ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ជាថ្មី​ម្ដងទៀត​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ផ្ដល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រប់​ប្រភេទ ដែល​កើតមាន​នៅក្នុង​សហគមន៍​មូលដ្ឋាន​របស់ខ្លួន ជាពិសេស​បទល្មើស​ទាក់ទង​នឹង​គ្រឿងញៀន​ដល់​កម្លាំង​សមត្ថកិច្ច ចុះ​បង្ក្រាប​បាន​ទាន់ពេលវេលា ដើម្បី​រក្សា​ការពារ​បាន​នូវ​ភូមិ-​ឃុំ​មាន​សុវត្ថិភាព​។

លោក​មានប្រសាសន៍ថា បទល្មើស​គ្រឿងញៀន​បាន​កើតឡើង​ស្ទើរ​គ្រប់​ទីកន្លែង​មិន​ថា​នៅក្នុង​តំបន់​ទីប្រជុំជន​រាជធានី​នោះទេ នៅ​តំបន់​ទីជនបទ​ដាច់ស្រយាល​ក៏មាន​ករណី​បទល្មើស​គ្រឿងញៀន​ផងដែរ ហើយ​វា គឺជា​បញ្ហា​ស្មុគស្មាញ​ និង​បង្ក​នូវ​ការរំខាន​បំផុត​ដល់​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​។ ជាក់ស្ដែង​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ភូមិ​ចន្ទ្រា​ថ្មី ឃុំ​ទួលព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាល​ថ្ងៃទី​ ២១ ខែមេសា ឆ្នាំ​ ២០២២ ​មន្ត្រីនគរបាល​ ២ ​នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត បាន​រងរបួស​ដោយ​ការបាញ់ប្រហារ​ពី​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​។

លោក ស ខេង បាន​បញ្ជាក់ថា​៖ «​ពួកឧក្រិដ្ឋជន​ទាំងនោះ ​ថ្វីដ្បិត​មិនមែនជា​ក្រុម​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ ក៏ប៉ុន្តែ​ជា​ក្រុម​បង្ក​ការរំខាន អុកឡុក​បង្កើត​ភាពអសន្តិសុខ​នៅក្នុង​មូលដ្ឋាន​ពិសេស​ជា​ក្រុម​អូសទាញ​យុវជន​មួយចំនួន​ឱ្យ​វីវក់​នឹង​គ្រឿងញៀន​»​។

បើតាម​ប្រសាសន៍​លោក ស ខេង បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អំពី​ការប្រមូល​ផ្ដុំគ្នា​របស់​ក្រុម​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ទាំងនោះ កម្លាំង​នគរបាល​-​ប៉ុស្តិ៍​ឃុំ​ទួលព្រេជ​នៃ​ស្រុក​អង្គស្នួល ដឹកនាំ​ដោយ​លោក ជុច សុភា និង​កម្លាំង​ពាក់ព័ន្ធ​មួយចំនួនទៀត​បាន​នាំគ្នា​ចុះទៅ​ទីតាំង​នោះ ដើម្បី​បង្ក្រាប​។ ពេល​ចុះទៅ​ដល់​ទីតាំង​ផ្ទះ​មុខសញ្ញា​ជួញដូរ​ចែកចាយ​គ្រឿងញៀន​នោះ​សមត្ថកិច្ច​បាន​ឆែកឆេរ​ដែរ ក៏ប៉ុន្តែ​រក​មិនឃើញ​ជនល្មើស​នោះទេ​។

លោក​បាន​បន្ថែមថា​៖ «​ដំបូង​មន្ត្រីនគរបាល​យើង​ហាក់ដូចជា​ប្រយ័ត្ន​ដែរ ព្រោះ​បាន​ត្រួតពិនិត្យ​ដែរ តែ​រក​មិនឃើញ​ក្រុម​ជនល្មើស​ក៏​សន្និដ្ឋានថា​ប្រហែលជា​ក្រុម​ជនល្មើស​បាន​រត់​ចូល​ព្រៃ​អស់ហើយ​។ ប៉ុន្តែ​ក្រុម​ជនសង្ស័យ​មិនបាន​រត់​ចូល​ព្រៃ​ដូច​ការសន្និដ្ឋាន​នោះទេ​ដោយ​ទៅ​អង្គុយ​កៀន​ផ្ទះ​យក​ភួយ​គ្រប​ពី​​លើ​។ អ្នក​ទៅ​ឆែក​ហ្នឹង​ [​ក្រុមមន្ត្រី​នគរបាល​ប៉ុស្តិ៍​ទួលព្រេជ​]​ មិន​ចាប់អារម្មណ៍​ទៅទៀត​ទៅ​លើក​អាភួយ​ហ្នឹង​។ ដល់​តែ​លើក​អាភួយ​ហ្នឹង អានោះ ​[​ជនល្មើស​] ​វា​មាន​កាំភ្លើង​ស្រេច​... បាញ់​ផូងៗ​ !​ត្រូវចំ​ដើមទ្រូង​ស្លាប់​អស់​ ២​ នាក់ ហើយ​ម្នាក់ទៀត​ត្រូវរបួស​ដៃ​»​។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ​បានលើកឡើង​នូវ​បញ្ហា​នេះ នៅក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​មួយ នៅ​ស្រុក​ពាមជរ ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​ ២៣ ខែមេសា ឆ្នាំ​ ២០២២​។ ​ក្នុងនាម​រាជរដ្ឋាភិបាល​លោក​បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​មន្ត្រី​កងកម្លាំង​ដែល​បាន​ពលី​នៅក្នុង​បេសកកម្ម​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដើម្បី​សុវត្ថិភាព សន្តិសុខ​របស់​ប្រជាជន និង​សង្គមជាតិ​។

ទន្ទឹមនឹងនេះ លោក​បាន​ថ្លែងថា​៖ «​ដើម្បី​សុវត្ថិភាព​ភូមិ​-​ឃុំ​របស់​យើង​សូម​បងប្អូន​កូន-​ក្មួយ​ទាំងអស់​ចូលរួម​រាយការណ៍ ឬ​ផ្ដល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​នានា ពិសេស​បទល្មើស​គ្រឿងញៀន ដល់​មន្ត្រី​កងកម្លាំង​របស់​យើង​នៅតាម​មូលដ្ឋាន ដើម្បី​ចុះបង្ក្រាប​បាន​ទាន់ពេលវេលា​។ ចំណែក​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់អាវុធ​ត្រូវ​បំពេញ​តួនាទី និង​កាតព្វកិច្ច​របស់ខ្លួន ដោយ​ផ្ដល់​សេវា​ឱ្យ​បានល្អ និង ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាជន​»​។

យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន នៅក្នុង​ព្រឹត្តិការណ៍ បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​ចន្ទ្រា​ថ្មី ឃុំ​ទួលព្រេជ ស្រុក​អង្គស្នួល​កាលពី​ថ្ងៃទី ​២១ ខែមេសា ឆ្នាំ​ ២០២២ លោក​ ជុច សុភា​មាន​តួនាទី​ជា​នាយ​នគរបាល​-​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទួល​ព្រេជ និង​លោក រីម សុផាន់ណា ជា​មន្ត្រីនគរបាល​ផ្នែក​បង្ក្រាប​គ្រឿងញៀន​ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​បាញ់ប្រហារ​បណ្ដាល​ឱ្យ​ស្លាប់​។ ​ចំណែក​លោក វ៉ន វុទ្ធី មន្ត្រី​ប៉ុស្តិ៍​ទួលព្រេជ របួស​ម្រាម-​ដៃស្តាំ​។

ដោយឡែក​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បាញ់​តតាំង​គ្នា​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​ឈ្មោះ ធឹម ឌឿន អាយុ​ ២៣ ​ឆ្នាំ ជា​ជនដៃដល់ និង​ជា​មុខសញ្ញា​ចាស់ ដែល​ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​តាម​ចាប់ខ្លួន​ ខណៈ​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ថេង ធឿន អាយុ​ ១៦ ​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​។

ក្នុង​កិច្ចប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​មួយចំនួន ដូចជា កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ ១ ​ដើម ដាវ​ចំនួន​ ៣ ​ដើម កូនកាំបិត​ចុង​ស្រួច ​២ ​ដើម ពូថៅ​ ២ ​ដើម ម៉ូតូ​ ១ ​គ្រឿង ថ្នាំញៀន ២ ​កញ្ចប់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ ១ និង​សម្ភារ​ប្រើប្រាស់​សម្រាប់​សេព​ថ្នាំញៀន​មួយចំនួន​ទៀត​៕