
ការបង្ក្រាបបទល្មើសនេសាទតាមទន្លេសាបក្នុងខេត្តសៀមរាបកាលពីថ្ងៃទី ៦ មេសា ។ រូបថត ប៉ូលិសខេត្តសៀមរាប
ភ្នំពេញៈលោកសៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានឱ្យដឹង ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទភ្លាមៗ កម្លាំងអាវុធហត្ថនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាបបានចាប់ផ្តើមធ្វើសកម្មភាព ហើយរយៈ ៥ ថ្ងៃក្រោយបង្កើតគណៈកម្មការនេះ កម្លាំងអាវុធហត្ថថ្នាក់ជាតិបានចុះទៅដល់គោលដៅដើម្បីធ្វើប្រតិបត្តិការជាមួយផ្នែកពាក់ព័ន្ធ។
លោក សៅ សុខា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី ២៤ ខែមេសាថា ក្នុងការចុះទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបនេះ កម្លាំងអាវុធហត្ថបានបែងចែកជា២ផ្នែក សម្រាប់ធ្វើប្រតិបត្តិការក្នុងនោះទី ១ គឺកម្លាំងអាវុធហត្ថនៅតាមខេត្តជុំវិញបឹងទន្លេសាបចូលរួមសហការជាមួយក្រុមការងារចម្រុះដែលដឹកនាំដោយអភិបាលនៃគណៈអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប។
ដោយឡែកកម្លាំងទី ២ គឺកម្លាំងថ្នាក់ជាតិបានចុះទៅឈរជើងប្រចាំការអន្តរាគមន៍ក្នុងការជួយដល់កម្លាំងអាវុធហត្ថខេត្តនៅជុំវិញបឹងទន្លេសាបនៅតំបន់ដែលខេត្តគ្មានមធ្យោបាយទៅដល់។ លោកថ្លែងថា៖ «កម្លាំងកងរាជអាវុធហត្ថគឺបានធ្វើកិច្ចការ ២ ហ្នឹងហើយចាប់ផ្តើមអនុវត្តពេលមានបទបញ្ជាដឹងភ្លាម បន្ទាប់មកក្នុងរង្វង់ ៥ ថ្ងៃ កម្លាំងថ្នាក់ជាតិយើងទៅដល់គោលដៅទាំងអស់គ្នា ហើយយើងកំពុងធ្វើប្រតិបត្តិការរាល់ថ្ងៃហើយបាទ» ។
កាលពីថ្ងៃទី ២០ ខែមេសា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដែលមានរដ្ឋមន្ត្រីក្រសួងកសិកម្មជាប្រធាននិងមានអនុប្រធាន៥រូបព្រមទាំងសមាជិកជាច្រើនរូបមកពីក្រសួងស្ថាប័នពាក់ព័ន្ធ។
តាមសេចក្តីសម្រេចនោះ បានឱ្យដឹងថា គណៈកម្មការអន្តរក្រសួងនេះ មានសមាសភាពចូលរួម ជាប្រធាន អនុប្រធាន និងសមាជិកប្រមាណជិត ២០ រូប។ក្នុងនោះមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាប្រធាន លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន។
ក្រៅពីនោះមានលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិអនុប្រធាន លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអនុប្រធាន, លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធាន ,លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធាន រួមនឹងសមាជិកជាច្រើនទៀតមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជិត ២០ រូប។
គណៈកម្មការនេះមានភារកិច្ចរៀបចំប្រតិបត្តិការចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទអង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទស្វែងរក និងចាប់ខ្លួនជនល្មើសរួមនឹងវត្ថុតាងនៃបទល្មើសនេសាទដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន។ ព្រមទាំងរៀបចំផែនការនិងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងសេចក្តីសម្រេចនោះ លោក ហ៊ុន សែន សរសេរថា៖ «ត្រួតពិនិត្យការអនុវត្តលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់គណៈបញ្ជាការឯកភាពខេត្តជុំវិញបឹងទន្លេសាប ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា គណៈកម្មការនេះអាចបង្កើតក្រុមការងារពិសេសតាមការចាំបាច់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយសេចក្តីសម្រេចរបស់ប្រធានគណៈកម្មការអន្តរក្រសួងនេះហើយគណៈកម្មការនេះមានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួនតាមការចាំបាច់។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គណៈកម្មការនេះក៏មានសិទ្ធិប្រើត្រារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការត្រូវប្រើប្រាស់ថវិការបស់ក្រសួងស្ថាប័នសាមីរៀងៗខ្លួននៅក្នុងការចុះបំពេញបេសកកម្មការងារ និងចាត់ចែងកិច្ចការផ្សេងៗរបស់គណៈកម្មការនេះ។
លោកបានគូសបញ្ជាក់ទៀតថា៖ «សេចក្តីសម្រេចលេខ ១២៨ សសរ ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៦ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបនិងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍» ។
យ៉ាងណាក្ដី ជុំវិញការចុះប្រតិបត្តិការស្កាត់និងបង្ក្រាបបទល្មើសនេសាទនេះ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជាប្រធាគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទផងដែរនោះ មិនអាចសុំការបញ្ជាក់បានទេ កាលពីទី ២៤ មេសា ។
លោក ប៊ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថ្លែងនៅថ្ងៃទី ២៤ ខែមេសាថា ការបង្ក្រាបបទល្មើសនៅបឹងទន្លេសាបនេះមានពាក់ព័ន្ធជាមួយស្ថាប័ននិងក្រសួងច្រើន ហេតុនេះការបង្កើតឲ្យមានគណៈកម្មការអន្តរក្រសួងគឺដើម្បីជំរុញការងារឲ្យមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «ការបង្កើតគណៈកម្មការនេះជាជំហានមួយល្អហើយ ប៉ុន្តែអ្វីដែលយើងចង់លើកទឹកចិត្តនោះគឺការបង្ក្រាបបទល្មើសនេសាទ ជាពិសេសគ្រប់គ្រងផ្ទៃបឹងនិងដីជុំវិញបឹងដែលជាជម្រកសត្វត្រី សត្វព្រៃកម្រផ្សេងៗ តម្រូវទៅតាមច្បាប់ដែលយើងមាន។ អ្វីដែលយើងចង់ឃើញនោះគឺបង្កើតអីក៏បានដែរ សំខាន់ឲ្យតែធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់» ៕