ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ និង​ប្រកាស​ជាថ្មីទៀត ដោយ​តម្រូវឱ្យ​កម្មករ​-​កម្មការិនី និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ត្រូវតែ​បាន​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ ដូស​ជំរុញ ដែលជា​ដូស​ទី​ ៣ ជា​ចាំបាច់ ដើម្បី​ឈានឆ្ពោះ​ទៅដល់​ការបន្ធូរបន្ថយ​ទាំងស្រុង ឬ​ ១ ​ផ្នែក​ធំ​នៃ​វិធានការ​សុខាភិបាល​សម្រាប់​ការពារ​ការឆ្លង​នូវ​ជំងឺ​កូវីដ​ ១៩​។

តាមរយៈ​សារ​សំឡេង​ពិសេស​នៅ​ថ្ងៃទី​ ២៤ មេសា​លោក​ ហ៊ុន សែន ក៏បាន​ស្នើឱ្យ​លោកស្រី​ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ.វ.ក​-១៩) ដោយ​សហការ​ជាមួយ​គ្រប់​កម្លាំង​ទាំងអស់​បើក​យុទ្ធនាការ​ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​កម្មករ កម្មការិនី​នៅ​គ្រប់​រាជធានី​ខេត្ត​ដែលមាន​រោងចក្រ​សហគ្រាស កម្មករសំណង់ កម្មករ​ក្រៅ​ប្រព័ន្ធ និង​អ្នករកស៊ី​ដែល​ងាយ​រង​នូវ​ហានិភ័យ​។

លោក​មានប្រសាសន៍​ថា៖ «​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ពួកគាត់​មាន​ដូស​ទី​ ៣ ហើយ​ប្រសិនបើ​ពួកគាត់​ទទួលបាន​ដូស​ទី​ ៤​ ក៏​កាន់តែ​ប្រសើរ​។ ប៉ុន្តែ​អ្វី​ដែលជា​សំណូមពរ​របស់ខ្ញុំ​ដែល​ទាប​បំផុត​គឺ​ចាក់​ដូស​ទី​ ៣ ហើយ​ដូស​ទី​ ៣​ នេះ​យើង​នៅសល់​មនុស្ស​ប្រមាណ​ជាង​ ៦ ​លាន​នាក់​ទៀត ដែល​ត្រូវ​ចាក់ ដោយសារ​មកដល់ពេលនេះ យើង​ចាក់​បាន​រហូតដល់​ជាង​ ៨​ លាន​នាក់​ហើយ​»​។

លោក​បន្តថា ការធ្វើ​បែបនេះ​គឺ​ដើម្បី​ពង្រឹង​ភាពស៊ាំ​សហគមន៍ និង​ដើម្បី​ងាយស្រួល​ដល់​ការបើក​ទាំងស្រុង​ហើយដោយ​គ្មាន​ការ​ត្រឡប់ក្រោយ​វិញ​ឡើយ ដោយ​ត្រូវ​រៀន​រស់​ជាមួយនឹង​កូវីដ​ ១៩​។ ជាមួយគ្នានេះ លោក​បញ្ជាក់ថា ភាពស៊ាំ​សហគមន៍​បាន​នាំទៅដល់​ការឆ្លង​កូវីដ​ ១៩ មាន​ចំនួន​តិចតួច​ចាប់តាំងពី​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ រហូត​មកដល់​ពេលនេះ ដោយ​ពុំមាន​សញ្ញា​ណាមួយ បង្ហាញ​ពី​ការឆ្លង​រីករាលដាល​នោះទេ​។

ក្រសួង​សុខាភិបាល​ដាក់ចេញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ដូស​ជំរុញ បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​មក ដោយ​ចំនួន​អ្នក​មក​ទទួល​ការចាក់​វ៉ាក់សាំង​បាន​កើនឡើង​ចន្លោះ​ពី​ ៣ ​ទៅ​ ៤​ ឬ​ ៥​ ដង​ក្នុង ​១​ ថ្ងៃ​ដែល​គោលដៅ​ ៣ ​ធំៗ​ដំបូង​ដែល​បានចាប់ផ្តើម​មាននៅ​តាម​រោងចក្រ ទីប្រជុំជន (​ផ្សារ​) និង​សាលារៀន​។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ដូស​ជំរុញ​នេះ​បាន​ផ្តោតទៅលើ​គោលដៅ​ធំៗ​ដូចជា កម្មករ​-​កម្មការិនី នៅតាម​រោងចក្រ ពលរដ្ឋ​នៅតាម​ទីប្រជុំជន ទីផ្សារ​ធំៗ និង​តាម​សាលារៀន​។ ដោយសារ​ចំនួន​សិស្សានុសិស្ស​ដែល​គាត់​បានមក​ចាក់​វ៉ាក់សាំង​នេះ ជាពិសេស​ពី​ក្រុម​អាយុ​ពី​ ៦ ​ឆ្នាំ​ដល់​ក្រោម ១២ ​ឆ្នាំនេះ គឺ​នៅ​ទាប ទើបបានជា​ក្រសួង​ផ្តោត​យកចិត្ត​ទុកដាក់​ទៅលើ​ក្រុម​ទាំងនោះ​។ លោកស្រី​ថ្លែងថា៖ «​ក្រោយពី​យើង​ចាប់ផ្តើម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ធ្វើ​យុទ្ធនាការ​ដោយ​ប្រើប្រាស់​កម្លាំង​គ្រូពេទ្យ​កងទ័ព កម្លាំង​យុវជន​ស្ម័គ្រចិត្ត ដែល​កំពុងតែ​ប្រតិបត្តិការ​នៅតាម​បណ្តា​ខេត្ត​ដែល​យើង​បាន​បញ្ជូន​ទៅនេះ​យើង​ឃើញថា អ្នក​ដែល​មក​ទទួលយក​ការចាក់​វ៉ាក់សាំង​នេះ មាន​ការកើនឡើង​ច្រើន​មែនទែន​»​។ បើតាម​លោកស្រី ឱ វណ្ណឌីន មុន​ពេលធ្វើ​យុទ្ធនាការ​នេះ​ជា​មធ្យម​មួយថ្ងៃ​មាន​មនុស្ស​ចំនួន​ប្រមាណ​ពី ៥ ០០០ ទៅ ៧ ០០០ នាក់​មក​ទទួល​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ (​ទី ​៣ ​និង​ទី​ ៤)​ ប៉ុន្តែ​ក្រោយពី​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​នេះ ចំនួន​បាន​ហក់​ឡើង​ខុសគ្នា ៣ ​ទៅ​ ៤​ ដង ឬ​ថ្ងៃ​ខ្លះ រហូតដល់​ ៥ ​ដង​។

លោកស្រី​បញ្ជាក់ថា៖ «​ដូចនេះ វា​ឡើង​ពី​មធ្យម​ចំនួន​ ៥ ០០០ ​នាក់​ក្នុង​ ១ ​ថ្ងៃ ទៅជិត​ ២ ​ម៉ឺន​នាក់​ ឬ​ថ្ងៃ​ខ្លះ​លើសពី ២ ​ម៉ឺន​នាក់​ក្នុង​ ១​ ថ្ងៃ​។ នេះ​គឺជា​ចំនួន​មួយ​ដែល​វា​មានការ​ស្ទុះ​ឡើង​ខ្លាំង ហើយ​ខ្ញុំ​រំពឹងទុក​ថា បើ​យើង​សម្រុក​ធ្វើជា​បន្តទៀត​រហូតដល់​ដំណាច់ខែ​នេះ យើង​នឹង​អាច​ផ្តល់នូវ​វ៉ាក់សាំង​នេះ​ដល់​បងប្អូន​យើង​បាន​មួយចំនួនធំ​ទៀត​»​។

លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា ការចាក់​វ៉ាក់សាំង​កូវីដ-១៩ បានធ្វើ​ដំណើរ​រឹតតែ​ខ្លាំង​ជាង​មុន​ទៀត​ជាពិសេស​យុទ្ធនាការ​ចាក់​ដូស​ជំរុញ​។ លោកស្រី​ថ្លែងថា​៖ «​ក្នុងនាម​អង្គការ​សុខភាព​ពិភពលោក យើង​សង្ឃឹមថា យើង​នឹង​មានឱកាស​ក្នុងការ​រៀនសូត្រ​ពី​គំរូ​ (Model)​ បែបបទ​ជោគជ័យ ដែល​ប្រទេស​កម្ពុជា​អាច​បង្ហាញ​ទៅដល់​ពិភពលោក ថ្នាក់​តំបន់​... ក្នុង​របៀប​ថា តើ​ធានា​យ៉ាងម៉េច​ និង​ត្រូវធ្វើ​យ៉ាងណា ដើម្បីឱ្យ​ការគ្រប់គ្រង​ប្រកប​ដោយ​និរន្តរភាព ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ហើយ​យើង​ដឹងថា ប្រទេស​កម្ពុជា​មាន​បទពិសោធ​ច្រើន​ក្នុងការ​ចែករំលែក​ទៅក្នុង​ថ្នាក់​តំបន់​ក៏ដូចជា​សកលលោក​»​។

កាលពី​នៅ​ថ្ងៃទី​ ២៤ ខែមេសា វ៉ាក់សាំង​កូវីដ​ ១៩ ប្រភេទ AstraZeneca ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន អ៊ីតាលី​ចំនួន​ជាង​ ១​ លាន​ដូស​ត្រូវបាន​ដឹក​មកដល់​កម្ពុជា ហើយ​ពិធី​ប្រគល់ និង​ទទួល​ជា​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៥ ខែមេសា ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕