ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់ថា បើទោះបីជា​កម្ពុជា​ជួប​ការលំបាក ដោយសារ​ការរីក​រាលដាល​នៃ​មេរោគ​កូវីដ​ ១៩ ក៏ដោយ ក៏​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​នៅតែ​ប្រតិបត្តិ​បាន​នូវ​អភិបាលកិច្ច​ល្អ និង​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ការចូលរួម​ចំណែក​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​ ២០១៦-២០៣០​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើកឡើង​ដូចនេះ​តាមរយៈ​សារលិខិត​ក្នុងឱកាស ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ២៥ ​មេសា​នេះ​។

របាយការណ៍​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១ អត្រា​ឈឺ​ជំងឺគ្រុនចាញ់ សរុប​មាន​ ៤ ២៧៩ ​ករណី ដែល​ចំនួន​នេះ​បាន​បន្ត​ថយចុះ​ ៥៤% បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ ៩ ២៣៤ ករណី​។

កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​បង្ហាញថា ប្រទេស​កម្ពុជា​ធ្លាប់មាន​ករណី​ជំងឺគ្រុនចាញ់​ជាង​ ១៧ ​ម៉ឺន​ករណី​នា​ទសវត្សរ៍​ឆ្នាំ ​៨០ និង​ស្លាប់​ជិត​ ១ ០០០​ នាក់​។ ឆ្នាំ​ ២០១៨ ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​លែងមាន​រហូតមកដល់​បច្ចុប្បន្ន មានន័យថា សម្រេចបាន​ជោគជ័យ​មុន​គោលដៅ​គ្រោងទុក​ឆ្នាំ ​២០២០​។

ចំពោះ​ជំងឺគ្រុនចាញ់ ទម្រង់​សន្ធំ និង​ចម្រុះ​មាន​ ៣២០ ​ករណី ក្នុង​ឆ្នាំ​ ២០២១ បាន​បន្ត​ថយចុះ​ ៦៥% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០ មាន​ ៩៣៦ ​ករណី​ឈឺ​។ ចំពោះ​ករណី​គ្រុនចាញ់​ប្រភេទ​វីវ៉ាក់​ក៏មាន​ការថយចុះ​ ៥២% ពី​ចំនួន ​៨ ២៩៨ នៅ​ឆ្នាំ​ ២០២០ មក​នៅ ៣ ៩៥៩ ​ករណី​នៅ​ឆ្នាំ​ ២០២១​។

តាម​របាយការណ៍​នេះ​លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​ក្នុងន័យនេះ យើង​អាច​និយាយ​បាន​ថា បើទោះជា​ក្នុង​បរិយាកាស​ដ៏លំបាក​ដោយសារ​កូវីដ​ ១៩ ​ក៏ដោយ ក៏​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​របស់​យើង​នៅតែ​ប្រតិបត្តិ​បាន​នូវ​អភិបាលកិច្ច​ល្អ និង​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ការចូលរួមចំណែក​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​ ២០១៦-២០៣០ ​ធានា​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ប្រកប​ដោយ​សុខភាព​ល្អ និង​លើកកម្ពស់​សុខុមាលភាព​របស់​មនុស្ស​គ្រប់រូប និង​គ្រប់​វ័យ​»​។

ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​នឹង​ប្រព្រឹត្តឡើង​ក្រោម​ប្រធានបទ «​រួមគ្នា​អនុវត្ត​គន្លង​សកម្មភាព​ថ្មីៗ​ឈាន​ទៅ​កាត់បន្ថយ​បន្ទុក​ជំងឺគ្រុនចាញ់​សកល ដើម្បី​លើកកម្ពស់​សុខុមាលភាព​» ​ដែល​ទិវា​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​រំឭក និង​បង្ហាញឱ្យឃើញ​នូវ​ក្តី​រំពឹង​របស់​រាជរដ្ឋាភិបាល ព្រមទាំង​សាធារណជន​គ្រប់រូប ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ឈានទៅ​សម្រេច​គោលដៅ​គ្មាន​ជំងឺ​គ្រុនចាញ់​ក្នុងភូមិ​សាស្ត្រ​ប្រទេស ក៏​ដូចជា​មហាអនុតំបន់​ទន្លេមេគង្គ និង​ពិភពលោក​ទាំងមូល​។

ជាមួយ​គ្នានេះ លោក​ ហ៊ុន សែន បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គ្រប់​សកម្មភាព​ទាំងអស់ ដែល​បាននិងកំពុង​អនុវត្ត​ក្នុងការ​ជំរុញ និង​បំផុស​ការយល់ដឹង ផ្លាស់ប្តូរ​ផ្នត់គំនិត និង​ទម្លាប់​សាធារណៈ​ឱ្យ​កាន់តែ​បាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​នៅ​ទូទាំង​ប្រទេស​។ ពិសេស​ក្នុងភូមិ​សាស្ត្រ​ព្រៃភ្នំ ប្រឈម​ការចម្លង​ជំងឺ​គ្រុនចាញ់​ខ្ពស់ ដើម្បី​ឈានទៅ​គ្មាន​ការចម្លង​ជំងឺគ្រុនចាញ់ និង​គ្មាន​ករណី​ជំងឺគ្រុនចាញ់​។

លោក​បញ្ជាក់ថា​៖ «​ទោះបី​ការងារ​ប្រយុទ្ធ នឹង​ជំងឺគ្រុនចាញ់​កំពុង​ទទួលបាន​នូវ​សមិទ្ធផល​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​យ៉ាងណា​ក៏ដោយ ក៏​យើង​ត្រូវតែ​ខិតខំ​បង្កើនល្បឿន​ទៀត​នៃ​ការលុបបំបាត់​ជំងឺ​គ្រុនចាញ់​ទៅតាម​ផែនការ​ដូច​មាន​ក្នុង​អភិក្រម​សកម្មភាព​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​ដំណាក់កាល​ទី​ ២ ឆ្នាំ​ ២០២១-២០២៥ ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ ​២០១១-២០២៥»​។

លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​លើកឡើង​ដែរ​ថា ស្ថានភាព​ជាទូទៅ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​ល្អប្រសើរ​ខ្លាំង​មែនទែន ហើយនឹង​ឈានទៅដល់​គោលដៅ​ក្នុងពេល​ខាងមុខនេះ​។ កម្ពុជា​ក៏​មិនមាន​អ្នកស្លាប់​ដោយ​ជំងឺគ្រុនចាញ់​នោះទេ ក្នុង​រយៈពេល​ ២-៣​ ឆ្នាំ​ចុង​ក្រោយនេះ ដោយ​សម្រេច​មុន​ផែនការ​កំណត់​។

លោកស្រី​ថ្លែងថា​៖ «​ក្រោម​ការផ្តួចផ្តើម និង​ដាក់ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​លុបបំបាត់​ជំងឺគ្រុនចាញ់ ដោយ​សម្តេច​តេជោ​ ហ៊ុន សែន គឺ​ធ្វើឱ្យ​ស្ថានភាព​ជាទូទៅ​នៃ​ជំងឺគ្រុនចាញ់​មាន​ស្ថានភាព​ល្អប្រសើរ​មែនទែន ដោយ​យើង​សម្រេចបាន​នូវ​គោលដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​មុន​ផែនការ​កំណត់ ពិសេស​ពពួក​ផ្លាស់ស្មូដ្យូម​ហ្វាល់ស៊ីប៉ារ៉ូម ដែល​មិនមាន​អ្នកស្លាប់​ឡើយ​»​។

លោកស្រី​ ឱ វណ្ណឌីន សម្តែង​ក្តីសង្ឃឹម​ថា ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា មន្ទីរ​សុខាភិបាល-​រាជធានី​-​ខេត្ត អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ នឹង​អាចធ្វើឱ្យ​សម្រេចបាន​នូវ​គោលដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​បាន​នៅ​ឆ្នាំ​ ២០២៥ ខាងមុខនេះ​៕