ភ្នំពេញៈ នាយករដ្ឋមន្ត្រី​ឡាវ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) ស្នើ​សុំឱ្យ​សាងសង់​ស្ពាន​តភ្ជាប់​រវាង​កម្ពុជា និង​ឡាវ ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​កាន់តែ​ជិតស្និទ្ធ​នឹង​គ្នា ខណៈ​លោក​គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ ២ ​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ខេត្ត និង​ខេត្ត និង​ព្រំប្រទល់​ជាមួយ​កម្ពុជា​។

ការស្នើ​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​កូម៉ាម៉ូតូ​ប្រទេស​ជប៉ុន​នា​ថ្ងៃទី​ ២៣ ខែមេសា នៅមុន​កិច្ចប្រជុំ​កំពូល​ស្ដីអំពី​បញ្ហា​ទឹក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​លើក​ទី​ ៤ ដែល​ធ្វើឡើង​រយៈពេល​ ២ ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​ ២៣-២៤ ខែមេសា​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់ ថា លោក វីផាវ៉ាន់ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​ចំប៉ាសាក់ និង​ចំប៉ាលើ ប្រទេស​ឡាវ ដែល​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ខេត្ត​ និង​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាមួយ​កម្ពុជា ដើម្បី​បញ្ជាក់​ពី​គោលនយោបាយ​របស់​ប្រទេស​ទាំង​ ២ ក្នុងការ​ជំរុញ​ការលើកកម្ពស់ និង​បម្រើ​ផលប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​ក៏បាន​ស្នើ​សុំឱ្យ​មានការ​សាងសង់​ស្ពាន​តភ្ជាប់​រវាង​ប្រទេស​ទាំង​ ២ ​ផងដែរ ដើម្បីឱ្យ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​កាន់តែ​ជិតស្និទ្ធ​នឹង​គ្នា​ ក៏ប៉ុន្តែ​ទាក់ទង​នឹង​ការសាងសង់​ស្ពាន​នេះ ឯកឧត្តម​រង់ចាំ​ការពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ឡាវ​សិន​»​។

ទាក់ទង​ទៅនឹង​គម្រោង​នៃ​ការកសាង​ស្ពាន​នេះ លោក ហ៊ុន សែន ថ្លែងថា វា​ជា​រឿង​ដ៏ល្អ​បំផុត សម្រាប់​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​។

ជាមួយ​គ្នានេះ​ផងដែរ លោក វីផាវ៉ាន់ ក៏បាន​ស្នើឱ្យ​មាន​ការផ្លាស់ប្ដូរ​ទស្សនកិច្ច មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំង​ ២ ​ហើយ​ក្នុងនោះ​លោក​ក៏បាន​អញ្ជើញលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​នាពេល​ខាងមុខ​ផងដែរ​។

យោងតាម​ហ្វេសប៊ុក​ដដែល លោក ហ៊ុន សែន បាន​ឯកភាព​ចំពោះ​ការ​អញ្ជើញលោក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ដោយ​លោក​លើកឡើងថា គឺជា​រឿង​ដ៏ល្អ​ណាស់ និង​ពិត​ជាមាន​សារៈសំខាន់​ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

លោក វីផាវ៉ាន់ បាន​ប្ដេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​សេចក្តីសម្រេច ដែល​បាន​ឯកភាពគ្នា​នាពេល​កន្លងមក ជាពិសេស​ការបញ្ចប់​នូវ​ឯកសារ​មេ​ពាក់ព័ន្ធ​ទៅនឹង​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ខណៈ​លោក​បានប្រកាស​ស្វាគមន៍ ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នាពេល​ខាងមុខ​ទៅកាន់​ប្រទេស​ឡាវ​។

លោក​បានស្នើសុំ​ឱ្យ​កម្ពុជា​បន្ត​ផ្លាស់ប្ដូរ​មតិយោបល់​គ្នា​ទៅវិញ​ទៅមក និង​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែមិថុនា​ខាងមុខ​។

លោក ហ៊ុន សែន បានបង្ហាញ​មោទនភាព​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ​ដោយ​លោក​ថ្លែងថា លទ្ធផល​ដែល​ប្រទេស​ទាំង​ ២ សម្រេចបាន​កន្លងមក​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។

លោក វីផាវ៉ាន់ បាន​អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ និង​បាន​ដើរតួនាទី​ «​យ៉ាងសកម្ម​» ក្នុងការ​ដឹកនាំ​អាស៊ាន​កន្លងទៅ​។

នៅក្នុង​ជំនួប​ជាមួយ​លោក បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូត​ថ្មី​ឡាវ​ប្រចាំ​កម្ពុជា​នា​ថ្ងៃទី​ ២២ ខែមេសា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​បាន​លើក​ទឹកចិត្ត​ឱ្យ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន (JBC) នៃ​ប្រទេស​ទាំង​ ២ ពន្លឿន​ការចរចា​ដើម្បី​ដោះស្រាយ​ខ្សែ​ព្រំដែន​ពុំទាន់​មាន​ខណ្ឌសីមា​ដែល​នៅ​សេសសល់​ចំនួន ១៤ ​ភាគរយ តាម​ការឯកភាព​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ២ កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ លោក​បាន​លើក​ទឹកចិត្ត​ឱ្យ JBC ទាំង​ ២​ ពិភាក្សា​លើ​សេចក្តីព្រាង​សន្ធិសញ្ញា​កំណត់ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ចំពោះ​ខ្សែបន្ទាត់​ព្រំដែន​ដែល​បាន​ឯកភាពគ្នា​រួចហើយ​ចំនួន ៨៦​ ភាគរយ​។

លោក​ ហេង គីម​គង់ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២៤ ខែមេសា​ថា វា​ជា​រឿង​សំខាន់​ណាស់ ដែល​ឡាវ និង​កម្ពុជា​ចាំបាច់​ត្រូវ​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។ លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​ប្រទេសជិតខាង​ប្រទេស​ទាំង​ ២ ​ត្រូវការ​គ្នា​ទៅវិញ​ទៅមក ហើយ​គួរតែ​ស្វែងរក​វិធីសាស្ត្រ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នៅ​គ្រប់​កម្រិត​»៕

វីដេអូ៖