ភ្នំពេញៈ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(អ.ប.ព.) និង​ក្រុម​ហ៊ុនជេ​ធីអ៊ីន​ធើ​ណេ​សិ​នណល (ខេ​ម​បូ​ឌា) ឯ.ក របស់​ជប៉ុន​បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់ (MOU) គ្នា ដើម្បី​សហ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ធ្វើ​ឱ្យ​ចំនួន​ចុះ​អ​នុស្សរ​ណៈ​រវា​ង អ.ប.ព​ និង​វិស័យ​ឯក​ជន​កើន​ដល់​ជាង ​១០០​ ហើយ​។

ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្ដីពី​កិច្ច​សហ​ប្រតិប​ត្តិការ​នេះត្រូវបាន​ធ្វើឡើង​រវាង​លោក​ទេសរ​ដ្ឋមន្ដ្រី​ ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​​ប្រឆាំង​អំពើ​ពុករ​លួយនិង​លោក Roy Manalili អគ្គ​នាយក​ក្រុម​ហ៊ុន​ជេ​ធី អ៊ីន​ធើ​ណេ​សិ​នណល (ខេ​ម​បូ​ឌា) ឯ.ក JT I​nterna​tional (Cam​bodia)Co.,Ltd(JTI) កាល​ពីថ្ងៃ​ទី​ ២១ ខែ​មេសា​ នៅ​សណ្ឋា​គារ​ Hyatt Regency Phnom Penh។

JTI ជា​ក្រុមហ៊ុន​ជប៉ុន ដែល​មាន​ទីស្នាក់​ការ​នៅ​ប្រទេស​ស្វ៊ី​ស ហើយ​មាន​បុគ្គលិក​ជិត ​៥០០ ​នាក់ នៅ​កម្ពុជា​។

អ.ប.ព ​បាន​បញ្ជាក់​ថា​ការ​ចុះហត្ថ​លេខា​នេះ​គឺ «បង្ហាញ​ឱ្យឃើញ​​នូវ​ឆន្ទៈ​សហ​ការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយតាម​រយៈ​ការ​ចុះ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្ដីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែលជា​ស្ថា​ប័ន​ឯក​រាជ្យ​បង្គោល​ទទួល​អាណ​តិ្ត​លើ​ការងារ​នេះបន្ថែម​លើ​ក្រុម​ហ៊ុន​ជាតិអន្តរ​ជាតិ​-សភា​ពាណិជ្ជ​កម្ម-សមា​គម-គ្រឹះ​ស្ថាន​សាធា​រណៈ​ចំនួន ​១០៣ ដែល​បាន​ចុះ​អនុស្ស​រណៈ​ជា​មួយ អ.ប.ព. កន្លង​មក»។

នាយក​ប្រតិ​បត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា លោក ប៉ិច ពិសី បានថ្លែងថា តាមរយៈ​ការ​ចុះ MOU រវាង​រដ្ឋនិង​វិស័យ​ឯក​ជន​នេះគឺជា​យន្តការ​មួយក្នុង​ចំណោម​យន្ត​ការ​ផ្សេងៗ​ទៀត​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ដើម្បី​ទប់​ស្កាត់​ការ​ស៊ី​សំណូក​សូក​ប៉ាន់នៅក្នុង​ការប្រព្រឹត្ត​អំពើពុក​រលួយ​ដែល​ក្រុម​ហ៊ុន​តែង​ជួប​ប្រទះ។ លោក​ថា៖​ « អ៊ីចឹង​សម្រាប់​ខ្ញុំ គិត​ថា​នេះ​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​ជួយ​ដល់​ក្រុម​ហ៊ុន​ ដើម្បី​ឱ្យ​គាត់​ប្រតិ​បត្តិ​ការ​អាជីវ​កម្ម​ស្អាត​ស្អំ»​ ។

លោក​បាន​​បញ្ជាក់​ថា ​MOU នេះ​មាន​វិសាល​ភាព​ធំ ប៉ុន្តែ​រឿង​ដែល​សំខាន់​ជាង​គេ​នោះ គឺ​ក្រុម​ហ៊ុន​ទាំង​ឡាយ​ណា​ដែល​ចង់​ចៀស​វាង​ពី​ការ​ស៊ីសំណូក​សូក​ប៉ាន់ ការ​បង់​លុយ​សេវា​ក្រៅ​ផ្លូវការ ដូច្នេះ ​MOU នេះ​អាច​ជា​មធ្យោ​បាយ​មួយ​សម្រាប់​ក្រុម​ហ៊ុន​ខ្លួន​ឯង​បញ្ចៀស​បញ្ហា​នេះ​។

ទន្ទឹម​នេះ​ដែរ លោក​បាន​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិ​បាល​ ដែលជារួម​គឺ​ការ​បង្ក​លក្ខ​ណៈ ឬការ​បង្កើត​នូវ​បរិយា​កាស​ស្អាត​ស្អំ ប្រតិ​បត្តិ​ការ​អាជីវកម្ម​ឱ្យ​ស្អាត​ស្អំនិង​បង្កើ​តនូវប​រិយាកាស​វិនិយោគស្មើ​ៗភាពគ្នា​។ លោក​ថា៖ ​«មាន​ន័យថា​ក្រុមហ៊ុន​តូចក្តី ធំក្តី គឺ​ត្រូវតែ​គោរព​ច្បាប់​ដូច​គ្នា មាន​ការ​អនុលោ​មស្មើៗ​គ្នា ទោះបី​ជាក្រុម​ហ៊ុន​ទាំង​នោះ​មិន​មាន​ MOU ប៉ុន្តែ​ក្នុង​នាមយើង​ជា​រដ្ឋាភិ​បាល​គួរតែ​បង្កើត​យន្ត​ការឱ្យ​មាន ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​ទាំង​អស់ អាច​ទទួ​លបាន​នូវ​ការ​ការពារ​ពី​ការ​ប្រព្រឹត្ត​អំពើពុក​រលួយ»​។

ទាក់ទ​ងអំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​សាធា​រណៈវិ​ញ លោក​ ប៉ិច ពិសី បាន​ថ្លែង​ថា តាម​ការ​សិក្សា​ស្រាវជ្រា​វរបស់​អង្គ​ការ​អន្ត​រជាតិ​ផ្សេ​ងៗបាន​បន្ត​រកឃើញ​ថាអំពើ​ពុករ​លួយ​នៅក្នុ​ងវិស័យ​សាធា​រណៈនៅ​កម្ពុជា​នៅមា​នច្រើនជា​ពិសេស​នៅ​ក្នុង​ផ្នែក​ផ្តល់​សេវា​ដល់​ពលរ​ដ្ឋក្តី និង​ផ្តល់​ដល់វិ​ស័យឯ​កជនក្តី។ ជា​មួយ​នេះ​ដែរ​លោក​បាន​ជំ​រុញដល់​ស្ថាប័ន​ពាក់​ព័ន្ធអនុ​វត្តច្បាប់​ដែល​មាន​ស្រាប់​ឱ្យ​បាន​ត្រឹម​ត្រូវនោះ​នឹង​អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន​ហើយ។

ទន្ទឹម​នឹង​នេះ​ដែរ ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ប​ន្ត​ស្វាគ​មន៍​និង​លើក​ទឹក​ចិត្ត​ដល់​វិស័យ​ឯកជន​ដទៃ​ទៀតឱ្យ​បន្ត​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុក​រលួ​យ ​ដើម្បី​ចូល​រួម​អនុវត្ត​នូវ​គោលន​យោ​បាយ​កំណែ​ទម្រង់​ស៊ី​ជម្រៅរ​បស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​លើកា​រប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ទាំង​ក្នុង​វិស័យ​សាធា​រណៈ​ និង​ឯកជ​នសំដៅធា​នានូ​វប្រសិទ្ធ​ភាព តម្លា​ភាព គណ​នេយ្យ​ភា​ពក្នុង​ការ​ប្រកប​ធុរ​កិច្ច និង​ផ្តល់​សេវា​សាធា​រណៈ​ក្នុង​គោល​ដៅ​លើក​ស្ទួយប​រិយា​កាស​វិនិ​យោគ​អំណោយ​ផល​ដល់ការ​ប្រកួត​ប្រជែង​ដោយស្មើ​ភាព និង​ការ​រីក​ចម្រើន​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​៕​