​ភ្នំពេញៈ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​នៃព្រះរា​ជា​ណាចក្រ​កម្ពុជា​និង​លោក អូ​ម ប៊ើ​ឡា ( Om Birla) ប្រធាន​រដ្ឋសភា​ឥណ្ឌា​បាន​ប្តេជ្ញា​ពង្រីក​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​ក្នុងជំនួប​នា​ថ្ងៃទី ​២២ ខែមេសា រវាង​លោក ហេង សំរិន និង​លោក អូ​ម ប៊ើ​ឡា ក្នុងឱកាស​លោក​មក​បំ​ពេញ​ទស្ស​កិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី ​២១ ​ដល់​ថ្ងៃទី​ ២៤ ខែមេសា​។

សេចក្តីប្រកាស​ព័ត៌មាន​រដ្ឋសភា​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​ ២២ ខែមេសា ថា​៖ «[​ប្រធានរដ្ឋសភា​ទាំងពីរ​] បាន​ប្តេជ្ញា​រួមគ្នា នៅក្នុង​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​អន្តរជាតិ​។ ប្រធានរដ្ឋសភា​កម្ពុជា ​និង​ឥណ្ឌា បាន​ប្តេជ្ញា​ផងដែរ ក្នុងការ​ជំរុញ​ដល់​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌​ប្រទេស​ទាំងពីរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ឡើង​»​។​

លោក ហេង សំរិន ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក អូ​ម ប៊ើ​ឡា​គឺជា​ការផ្តល់​កិត្តិយស និង​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការបន្ត​ពង្រឹងពង្រីក​ទំនាក់ ទំនង​ចំណងមិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ រវាង ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​ថែមទៀត​។

យោងតាម​សេចក្តីប្រកាស​នេះ លោក អូ​ម ប៊ើ​ឡា ថ្លែងថា​តាមរយៈ​ការជួប​ស​ន្ទ​រនា​ជា​ទៀងទាត់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​បានធ្វើ​ឲ្យ​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​កម្ពុជា​និង​ឥណ្ឌា​កាន់តែស៊ី​ជម្រៅ​។

លោក​ត្រូវបាន​ស្រង់​សម្ដី​ថា​៖ «​ប្រទេស​ឥណ្ឌា​បាន​ឲ្យ​តម្លៃ​ជាសំខាន់​ចំពោះ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​របស់​ឥណ្ឌា​នៅ​កម្ពុជា ដូចជា​វិស័យ​សុខាភិបាល កសិកម្ម និង​បច្ចេកវិទ្យា ដែល​គម្រោង​ទាំងអស់នោះ​បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​»​។​

លោក ហេង សំរិន ប្រា​ប់លោក អូ​ម ប៊ើ​ឡា​ថា ចាប់តាំងពី​នីតិកាល​ទី​ ១ មក រដ្ឋសភា​កម្ពុជា​បាន​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត​សភា​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ជាមួយ​បណ្តា​សភា​នានា នៅក្នុង​តំបន់ និង​សកលលោក ​ដើម្បី​រួមចំណែក​លើកកម្ពស់​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ នៅក្នុង​ក្របខណ្ឌ​តំបន់ និង​សកលលោក​។

លោក​បន្តថា រដ្ឋសភា​កម្ពុជា បាន​បង្កើត​ក្រុម​មិត្តភាព​សភា​កម្ពុជា​ជាមួយ​សភា​ជាង​ ១០០ ​ប្រទេស​នៅលើ​សកលលោក ដែល​ក្នុងនោះ​ក៏មាន​រដ្ឋសភា​ឥណ្ឌា​ផងដែរ ក្នុង​បំណង​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង មិត្តភាព និង​សហប្រតិបត្តិការ​ជា​លក្ខណៈ​ទ្វេភាគី ដើម្បី​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​

លោក ហេង សំរិន បាន​ឯកភាព​ទទួល​សំណើ​ការអញ្ជើញ​របស់លោក អូ​ម ប៊ើ​ឡា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​នាពេលខាងមុខ ដោយ​លោក អូ​ម ប៊ើ​ឡា​ចាត់ទុក​វត្តមាន​របស់លោក ហេង សំរិន​នៅ​ប្រទេស​ឥណ្ឌា​មាន​សារសំខាន់​ ដើម្បី​ចូលរួម​ក្នុង​វេទិកា​អាស៊ាន​-​ឥណ្ឌា​ផងដែរ និង​ក្នុងឱកាស​ប្រទេស​ទាំងពីរ​ប្រារព្ធ​ខួប​លើក​ទី ​៧០ នៃ​ចំណង​ការទូត និង​ចំពេល​ដែល​ឥណ្ឌា​ប្រារព្ធ​ខួប​លើក​ទី​ ៧៥ នៃ​ទិវា​ឯករាជ្យ​ជាតិ ក៏ដូចជា​ឱ​កា​សម្ពោធ​អគារ​រដ្ឋសភា​ថ្មី​ផងដែរ​។​

លោក​បានស្នើ​ភាគី​ឥណ្ឌា​ឱ្យ​បន្ត​គាំទ្រ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា និង​ជួយ​កិច្ចសហការ​ក្នុងការ​អភិរក្ស និង​ស្តារ​បេតិកភណ្ឌ វប្បធម៌ និង​ជំរុញ​ដល់​រដ្ឋាភិបាល​ឥណ្ឌា អនុវត្ត​ការស្តារ​បេតិកភណ្ឌ​ប្រាសាទបាយ័ន ព្រះវិហារ ដែល​ឥណ្ឌា​ជា​សហប្រធាន​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​សម្រាប់​ការអភិរក្ស និង​ការលើកតម្លៃ​ព្រះវិហារ (ICC-Preah Vihear)​។​

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី ​២៤ ខែមេសា ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​ឥណ្ឌា​ជា​ទំនាក់​ទំនង​ជា​ប្រពៃណី ដែល​ធ្លាប់មាន​ប្រវត្តិ​ជា​យូរអង្វែង​មកហើយ ជាពិសេស​គឺ​នៅក្រោយ​ឆ្នាំ ១៩៧៩ ឥណ្ឌា​ជា​ប្រទេស​តែមួយគត់​ដែល​ទទួលស្គាល់​រដ្ឋាភិបាល​នៃ​សាធារណៈ​ប្រជាមានិត​កម្ពុជា ដោយ​ផ្អែកលើ​គោលការណ៍​អធិបតេយ្យ​ឯករាជ្យ និង​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។​

​លោក​ថ្លែងថា​៖ «​ឥណ្ឌា​គឺ​តែង​ផ្តល់​យុត្តិធម៌​នៅក្នុង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា ដោយ​មិន​គិតពី​និន្នាការ​នយោបាយ មិន​គិតពី​មនោគមវិជ្ជា​នយោបាយ ហើយ​ឥណ្ឌា​នេះ​យើង​ឃើញថា ទំនាក់ទំនង​ល្អ កិច្ចសហប្រតិបត្តិការ​ល្អ [​ជាមួយ​កម្ពុជា​] ហើយ​ឥណ្ឌា​ក៏បាន​ជួយ​កម្ពុ​ជាច្រើន​ដែរ​ជាពិសេស​លើ​វិស័យ​វប្បធម៌ ការជួសជុល​ប្រាសាទ​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា​លើ​វិស័យ​ផ្សេងៗ​ច្រើន​ពាក់ព័ន្ធ​នឹង​រឿង​ប្រាសាទបុរាណ រឿង​វប្បធម៌ រឿង​អក្សរសាស្ត្រ​អី​ជាដើម​»៕