលារៀន ផ្លូវ និង​សមិទ្ធផល​ផ្សេងៗ​ទៀត​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។

លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា៖ «បើ​យើង​មិន​ទាន់​មាន​សុខ​សន្តិភាព យើង​ត្រូវ​ខិតខំ​តស៊ូ​ដើម្បី​មាន​សុខ​សន្តិភាព ឥឡូវ​យើងមាន​សុខសន្តិភាព​ហើយ យើង​តស៊ូ​ដើម្បី​កសាង​ជីវភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង... មក​ដល់​ពេល​នេះ យើង​ពិត​ជា​មាន​មោទនភាព យើង​បានធ្វើឱ្យ​ប្រទេសជាតិ​យើង​កាន់​តែ​មាន​សុខ​សន្តិភាព ស្ថិរភាព មាន​ការ​អភិវឌ្ឍ ហើយ​យើង​សង្ឃឹម​ថា បន្ត​ធ្វើ​ឱ្យ​មាន​ការ​អភិវឌ្ឍ​កាន់តែ​រីក​ចម្រើនថែម​ទៀត»។

លោក​ក៏​បាន​លើកឡើង​ពី​ការ​ខិតខំ​កសាង​សមិទ្ធផល ការ​ស្ថាបនា​ជាតិ​របស់​រាជរដ្ឋាភិបាល ដូចជា​ការ​ស្ថាបនា​ស្ពាន ផ្លូវ ការ​អភិវឌ្ឍ​ទឹក​ស្អាត និង​អគ្គិសនី​ជាដើម ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក​រដ្ឋ​មន្រ្តី​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ផ្ដល់​ព័ត៌មាន​ជូន​អាជ្ញាធរ​មូលដ្ឋាន​អំពី​បញ្ហា​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំង​នោះ។ ទន្ទឹមគ្នានេះ អាជ្ញាធរ​ក៏​ត្រូវ​បំពេញ​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ចៀសវាង​ការ​បែងចែក​ក្រុម បក្ខពួក ឬ​និន្នាការ​នយោបាយ៕