ភ្នំពេញៈ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ​លោក​ កឹម សុខា ​បានឱ្យដឹង​ថា ​រូបលោក ​និង​លោក ​Paul Grove ​ជាមន្ត្រី​ជាន់ខ្ពស់​នៃព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃទី ២៣ ​ ខែមេសា ​បានពិភាក្សា​អំពី​ដំណើរការ​សវនាការ​ករណី​នៃ​ការចោទ​ប្រកាន់​មក​លើ​លោក​ ពីបទ​ឃុបឃិត​ជាមួយ​អង្គការ ​ឬ​រដ្ឋ​បរទេស ​ដែល​ក្នុងនោះ​ក៏មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ការពិភាក្សា​នេះ ​នៅ​ក្រោយ​ពេលដែល​សហមេធាវី​របស់​លោក ​កឹម សុខា ​ គឹ​ លោក ​អាង ឧត្តម ​ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ ក្រោយពី​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី ២០ ​ខែមេសា ​ថា ​ក្រុម​សហមេធាវី​របស់​លោក ​គ្រោង​ដាក់ពាក្យ​ស្នើសុំ​ទៅ​បណ្តា​ប្រទេស​ដែល​ត្រូវបាន​ចោទ​ជាប់​ពាក់ព័ន្ធ​ សំណុំរឿង ​លោក​ កឹម សុខា ​នៅ​ចុងខែ​នេះ ​ឬ​ដើម​ខែក្រោយ ​យ៉ាងយូរ ​ដើម្បី​ឱ្យមក​ធ្វើ​ជាសាក្សី​បំភ្លឺ​ក្នុង​តុលាការ​បង្ហាញ​ការពិត។

លោក​ កឹម សុខា ​ថ្លែងថា​៖ «ក្នុង​ជំនួប​នេះ ​យើង​បានពិភាក្សា​គ្នា​លើ​បញ្ហា​ជាច្រើន ​ដូចជា​បញ្ហា​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​សហរដ្ឋអាមេរិក​ កន្លងមក ​បច្ចុប្បន្ន ​និង​ទៅ​អនាគត ​ក៏ដូចជា​បញ្ហា​តំបន់ ​និង​ក្នុង​ពិភពលោក​ផងដែរ។ ជាពិសេស​លោក​ Paul Grove ​បានសម្តែង​នូវ​កង្វល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស ​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​នៅ​កម្ពុជា ​និង​បានពិភាក្សា​អំពី​ដំណើរការ​សវនាការ​ករណី​នៃ​ការចោទ​ប្រកាន់​មកលើ​រូប​ខ្ញុំ​ពី​បទឃុបឃិត​ជាមួយ​អង្គការ ​ឬ​ រដ្ឋ​បរទេស ​ដែល​ក្នុងនោះ​មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ»។

លោក​បន្តថា ​លោក​ Paul Grove ​ដែល​គេដឹង​ថា ​ជាមន្ត្រី​ជំនាញ​ក្នុង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ ​(Appropriation commitee ) ​នៃ​ព្រឹទ្ធសភា​ សហរដ្ឋ​អាមេរិក ​ដ៏មាន​ឥទ្ធិពល ​ក្នុង​កិច្ចការ​គ្រប់គ្រង​ធនធាន​ថវិកា ​ក៏ដូចជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ​អញ្ជើញ​មក​កាន់​ប្រទេស​កម្ពុជា​ពេល​នេះ ​ពិត​ជា​មាន​សារៈ​សំខាន់។

បើ​តាម​លោក​កឹម សុខា ​លោក​ Paul Grove ​បានចាប់​អារម្មណ៍​ខ្លាំង​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ក៏ដូចជា​ក្នុង​តំបន់ ​ព្រោះ​លោក​ធ្លាប់​ធ្វើការងារ ​និង​មាន​បទពិសោធ​លើ​វិស័យ​នេះ ​ជាង​៣០ឆ្នាំ​មក​ហើយ ​ជាពិសេស​គាត់​ស្គាល់​កម្ពុជា ​និង​តំបន់​អាស៊ី​យ៉ាង​ច្បាស់។ ទំនាក់​ទំនង​ការទូត​ និង​កិច្ចសហ​ប្រតិបត្តិការ​របស់​លោក ​ជាមួយ​រដ្ឋបរទេស ​ជាពិសេស​ជាមួយ​សហរដ្ឋអាមេរិក ​តាំងពី​ឆ្នាំ ១៩៩៣ ​មក​ គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​រួម​របស់​ជាតិ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ លទ្ធិប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស ​និង​ការអភិវឌ្ឍ ​ខណៈ​ប្រទេស​ទាំងនោះ​ជាមិត្ត​របស់​កម្ពុជា។

ជាមួយ​គ្នានេះ ​លោក​ កឹម សុខា ​កាលពី​ថ្ងៃទី ២២ ​ខែមេសា​ ក៏បាន​ជួប​ពិភាក្សា​ជាមួយ​លោក ​ Jacques PELLET​ ឯកអគ្គរដ្ឋ​ទូត​នៃ​សាធារ​ណរដ្ឋ​បារាំង ​ប្រចាំ​កម្ពុជា ​គឺមួយ​ថ្ងៃ ​បន្ទាប់ពី​សវនាការ​លើក​ទី ៣៧ ​នៃ​ករណី​ក្តី​របស់​លោក​ផងដែរ។ ក្នុង​ជំនួប​នេះ ​លោក ​Jacques PELLET បានសួរ​លោក​ កឹម សុខា ​ភាគច្រើន​អំពី​ដំណើរការ​សវនាការ​ដែល​មាន​ការអូសបន្លាយ ​និង​ការចោទ​ប្រកាន់​លោក​ នោះ​ពាក់​ព័ន្ធ​ជាមួយ​អង្គការ​ និង​រដ្ឋបរទេស​ជាច្រើន ​ដោយ​ឮ​ថា ​មាន​ឈ្មោះ​សហភាព​អឺរ៉ុប​ផង​ ព្រោះ​ប្រទេស​បារាំង​ក៏ជា​សមាជិក​សហភាព​អឺរ៉ុប​ដែរ។

លោក​ កឹម សុខា ​ ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង ​ក៏ដូចជា​សហភាព​អឺរ៉ុប​ជាមិត្ត​ល្អ​របស់​កម្ពុជា​ ដែលបាន​ចូលរួម​យ៉ាង​សកម្ម​ជួយឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​២៣ ​តុលា ​១៩៩១ ​និង​បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ខែ្មរ​លើ​វិស័យ​នានា ​ជាពិសេស​នៅតែ​ជួយ​ និង​តាម​ឃ្លាំមើល​អំពី​បញ្ហា​សិទ្ធិមនុស្ស ​និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ក៏ដូចជា​បញ្ជូន​អ្នកការទូត​តាម​ដាន​សវនាការ​រឿងក្តី​ និង​អំពី​សិទ្ធិ​សេរីភាព​របស់​លោក ​ក្នុង​ពេល​នេះ​ផង​ដែរ។

លោក​ ចាន់ ចេន ​សហមេធាវី​របស់​លោក ​កឹម សុខា ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី ២៤​ ខែមេសា​ថា ​សហមេធាវី​បាននិង​កំពុង​ពិនិត្យ​លើ​ពាក្យ​របស់​ខ្លួន ​យកទៅ​បណ្តា​ប្រទេស​ដែល​ត្រូវបាន​ចោទ​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​លោក​ កឹម សុខា ​ ហើយ​ដាក់​ក្រោយពី​បញ្ចប់​កិច្ចការ​ខ្លួន។ ជាមួយ​គ្នា​នេះ ​ជំនួប​រវាង​លោក ​កឹម សុខា ​ជាមួយ​មន្ត្រី​ការទូត​បារាំង ​និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ វាជា​ការយក​ចិត្តទុក​ដាក់​របស់​ប្រទេស​ជាមិត្ត​ចំពោះ​កម្ពុជា ​ជុំវិញ​សិទ្ធិមនុស្ស ​ប្រជាធិបតេយ្យ ​ពិសេស​ករណី​លោក​កឹម សុខា។

លោក ​គិន ភា ​ប្រធាន​វិទ្យាស្ថាន​អន្តរជាតិ ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​និង​ជាអ្នក​តាមដាន​នយោបាយ​នៅ​កម្ពុជា ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី ២៤​ ខែមេសា​ថា ​ ចំពោះ​ជំនួប​រវាង​លោក ​កឹម សុខា ​ជាមួយ​មន្ត្រីការទូត​បារាំង ​និង​មន្ត្រីជាន់ខ្ពស់​ នៃ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ​នៅពេល​នេះ​ គ្មាន​អ្វី​ប្លែក​នោះ​ទេ ​ព្រោះ​កន្លង​មក​នេះ ​លោក ​កឹម សុខា ​ក៏បាន​ជួប​ជាមួយ​មន្ត្រីទូត ​និង​មន្ត្រី​បរទេស​ជាច្រើន​មក​ហើយ​ដែរ។

លោក​ថ្លែងថា​៖ «ជំនួប​នេះ ​វា​គ្រាន់តែ​ធ្វើឱ្យ​មាន​ភាពស៊ីគ្នា ​អ្វី​ដែល​ជាការសន្យា ​និង​ការលើក​ឡើង​របស់​តំណាង​ទូត​បរទេស​ ដែល​ជានិច្ចកាល​ គេ​ចាត់ទុក​ថា​តម្លៃ​ប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស ​និង​នីតិរដ្ឋ​ គឺជា​រឿង​សំខាន់។ ដូច្នេះ ​ អ្វី​ដែល​គេ​ធ្វើ​ហ្នឹង​ គឺ​គេ​រក្សា​នូវ​គោលជំហរ​មួយ​ពាក់ព័ន្ធ​នឹង​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ ទោះជា​យ៉ាងណា​ រឿង​ហ្នឹង​ វា​មិនមែន​ជាកម្លាំ​ជំរុញ​ធ្វើឱ្យ​តុលាការ​កម្ពុជា​ទៅមាន​ការពាក់ព័ន្ធ​នឹង​តំណាង​រដ្ឋ​បរទេស​ទេ»។

ទោះជា​យ៉ាងណា ​លោកថា​ អ្វី​ដែល​តុលាការ​ភ្នំពេញ​គួរធ្វើ​នៅ​ពេលនេះ ​គឺ​ពន្លឿន​នីតិវិធី​សំណុំរឿង​របស់​លោក​កឹម សុខា ​ទៅតាម​នីតិវិធី ​ ដើម្បី​បញ្ចប់​ទៅតាម​ពេល​វេលា​សម​ស្រប​ណាមួយ ​ចៀសវាង​ការអូស​បន្លាយ​ពេលវេលា​យូរទៅ ​វា​រុញឱ្យ​ក្លាយ​ទៅជា​អន្ទាក់​នយោបាយ​ផ្សេង​ទៀត៕