ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ.ជ.ប.​) ​បាន​ណែនាំ​ដល់​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះ​ឆ្នោត​ (​គធខប​) ​ត្រូវ​ស្នើសុំ​កិច្ចសហការ​ពី​គណៈ​អភិបាល​រាជធានី ខេត្ត ដែលជា​គណៈ​បញ្ជា​ការឯកភាព រាជធានី​ខេត្ត​ ដើម្បី​​រៀបចំ​កិច្ចប្រជុំ​ចម្រុះ​ដោយផ្ទាល់ ឬ​តាម​អនឡាញ​ក្នុង​ ១ ​សប្ដាហ៍​ម្ដង ចាប់ពី​ពេលនេះ​រហូតដល់​ចប់​ការបោះឆ្នោត​ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​​អាណត្តិ​ទី ​៥ នៅ​ឆ្នាំនេះ ប្រព្រឹត្ត​ទៅដោយ​រលូន​។

តាមរយៈ​លិខិត​ណែនាំ​របស់លោក ប្រាជ្ញ ចន្ទ ប្រធាន​គ.ជ.ប. ផ្ញើ​ទៅ​លេខាធិការដ្ឋាន​សន្តិសុខ​បោះឆ្នោត​នៃ​ គ.ជ.ប. និង (​គធខប​) និង​គណៈកម្មការឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​ (​គឃ.សប​) ​ដែល​ភ្នំពេញ​-​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ២៤ ខែមេសា ឱ្យដឹងថា ការរៀបចំ​កិច្ចប្រជុំ​ចម្រុះ​នេះ​ក្នុង​គោលបំណង​ធ្វើឱ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​-​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥​ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ ដោយ​ធានាបាន​នូវ​បរិយាកាស​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ គ្មាន​ការបំភិតបំភ័យ គ្មាន​ការ​គំរាមកំហែង និង​គ្មាន​អំពើហិង្សា​។

លិខិត​នេះ​បន្តថា (​គឃ.សប​) ក៏​អាច​កោះប្រជុំ​តាម​​ការចាំបាច់ ដើម្បី​ពិភាក្សា​លើ​ការងារ​សន្តិសុខ និង​ការចាត់​វិធានការ​ចាំបាច់​ផ្សេងៗ​សំដៅ​កាត់បន្ថយ​ឱ្យបាន​រាល់​បញ្ហា​ទំនាស់​ ឬ​ការ​ប្រឈម​នានា​ដែល​កើតមានឡើង និង​ត្រូវ​​ស្វែងរក​ដំណោះស្រាយ​ឱ្យបាន​សមស្រប​។

លោក ប្រាជ្ញ ច័ន្ទ សរសេរ​​ថា​៖ «​គធ.ខប ​នីមួយៗ​ត្រូវធ្វើ​របាយការណ៍​ជាប្រចាំ​ជុំវិញ​​ស្ថានការណ៍​សន្តិសុខ​ជាទូទៅ​​ដែល​បាន​កើតឡើង​នៅតាម​រាជធានី ខេត្ត​នីមួយៗ​ក្នុងអំឡុង​ពេល​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ផ្ញើជូន​លេខាធិការដ្ឋាន​សន្តិសុខ​បោះឆ្នោត​នៃ គ.ជ.ប. ឱ្យបាន​ទៀងទាត់ ដើម្បី​រាយការណ៍​ជូន គ.ជ.ប. ជ្រាប​។ ក្នុងករណី​ចាំបាច់ គធ.ខប នីមួយៗ​ត្រូវ​រាយការណ៍​ផ្ទាល់​ជូន​ប្រធាន​លេខាធិការដ្ឋាន​សន្តិសុខ បោះឆ្នោត​នៃ គ.ជ.ប. ដើម្បី​ស្នើសុំ​គោលការណ៍​សម្រេច​ពី​ថ្នាក់ដឹកនាំ គ.ជ.ប. និង​មាន​វិធានការ​ដោះស្រាយ​បាន​ទាន់ពេលវេលា និង​ស្របតាម​នីតិវិធី​»​។

លោក ហង់ ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប. ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែមេសា​ថា កិច្ច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៃ​ដំណើរការ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ គឺជា​តួនាទី​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​ត្រូវ​សហការ​ចូលរួម​ធ្វើ និង​អនុវត្ត​ឱ្យបាន​ដើម្បី​ធ្វើឱ្យ​ការបោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​បញ្ចៀស​បាន​នូវ​អំពើហិង្សា​ណាមួយ​កើតឡើង​។

លោក​បន្តថា កន្លងមកនេះ គ.ជ.ប. ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារជាតិ​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយគ្នា​ក្នុងការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព នៅ​ក្នុង​អំឡុងពេល​នៃ​ដំណើរការ​បោះឆ្នោត​នីមួយៗ​។ ក្រៅពីនេះ​​ភាគី​ទាំង​ ៣ ​ក៏បាន​ជួបប្រជុំគ្នា​ជា​រៀងរាល់ ១ ​សប្តាហ៍​ផងដែរ ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​កើតឡើង​។

លោក​ថា​៖ «​យើង​ធ្វើ​នេះ​ក្នុង​បំណង រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ដើម្បី​បម្រើឱ្យ​ការបោះឆ្នោត​មួយ​មាន​និរន្តរភាព និង​មាន​សុខសន្តិភាព​។ ​ប៉ុន្តែ​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត នៅ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត រាជធានី​-​ខេត្ត តែង​គោរព​អញ្ជើញ ភាគី​ពាក់ព័ន្ធ​មាន​ទាំង​គណបក្ស​នយោបាយ​ផងដែរ​ ដើម្បី​លើកឡើង​​ជា​បញ្ហា​រួមគ្នា​ដោះស្រាយ​។ ​ដូច្នេះ​កិច្ចការ​បោះឆ្នោត គឺមាន​ភារកិច្ច​រួមគ្នា​»​។

លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ​ខែមេសា​ថា ដោយមាន​ការណែនាំ​ពី​រាជរដ្ឋាភិបាល ក្រសួង​មហាផ្ទៃ និង​ គ.ជ.ប. រដ្ឋបាលខេត្ត​ក៏ដូចជា គណៈបញ្ជាការឯកភាព​ខេត្ត បាននិង​កំពុង​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​ឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ​ប្រព្រឹត្ត​ទៅ​​ដោយ​រលូន​តាម​កម្មវិធី​របស់ គ.ជ.ប. ។

លោក​បាន​ថ្លែងថា​៖ «​តាម​ការណែនាំ យើង​អនុវត្ត​ឱ្យបាន​ទៅតាម​គោលការណ៍​របស់​ (​គជប​) ក៏ដូចជា​ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណា​កុំឱ្យ​គណបក្ស​ផ្សេងៗ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រការ​ណាមួយ​​យើង​ជួយ​ការពារ​គ្នា យើង​រក្សា​ចិត្ត​គ្នា​ និង​គោរព​គ្នា​ទៅវិញទៅមក តាម​ការណែនាំ កុំឱ្យ​មាន​នរណា​រំលោភ​លើ​អ្នកណា​ជាដើម​»៕