ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានរៀបចំ «​យុទ្ធសាស្ត្រ​ប្រាស្រ័យ​ទាក់ទង ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​សម្រាប់​លើកកម្ពស់​អាហារូបត្ថម្ភ​មាតា ទារក និង​កុមារ​តូច​នៅ​កម្ពុជា​»​ ដើម្បី​ឈានទៅដល់​ការសម្រេចបាន​នូវ​គោលដៅ​កាត់បន្ថយ​អត្រា​ក្រិសក្រិន​ឱ្យ​បាន​ ១៩% និង​បង្កើន​អត្រា​ការ​បំបៅ​ដោះ​កូន​តែ​ ១ ​មុខ​គត់ ចាប់ពី​កើត​ដល់​អាយុ​ ៦ ​ខែ​ឱ្យបាន ៨៥% នៅត្រឹម​ឆ្នាំ​ ២០៣០​។

យោងតាម​អង្គការ​ហេលេន ខេល័រ ​(Helen Keller) បានឱ្យដឹង​កាលពី​សប្តាហ៍​មុន​ថា ប្រទេស​កម្ពុជា​បានទទួល​ជោគជ័យ​នៅក្នុង​ការកាត់បន្ថយ​អត្រា​ក្រិសក្រិន​ពី​ ៥០% នៅ​ឆ្នាំ​ ២០០០ មក​ត្រឹម ៣២% នៅ​ឆ្នាំ​ ២០១៤ និង​បានធ្វើឱ្យ​ប្រសើរ​ទ្បើង នូវ​ស្ថានភាព​សុខភាព​ និង​អាហារូបត្ថម្ភ​មាតា ទារក និង​កុមារ​តូច​នា​ទសវត្សរ៍​ចុងក្រោយ​នេះ​។

ទោះជា​យ៉ាងណា​ក៏ដោយ អត្រា​ក្រិសក្រិន​នៅតែមាន​កម្រិត​ខ្ពស់ (៣២%) បើ​ធៀប​នឹង​កម្រិត​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ អង្គការ Helen Keller បាន​បញ្ជាក់ថា​៖ «​អត្រា​ក្រិសក្រិន​ខ្ពស់​នេះ គឺជា​កត្តា​គំរាមកំហែង​ និង​រាំងស្ទះ​ដល់​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ធនធាន​មនុស្ស និង​ការបន្ត​កំណើន​របស់​ប្រទេស​នេះ​ផងដែរ​។ ការដោះស្រាយ​បញ្ហា​ក្រិស​ក្រិន​មាន​សារៈសំខាន់ និង​ចាំបាច់​ដើម្បីឱ្យ​កម្ពុជា អាច​សម្រេច​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់ខ្លួន​ត្រឹម​ឆ្នាំ​ ២០៣០»​។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​លោកស្រី​ ប្រាក់ សោភ័ណនារី បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី ​២២ ខែមេសា ថា ក្រសួង​សុខាភិបាល សហការ​ជាមួយ​អង្គការ​ដៃគូ​នានា ដូចជា Helen Keller, UNICEF, World Bank, WHO, Alive and Thrive និង​អង្គការ​មួយចំនួន​ទៀត បានរៀបចំ​បង្កើន​នូវ​ឯកសារ​ដ៏សំខាន់​មួយ​គឺ​យុទ្ធសាស្ត្រ​ប្រាស្រ័យ​ទាក់ទង ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​សម្រាប់​លើកកម្ពស់​អាហារូបត្ថម្ភ​មាតា ទារក និង​កុមារ​តូច​នៅ​កម្ពុជា​ដែល​នឹង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នៅពេល​ឆាប់ៗ​ខាង​មុននេះ​។

លោកស្រី​បន្ថែមថា យុទ្ធនាការ​នេះ​នឹង​បង្កើតជា​ការធ្វើ​ពាណិជ្ជកម្ម ផ្ទាំង​រូបភាព ខិត្តប័ណ្ណ​និង​តាមរយៈ​រូបភាព​ជាច្រើន​ផ្សេងៗ​ទៀត ហើយក៏​មានការ​ធ្វើជា​យុទ្ធនាការ នៅតាម​តំបន់​គោលដៅ​សំខាន់ៗ ក្នុង​ខេត្ត​ចំនួន​ ៧​ ផងដែរ​។ ខេត្ត​ទាំងនោះ​រួមមាន ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ឆ្នាំង និង​ខេត្ត​កោះកុង​ហើយ​ក្រសួង​ក៏​នឹងធ្វើ​យុទ្ធនាការ​នេះ​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត​ផងដែរ ក្រោម​ការឧបត្ថម្ភ​ពី​អង្គការ​ដៃគូ​។

លោកស្រី ប្រាក់ សោភ័ណនារី មានប្រសាសន៍ថា ៖ «​ខេត្ត​ ៧ ​ដែល​យើង​យកមក​ធ្វើជា​គោលដៅ​សម្រាប់​គម្រោង​អាហារូបត្ថម្ភ​នៅ​កម្ពុជា​នេះ​ ដោយសារ​យើង​ពិនិត្យ​លទ្ធផល​នៃ​ការអង្កេត​ឃើញថា ខេត្ត​ទាំងនេះ​មាន​អត្រា​នៃ​កង្វះ​អាហារូបត្ថម្ភ​ខ្ពស់​ជាងគេ បើ​ធៀប​ជាមួយនឹង​ខេត្ត​ផ្សេងៗ​ទៀត ហើយក៏​ជា​ខេត្ត​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​រប៉ាត់រប៉ាយ និង​ជា​តំបន់​ដែលមាន​ជនជាតិ​ភាគតិច​រស់នៅ​ច្រើន​ផងដែរ​»​។

យុទ្ធសាស្ត្រ​ប្រាស្រ័យ​ទាក់ទង​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​សម្រាប់​លើកកម្ពស់​អាហារូបត្ថម្ភ​មាតា​ទារក​ និង​កុមារ​តូច​នេះ ផ្តោតលើ​អាទិភាព​ចំនួន​ ៤ ​ចំណុច ដែល​ផ្តល់​សារ:សំខាន់​លើ​ឱកាស​មាស ១ ០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត ដែល​ក្នុងនោះ​មាន​អាហារូបត្ថម្ភ​សម្រាប់​មាតា ផ្តោតលើ​ការបរិភោគ​អាហារ​ចម្រុះ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ ការផ្ដល់​អាហារ​បន្ថែម និង​ការតាមដាន​លើកកម្ពស់​ការលូតលាស់ និង​ការអភិវឌ្ឍ​ទារក​ និង​កុមារ​តូច​។

ទន្ទឹមនឹង​នេះដែរ លោក ហ៊ូ ក្រើន នាយរង​អង្គការ Helen Keller បានលើកឡើង​ឱ្យដឹង​ដែរ​ថា ក្នុងនាម​ជា​ដៃគូ​ផ្នែក​អាហារូបត្ថម្ភ​របស់​ក្រសួង​សុខាភិបាល លោក​មានការ​គាំទ្រ​ទាំងស្រុង​នូវ​យុទ្ធសាស្ត្រ​ថ្មី​នេះ ដែល​យុទ្ធសាស្ត្រ​ថ្មី​នេះ​បានរៀបចំ​ឡើង​ដោយបាន​គិតគូរ​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ លើ​ការ​ប្រែក្លាយ​ពី​ចំណេះដឹង ទៅជា​ការអនុវត្ត​ផ្លាស់ប្តូរ​ឥរិយាបថ​ជាក់ស្តែង លើ​អាហារូបត្ថម្ភ​របស់​មាតា ទារក និង​កុមារ​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សង្ឃឹមថា យុទ្ធសាស្ត្រ​ថ្មី​នឹង​ជួយ​ជំរុញ​នូវ​ការលើកកម្ពស់​ស្ថានភាព​អាហារូបត្ថម្ភ​មាតា ទារក​ និង​កុមារ​ឱ្យ​កាន់តែ​ប្រសើរឡើង នៅពេល​ខាងមុខ ប្រសិនបើ​យុទ្ធសាស្ត្រ​នេះ ត្រូវ​បាន​ពង្រឹង​ក្នុងការ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នោះ​»​។

បើតាម​លោក ហ៊ូ ក្រើន ការសិក្សា​តាមបែប​វិទ្យាសាស្ត្រ​បាន​រកឃើញថា ទំនាក់ទំនង​ ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ​តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​បុគ្គល និង​សង្គម​គឺមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការលើកកម្ពស់​ការ​អនុវត្ត និង​ការផ្លាស់ប្ដូរ​ទម្លាប់​ចិញ្ចឹម​ទារក ​និង​កុមារ​តូច ក៏ដូចជា​ស្ថានភាព​អាហារូបត្ថម្ភ និង​ឥរិយាបថ​សុខភាព​ដទៃទៀត​ដែរ​៕