ភ្នំពេញៈ នៅ​ចំពោះមុខ​មេដឹកនាំ​ក្នុង​តំបន់​នា​កិច្ចប្រជុំ​កំពូល​លើក​ទី ​៤ ស្តីពី​បញ្ហា​ទឹក​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក ធ្វើឡើង​ពី​ថ្ងៃទី​ ២៣-២៤ មេសា នៅ​ទីក្រុង​គូម៉ាម៉ូតូ​ប្រទេស​ជប៉ុន លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យមាន​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ ដើម្បី​គ្រប់គ្រង​ធនធានទឹក​ឱ្យមាន​ចីរភាព ខណៈ​លោក​មើលឃើញថា ធនធានទឹក​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​កាន់តែ​កម្រ​ទៅៗ​។

លោក​ថ្លែងថា​៖ «​ជា​ការពិត ទឹក​គឺជា​ធនធាន​ដ៏​មាន​សារៈសំខាន់ សម្រាប់​ការអភិវឌ្ឍ និង​ការរស់នៅ​ប្រកបដោយ​គុណភាព ប៉ុន្តែ​ធនធាន​នេះ ពី​ ១​ ថ្ងៃ​ទៅ​ ១ ​ថ្ងៃ កាន់តែ​កម្រ​ទៅៗ ដោយសារ​សកម្មភាព​របស់​មនុស្ស​ធ្វើឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រភព​ និង​គុណភាព​ទឹក​»​។

លោក​ថ្លែងថា ធនធានទឹក​ដែល​កាន់តែ​កម្រ​ទៅៗ​នេះ ក៏​បណ្តាល​មកពី​ការប្រែប្រួល​អាកាសធាតុ ទឹកជំនន់​ និង​ភាពរាំងស្ងួត ការកើនឡើង​នូវ​ចំនួន​ប្រជាជន និង​ការបន្ត​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​បាននិងកំពុង​បន្ត​ដាក់​សម្ពាធ​ដល់​ធនធាន​ទឹក​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ទ្រទ្រង់​ប្រភពទឹក​ផងដែរ​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ធនធានទឹក​បានក្លាយ​ជា​របៀបវារៈ​មួយ​សំខាន់ ដែល​តម្រូវឱ្យ​យើង​ត្រូវខិតខំ​ប្រឹងប្រែង​រួមគ្នា គ្រប់គ្រង​ឱ្យបាន​ប្រកបដោយ​ចីរភាព សម្រាប់​បច្ចុប្បន្ន និង​ទៅ​អនាគត​»​។

លោក​អំពាវនាវ​ឱ្យមាន​ការបន្ត​ជំរុញ​ការអភិវឌ្ឍ​ និង​សមាហរណកម្ម​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ សំដៅ​គាំទ្រ​ដល់​ការគ្រប់គ្រង​ធនធានទឹក ទាំង​ក្នុង​ប្រទេស តំបន់ និង​សកលលោក និង​បន្ត​ជំរុញ​ការអភិវឌ្ឍ​សកម្មភាព​សង្គម​សេដ្ឋកិច្ច ប្រកបដោយ​ការទទួល​ខុសត្រូវ និង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​បៃតង ជាពិសេស សម្រាប់​វិស័យ​កសិកម្ម​ដែលជា​វិស័យ​ប្រើប្រាស់​ទឹក​ច្រើន​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ផងដែរ​ឱ្យមាន​ការជំរុញ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ឌីជីថល ដើម្បី​ចាប់យក​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ការប្រើប្រាស់​ និង​ការគ្រប់គ្រង​ទឹក​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​។

លើសពីនេះ លោក ហ៊ុន សែន ជំរុញ​ដល់​មេដឹកនាំ​ក្នុង​តំបន់​បន្ត​គាំទ្រ​ដល់​កម្មវិធី គំនិត​ផ្តួចផ្តើម និង​សកម្មភាព​នានា​គាំទ្រ​ដល់​ការលើកកម្ពស់​ចីរភាព​សង្គម​ក្នុងការ​ប្រើប្រាស់ និង​ការគ្រប់គ្រង​ទឹក​សំដៅ​ធានា​ឱ្យបាន​ថា ប្រជាជន​សកលលោក​គ្រប់រូប​ទទួលបាន​ទឹក​មកប្រើប្រាស់​តាម​តម្រូវការ​។

លោក​បាន​ថ្លែងថា​៖ «​ការប្រើប្រាស់​ធនធានទឹក​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាព គឺ​ចាំបាច់​ណាស់ សម្រាប់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា កម្ពុជា​ចាត់ទុក​ទឹកជា «​មាសស​» ដែលជា​កម្លាំងចលករ​ជំរុញ​ការអភិវឌ្ឍ និង​វឌ្ឍនភាព​សេដ្ឋកិច្ចសង្គម​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​តែង​ទទួលស្គាល់​អំពី​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ និង​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​វិស័យ​ធនធានទឹក សំដៅ​ជំរុញ​ការគ្រប់គ្រង​ធនធាន​ទឹក​ឱ្យ​កាន់តែ​ប្រសើរ ដោយ​ធានាបាន​នូវ​សន្តិសុខ​ទឹក​នៅ​ទូទាំងប្រទេស​។

លោក​ ហ៊ុន សែន បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ថា កម្ពុជា​នឹង​បន្ត​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ក្រោម​យន្តការ​តំបន់ និង​សកល ដើម្បី​ពង្រឹង និង​លើកកម្ពស់​អភិបាលកិច្ច គ្រប់គ្រង​ធនធានទឹក និង​អាង​ទន្លេ​ឆ្លងដែន​ឱ្យ​កាន់តែ មាន​ប្រសិទ្ធភាព​ថែមទៀត​ក្នុង​ការឈានទៅ​សម្រេច​គោលដៅ​ «​ទឹក​ដើម្បី ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព​»​។

លោក​ យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២៤ មេសា ថា ការគ្រប់គ្រង​ទឹក គឺមាន​សារៈសំខាន់​ណាស់ ជាពិសេស គឺ​ទន្លេមេគង្គ ដែលជា​ប្រភព​ផ្តល់​ទឹក សម្រាប់​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់​។ បើកាលណា​មានការ​កសាង​ទំនប់​វារីអគ្គិសនី​ច្រើន​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ គឺ​ធ្វើឱ្យ​ប្រទេស​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​កាន់តែ​ខ្សត់​ទឹក​។

លោក​បាន​ថ្លែងថា​៖ «​ដូចជា​ឡាវ​ហ្នឹង កសាង​ទំនប់​វារីអគ្គិសនី​យ៉ាងច្រើន​ដែល​ធ្វើឱ្យ​របត់​ទឹកទន្លេ​មេគង្គ​ហ្នឹង​វា​ប្រែប្រួល​ខ្លាំង ដែលមាន​ការខ្វះ​ទឹក ហើយក៏​ប៉ះពាល់​ទៅដល់​ជីវចម្រុះ​ជាច្រើន​។ អ៊ីចឹង នេះ​ជា​បញ្ហា​ប្រឈម​មួយ​ដែរ ដែល​រដ្ឋាភិបាល​ទាំងអស់​នៅជាប់​ទន្លេមេគង្គ​ហ្នឹង គឺ​គិតពី​ផលប្រយោជន៍​ខ្លួន អត់​គិត​អំពី​សន្តិសុខ​ទឹកជា​រួម​នៅក្នុង​តំបន់​»​។

លោក​បន្តថា ការព្យាយាម​លុប​បឹង​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ហើយ​ព្យាយាម​អភិវឌ្ឍ​ទៅជា​សំណង់​ផ្ទះល្វែង និង​សំណង់​ផ្សេង​ក៏​ជា​បញ្ហា​ប្រឈម​នៃ​ការខ្វះ​ទឹក​ផងដែរ​។ ការអភិវឌ្ឍ​ត្រូវតែ​ធ្វើឱ្យមាន​តុល្យភាព​រវាង​ការរីកចម្រើន​ខាង​សំណង់​អគារ​និង​លំនៅឋាន​ផ្សេងៗ​ជាមួយនឹង​សន្តិសុខ​ទឹក​និង​ធនធានទឹក​។

លោក​ យ៉ង់ គិមអេង ថ្លែងថា អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើក​ឡើង​នេះ គឺជា​រឿង​មួយ​ដែល​សំខាន់​ក្នុងការ​គិតគូរ​អំពី​សន្តិសុខ​ទឹក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ប៉ុន្តែ​ទាល់តែ​មាន​ការប្តេជ្ញាចិត្ត រួម​ពី​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ទាំងអស់​នោះ​ក្នុងការ​ការពារ​ទន្លេ​ និង​បឹងបួ សម្រាប់​ការផ្តល់​អត្ថប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក តាមរយៈ​ប្រភពទឹក​ដែល​មាន​ការជាប់​ពាក់ព័ន្ធ​គ្នា​។

លោក​ថ្លែងថា​៖ «​គឺ​មិន​អាចឱ្យ​រដ្ឋាភិបាល​ណាមួយ ឬ​ប្រទេស​ណាមួយ​កេងចំណេញ​ទៅលើ​ធនធានទឹក​ហ្នឹង ទៅលើ​ប្រភពទឹក​ហ្នឹង​ដាច់ដោយឡែក​តែឯង​នោះ​ទេ​។ បើសិនជា​ធ្វើ​ដូច្នោះ គឺ វា​នឹង​បង្ក​នូវ​ផលប៉ះពាល់ ហើយនឹង​ធ្វើឱ្យ​មានការ​រងគ្រោះ​ធ្ងន់​សម្រាប់​ប្រទេស​ដែល​នៅ​ខាងក្រោម​ខ្សែទឹក ឬក៏​ប្រភពទឹក​ហ្នឹង ជាពិសេស គឺ​ដូច​កម្ពុជា​យើង​ជាដើម​ហ្នឹង​»៕