ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) បាន​ទទួល​យកគំនិត​ផ្តួចផ្តើម​របស់​លោក បន្ទាប់​ពី​លោក​បាន​ស្នើសុំ​ឱ្យ​ដំឡើង​ទំនាក់​ទំនង​ទ្វេ​ភាគី​ពី​ដៃគូ​យុទ្ធសាស្ត្រ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុ ជា-ជប៉ុន នៅ​ពេល​ខាង​មុខ។

ការ​ស្នើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក និង​លោក គីស៊ីដា នា​ថ្ងៃទី​២៣ ខែ​មេសា នៅ​ទីក្រុង គូម៉ាម៉ូតូ ប្រទេស​ជប៉ុន ក្នុង​ឱកាស​លោក​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ដីអំពី​បញ្ហា​ទឹក​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​៤ ដែល​ធ្វើ​ឡើង​រយៈពេល ២ថ្ងៃ គឺ​នៅ​ថ្ងៃទី ២៣-២៤ ខែ​មេសា។

ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា៖ «នៅ​ក្នុង​ជំនួប​នោះ​ផងដែរ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើឱ្យ​ទំនាក់​ទំនងទ្វេភាគី​នេះ ពី​ដៃគូ​យុទ្ធសាស្ត្រ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា-ជប៉ុន នៅ​ពេល​ខាង​មុខ​នេះ។ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី ជប៉ុន គីស៊ីដា បាន​ទទួល​យក​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេជោ​ក្នុង​ការ​ដំឡើង​ទំនាក់​ទំនង​ទ្វេភាគី​នេះ​ផងដែរ»។

បើ​តាម​ហ្វេសប៊ុក​ដដែល លោក គីស៊ីដា បញ្ជាក់ថា ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​ កម្ពុជា-ជប៉ុន មាន​ការ​រីក​ចម្រើន​ឡើង​ជា​បន្តបន្ទាប់ ពិសេស​វិស័យ​សន្តិសុខ និង​លើ​វិស័យ​ការពារ​ជាតិ រួម​ជាមួយ​នឹង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៃ​កង​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រអង្គការ​សហប្រជាតិ។

ថ្មីៗនេះ កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ជើង​ទឹក​របស់​ជប៉ុន ចូល​សុំចត​នៅ​កម្ពុជា ដោយ​លោក ហ៊ុន សែន ចាត់​ទុក​សកម្មភាព​នេះ ជា​ការ​រួមចំណែក​ជួយ​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​ការពារជាតិ​នៃ​ប្រទេស​ទាំង​២។

លោក ហ៊ុន សែន សង្ឃឹម​ថា ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា ក្នុង​កិច្ច​សហការ​លើ​ប្រព័ន្ធ​ស្រោចស្រព និង​ទឹកស្អាត​នៅ​ប្រទេស​កម្ពុជា។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ថា កម្ពុជា​នឹង​បន្ត​ធ្វើ​ការងារ​លើ​វិស័យ​ការពារជាតិ​ជាមួយ​ប្រទេស​ជប៉ុន​បន្ថែម​ទៀត សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ទាំង ២ ហើយ​កម្ពុជា​នឹង​បន្ត​ស្វាគមន៍​នាវា​ជើង​ទឹក​ជប៉ុន​មក​ទស្សនកិច្ច និង​ចូលចត​នៅ​កំពង់ផែ​របស់​កម្ពុជា។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់ថា លោក គីស៊ីដា នៅតែ​បន្ត​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​នាម​ប្រធានអាស៊ាន ដែល​បាន​ជំរុញ​លើ​ការ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ហើយ​លោក គីស៊ីដា ក៏​នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​លើ​បញ្ហា​ឧបទ្វីបកូរ៉េ និងបញ្ហា​វិបត្តិ​នៅ​អ៊ុយក្រែន​ផងដែរ៕