ឧត្តរមានជ័យៈ ថវិកា​ចំនួន​៤ លាន​រៀល​ត្រូវ​បាន​លោក ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ប្រគល់​ជូន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាននគរបាល​ក្រុង​សំរោង និង​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃទី​២៣ ខែ​មេសា​នេះ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ក្នុង​កិច្ច​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ស្រាវជ្រាវ​ស៊ើប​អង្កេត និង​បំបែក​សំណុំ​រឿង​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​នា​ពេល​ថ្មីៗ​នេះ។

ថវិកា​ទាំង​នោះ​បាន​មក​ពី​លោក​នាយ​ឧត្តម​សេនីយ៍ នេត សារឿន អគ្គស្នងការ​នគរបាលជាតិ​ចំនួន ២​លាន​រៀល, លោក​ប៉ែន កុសល្យ អភិបាល នៃ​គណៈអភិបាល​ខេត្ត​ចំនួន ១​លាន​រៀល​និង​លោក​ឧត្តម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ចំនួន ១ លាន​រៀល​ផងដែរ។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្លាំង​នគរបាល​បាន​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​ជន​ល្មើស​ចំនួន ៣ នាក់ ដែល​បាន​រំលោភ​និង​សម្លាប់​លើ​យុវតី​ម្នាក់​ក្នុងភូមិ​ចម្ការចេក សង្កាត់​អូរស្មាច់ ក្រុងសំរោង ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ ២០២២។ ជន​ទាំង ៣ នាក់​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ដាក់​ពន្ឋនាគារ ​ពី​បទ​ឃាតកម្ម​ដោយ​មាន​អំពើ​ឃោរឃៅ និង​អំពើ​រំលោភ​សេពសន្ថវៈកាល​ពី​ថ្ងៃទី​២២ ខែ​មេសា​នេះ៕