
ទំនប់ដែលបានសាងសង់រួច។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
កំពងចាមៈ ទំនប់ទ្វារទឹកលើស្ទឹងឆ្វេង ២ កន្លែងដែលស្ថិតនៅចំណុចប្រសព្វនៃស្រុកចំនួន ៣ គឺ ស្រុកជើងព្រៃ ស្រុកកងមាស និងស្រុកបាធាយនឹងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណជាង ២ ០០០ គ្រួសារ ដែលធ្វើកសិកម្មដាំដុះស្រូវប្រាំង និងស្រូវវស្សាលើផ្ទៃដីប្រមាណជាង ១ ពាន់ហិកតា។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានដឹកនាំអភិបាលរងខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស រួមនឹងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹក ស្ទឹងឆ្វេង ដែលស្ថិតនៅចំណុចប្រសព្វនៃស្រុកទាំង ៣ នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ នេះ។
ការសាងសង់ទំនប់បង្ហៀរទឹកនេះ គឺមានផលប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះដូចជា នៅពេលដែលទឹកស្រកផុតទៅ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតំបន់អាចធ្វើដំណើរឆ្លងស្ទឹង ឬដឹកកសិផលឆ្លងកាត់ដោយមិនចាំបាច់ប្រើទូកចម្លង ឬធ្វើស្ពានឆ្លងឡើយ។ ម្យ៉ាងទៀតទំនប់បង្ហៀរនេះមានទ្វារបិទ បើក សម្រាប់ទប់ទឹក និងបង្ហូរទឹកចេញ ដែលប្រការនេះ ធ្វើឱ្យប្រជាពលរដ្ឋដែលនៅក្នុងស្រុកជើងព្រៃ ស្រុកកងមាស និងស្រុកបាធាយ អាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសសម្រាប់ស្រោចដំណាំនឹងធ្វើស្រូវប្រាំងជាដើម។
រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា ប្រជាកសិករទទួលផលពីសំណង់ធារាសាស្ត្រនេះ រួមមានស្រុកបាធាយ មានឃុំច្បារអំពៅ មានផ្ទៃដី ស្រូវវស្សា ៧០ ហិកតា និងស្រូវប្រាំង ៥០៧ ហិកតា ស្មើ ៨១៤ គ្រួសារ ស្រុកជើងព្រៃ មាន ៣ ឃុំ គឺឃុំផ្តៅជុំ ឃុំសូទិព្វ និង ឃុំព្រៃចារ មានផ្ទៃស្រូវប្រាំង ១៦០៨ ហិកតា ស្មើ ៨៨៥ គ្រួសារ និងស្រុកកងមាស ឃុំព្រែកកុយ ស្រូវប្រាំង ១១០ ហិកតា ស្មើ ៤៦០ គ្រួសារ។
រដ្ឋបាលខេត្តនេះឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០២១ កន្លងទៅ តំបន់ខាងលើមានការចម្រូងចម្រាសខ្វែងគំនិតគ្នាពីសំណាក់ប្រជាពលរដ្ឋនៅសងខាងស្ទឹងដោយកាលនោះមានមតិខ្លះមិនឱ្យទប់ទំនប់រក្សាទឹក និងមតិខ្លះទៀតចង់ទប់ទំនប់រក្សាទឹក។ រហូតដល់អភិបាលខេត្តកំពង់ចាមបានដឹកនាំមន្ត្រីជំនាញ ចុះមកពិនិត្យសិក្សាដោយផ្ទាល់ទើបរៀបចំផែនការ ដើម្បីសាងសង់ទំនប់បង្ហៀរនេះឡើង ក្នុងគោលបំណងដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋ និងជួយដោះស្រាយប្រជាពលរដ្ឋចំនួន ៣ ស្រុកឱ្យមានប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវប្រាំងជាដើម។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមេសាថា ទំនប់បង្ហៀរទឹកនេះមាន ២ កន្លែង ក្នុងនោះ សំណង់បង្អៀរ (ទ្វារ ២) ទី ១ ប្រវែង ១០០ ម៉ែត្រ និង សំណង់បង្អៀរ (ទ្វារ ២) ទី ២ មានប្រវែង ២០០ ម៉ែត្រ ទទឹង មានប្រវែង ៥,៦០ ម៉ែត្រ។ លោកបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៤ ខែមេសានេះ សំណង់បង្អៀរ (ទ្វារ ២) ទី ១ សាងសង់បាន ៩០% ហើយ ដែលចាប់ផ្ដើមសាងសង់ នៅក្នុងខែមីនា ឆ្នាំ២០២២។ ដោយឡែក សំណង់បង្អៀរ (ទ្វារ ២) ទី ២ ទើបដំណើរការសាងសង់ បាន ១០%។ លោកថា៖ «ជារួមយើងនឹងធ្វើឱ្យរួចរាល់នៅមុនរដូវទឹកទន្លេមេគង្គឡើង បើទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ»៕