ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) ​បានទទួល​យកគំនិត​ផ្តួចផ្តើម​របស់លោក​ បន្ទាប់​ពី​លោក​បានស្នើ​សុំឱ្យ​ដំឡើង​ទំនាក់ទំនង​ទ្វេភាគី​ពី​ដៃគូ​យុទ្ធសាស្ត្រ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ជប៉ុន នៅពេល​ខាងមុខ​។

ការស្នើ​របស់លោក ហ៊ុន សែន ធ្វើឡើង ក្នុងជំនួប​រវាង​លោក និង​លោក​ គីស៊ីដា នា​ថ្ងៃទី ​២៣ ខែមេសា នៅ​ទីក្រុង​គូម៉ា​ម៉ូតូ​ប្រទេស​ជប៉ុន ក្នុងឱកាស​លោក​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីអំពី​បញ្ហា​ទឹក​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី​ ៤ ដែល​ធ្វើឡើង​រយៈពេល​ ២ ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​ ២៣-២៤ ខែមេសា​។

ហ្វេសប៊ុក លោក ហ៊ុន សែន​បញ្ជាក់ថា​៖ «​នៅក្នុង​ជំនួប​នោះ​ផងដែរ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​នេះ​ពី​ដៃគូ​យុទ្ធសាស្ត្រ ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​ជប៉ុន នៅពេល​ខាងមុខនេះ​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន គីស៊ីដា បានទទួល​យកគំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេជោ ក្នុងការ​ដំឡើង​ទំនាក់ទំនង​ទ្វេភាគី​នេះ​ផងដែរ​»​។

បើតាម​ហ្វេសប៊ុក​ដដែល​លោក គីស៊ីដា បញ្ជាក់ថា ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន មានការ​រីកចម្រើន​ឡើងជា​បន្តបន្ទាប់ ពិសេស​វិស័យ​សន្តិសុខ និង​លើ​វិស័យ​ការពារជាតិ​រួមជាមួយ​នឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៃ​កង​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​។

ថ្មីៗ​នេះ កម្ពុជា​បានអនុញ្ញាត​ឱ្យ​នាវា​ជើង​ទឹក​របស់​ជប៉ុន​ចូល​ចត​នៅ​កម្ពុជា ដោយ​លោក​ ហ៊ុន សែន ចាត់ទុក​សកម្មភាព​នេះ​ជាការ​រួមចំណែក​ជួយ​ពង្រឹង​ទំនាក់​ទំនង​លើ​វិស័យ​ការពារជាតិ​នៃ​ប្រទេស​ទាំង​ ២​។

លោក ហ៊ុន សែន សង្ឃឹមថា ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​កិច្ចសហការ​លើ​ប្រពន្ធ័​ស្រោចស្រព និង​ទឹកស្អាត​។ លោកនាយក​រដ្ឋមន្ត្រី​ប្រកាសថា កម្ពុជា​នឹង​បន្តធ្វើ​ការងារ​លើ​វិស័យ​ការពារជាតិ​ជាមួយ​ប្រទេស​ជប៉ុន​បន្ថែមទៀត សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​ហើយ​កម្ពុជា​នឹង​បន្ត​ស្វាគមន៍​នាវា​ជើង​ទឹក​ជប៉ុន​មក​ទស្សនកិច្ច និង​ចូល​ចត​នៅ​កំពង់ផែ​របស់​កម្ពុជា​។

ជំនួប​រវាង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជប៉ុន​ពីថ្ងៃ​ទី​ ២៣ ​មេសា​។ រូប SPM

ហ្វេសប៊ុក​លោក​ ហ៊ុន សែន​បញ្ជាក់ថា លោក​ គីស៊ីដា ​នៅតែ​បន្ត​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​បន្ត​គាំទ្រ​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន ដែល​បាន​ជំរុញ​លើ​ការដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ហើយ​លោក​ គីស៊ីដា ក៏​នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ​ និង​បញ្ហា​វិបត្តិ​នៅ​អ៊ុយក្រែន​ផងដែរ​។ ហ្វេសប៊ុក​លោក​ ហ៊ុន សែន ​បន្តថា ក្រោយពី​ជំនួប​ទ្វេភាគី លោក ហ៊ុន សែន និង​លោក គីស៊ីដា បាន​ធ្វើជា​សាក្សី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​កម្ពុជា​ និង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ និង​ទេសចរណ៍​ជប៉ុន​។

ពិធី​នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា​ជាមួយ​លោក សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្ត្រីក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​បានឱ្យដឹង​នា​ថ្ងៃទី​ ២៤ ខែមេសា​ថា លោក​ គីស៊ីដា បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ និង​អន្តរជាតិ​។

តាម​ការអញ្ជើញ​របស់​លោក ហ៊ុន សែន លោក គីស៊ីដា បាន​ឆ្លើយតប​ជា​វិជ្ជមាន​ថា នឹង​ទន្ទឹងរង់ចាំ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​កម្ពុជា​នៅ​ចុង​ឆ្នាំនេះ​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៤ ខែមេសា ថា កម្ពុជា​ និង​ជប៉ុន​គឺជា​ប្រទេស​ជា​មិត្ត​ដ៏ល្អ​ និង​យូរអង្វែង​មួយ​ក្នុង​រយៈពេល​ជាង ៧ ​ទសវត្សរ៍​មកនេះ​។

ជប៉ុន​ក្នុងនាម​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​បាន​ជួយ​កម្ពុជា​ក្នុង​ការកសាង​សន្តិភាព និង​ស្ថិរភាព​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ មក​។

លោក​បាន​ថ្លែងថា​៖ «​នេះ​គឺជា​សមិទ្ធផល​ថ្មី​ចំពោះ​មិត្តភាព​កម្ពុជា ជប៉ុន​ក្នុង​ការដំឡើង​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នាពេល​អនាគត ដែល​កម្ពុជា និង​ជប៉ុន​នឹង​បន្ត​ពង្រឹង​ចំណងមិត្តភាព ជំរុញ​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​ឆាក​អន្តរជាតិ​ក្នុងការ​លើកស្ទួយ​សន្តិភាព​ពិភពលោក និង​ការអភិវឌ្ឍ និង​ចូលរួម​ជាមួយគ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩»​។

លោក ម៉េងដាវិត បាន​បន្តថា កម្ពុជា និង​ជប៉ុន​នឹង​នៅតែ​បន្ត​ធ្វើការ​ជាមួយគ្នា​ដោយ​ផ្តោត​សំខាន់​លើ​ប្រជាជន​ជា​ស្នូល និង​ការបង្កើត​សង្គម​កម្ពុជា​ដែលមាន​ការអភិវឌ្ឍ​ខ្ពស់ និង​ស៊ីវិល័យ​ក្នុង​ការជំរុញ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​មាន​កម្រិត​ជីវភាព​ខ្ពស់​ក្នុង​ឆ្នាំ ២០៥០​។

លោក ម៉េងដាវិត បាន​ថ្លែងថា​៖ «​កម្ពុជា​ត្រូវការ​មិត្ត​ជប៉ុន ក៏ដូចជា​បណ្តា​ប្រទេស​ដទៃ​ក្នុង​ការជួយ​កម្ពុជា​អភិវឌ្ឍ​ជាតិ ក៏ដូចជា​ដំណើរ​ការជួយ​ស្តារ​សន្តិភាព​ពិភពលោក​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន​»៕

វីដេអូ៖