ភ្នំពេញៈ ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) និង​តំណាង​ក្រុមការងារ​ប្រទេស​ជប៉ុន​បាន​ឯកភាពគ្នា​លើ​គោលដៅ​នៃ​ការចាប់ផ្ដើម​អនុវត្ដ​គម្រោង​ជា​អាទិភាព​មួយ​ចំនួន​ក្នុង​នោះ​មាន គម្រោង​រំដោះ​ផ្ទៃដី​រង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន​នៅ​ខេត្តបាត់ដំបង​ចំនួន​ ៩ ៤៥៤ ​ហិកតា និង​គម្រោង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន តាមរយៈ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចសង្គម​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៧ ​លាន​ដុល្លារ​អាមេរិក​។

លោក​ ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល និង​អគ្គនាយក​ស៊ីម៉ាក់​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ២៤ មេសា​ថា កាលពី​ថ្ងៃទី​ ២២ ​មេសា លោក​តំណាង​ឱ្យ​ភាគី​រាជរដ្ឋាភិបាល​-​កម្ពុជា និង​ស្ថានទូត​ជប៉ុន តំណាង​រដ្ឋាភិបាល​ជប៉ុន​មន្ត្រី​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ជប៉ុន CA នៅ​ទីក្រុង​តូក្យូ​បាន​ជួបប្រជុំ​លើក​ទី​ ១ របស់​គណៈកម្មការ​ប្រឹក្សា​យោបល់​នៃ​គម្រោង​សមាហរណកម្មការ​បោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ដំណាក់កាល​ទី​ ២ ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​ហ្ស៊ូម​នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក់​ ដើម្បី​ពិភាក្សា​លើ​គម្រោង​បោសសម្អាត​គ្រាប់មីន​ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជិត ១៧ ​លាន​ដុល្លារ​ក្នុង​រយៈពេល ៤​ ឆ្នាំ (២០២២-២០២៥)​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​ចូលរួម​ដឹកនាំ​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ១ តាម​ប្រព័ន្ធ ZOOM ដោយមាន​ការចូលរួម​ពី​មន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​មន្ត្រី​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ជប៉ុន CA នៅ​ទីក្រុង​តូក្យូ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ផែនការ​សកម្មភាព​ការងារ​ដែល​នឹងត្រូវ​អនុវត្ត​ក្នុង​គម្រោង​»​។ ទោះបី​មាន​ក្រុមការងារ​មួយចំនួន​ស្ថិតនៅ​ទីក្រុង​តូក្យូ អ្នកខ្លះ​នៅ​ភ្នំពេញ ប៉ុន្ដែ​ក្រុមការងារ​អាច​ជួបប្រជុំ​ពិភាក្សា​គ្នា​បាន​ដោយ​រលូន​។

លោក​ថ្លែងថា គម្រោង​សមាហរណកម្ម​ការបោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ដំណាក់កាល​ទី​ ២ ​នេះ​មាន​ថវិកា​ចំនួន ២ ០០០ លាន​យ៉េន (​ស្នើ​នឹង​ប្រមាណ​ជិត ១៧ លាន​ដុល្លារ​) ​ដែល​ត្រូវអនុវត្ត​រយៈពេល ៤ ​ឆ្នាំ (២០២២-២០២៥) សម្រាប់​បម្រើ​គោលដៅ​សំខាន់​ចំនួន​ ៣ គឺ​ទី​​១ រំដោះ​ផ្ទៃដី​រង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន​នៅ​ខេត្តបាត់ដំបង​ចំនួន ៩ ៤៥៤ ​ហិកតា​។ ទី​ ២ ទិញ​គ្រឿងចក្រ​កម្ទេច​មីន និង​គ្រឿងបន្លាស់ និង​ទី​ ៣ ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន តាមរយៈ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចសង្គម​។ តាមរយៈ​ការប្រជុំ​នេះ​ក្រុមការងារ​បាន​ពិនិត្យ​ទៅលើ​គោលដៅ​នៃ​ការចាប់ផ្ដើម​អនុវត្ដ​គម្រោង និង​ការងារ​អាទិភាព​មួយចំនួនទៀត ក៏ដូចជា​កម្លាំង សម្រាប់​ដំណើការ​ប្រតិបត្ដិការ​ជារួម​ក្រុម​គណៈកម្មការ​ប្រឹក្សា​យោបល់​នៃ​គម្រោង​សមាហរណកម្មការ​បោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ដំណាក់កាល​ទី​ ២ ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​គម្រោង​ដែល​យើង​ឯកភាព​នោះ គឺ​យើង​មាន​គម្រោង​រំដោះ​ផ្ទៃដី​រង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន នៅ​ខេត្ត​បាត់ដំបង​ចំនួន ៩ ៤៥៤ ​ហិកតា មាន​រយៈពេល ៤ ​ឆ្នាំ (២០២២-២០២៥)»​។

បើតាម​លោក ហេង រតនា ឆ្នាំ​ ២០២២ ​នេះ អង្គភាព​ស៊ីម៉ាក់​មាន​អាយុកាល ​៣០ ​ឆ្នាំ ហើយ​អង្គភាព​ស៊ីម៉ាក់​បានធ្វើការ​បោសសម្អាត​ផ្ទៃដី ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ជាង ១ ៥៦៩ គីឡូម៉ែត្រ​ក្រឡា រុករក​ឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ជិត​ ៣ ​លាន​គ្រាប់ ក្នុងនោះ​មីន​ប្រឆាំង​មនុស្ស​ចំនួន ៥៥៤ ២៦១ គ្រាប់ គ្រាប់មីន​ប្រឆាំង​រថក្រោះ​ចំនួន ១១ ២២៣ ​គ្រាប់ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ១ ៩០៩ ៧៩៥ គ្រាប់ គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​រួម​និង​គ្រាប់បែក​ចង្កោម​ចំនួន ៤២៨ ៦៨០ ​គ្រាប់ និង​រកឃើញ​ទីតាំង​គ្រាប់បែក​គីមី​ចំនួន ៨៧ ​ទីតាំង ព្រមទាំង​ឆ្លើយតប​សំណើសុំ​អន្តរាគមន៍​បន្ទាន់ៗ​បាន​ចំនួន ១១៩ ៧២៨ ​ករណី​។ លទ្ធផល​នេះ​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រឹង​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ស្តារ​សេដ្ឋកិច្ច​សង្គម​ឱ្យមាន​ការអភិវឌ្ឍ​ឥតឈប់ឈរ​។

លោក​ រតនា បញ្ជាក់ថា​៖ «​ក្រៅពី​ការងារ​ស្នូល​របស់​ស៊ីម៉ាក់​ក្នុង​កិច្ចការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ព្រមទាំង​ចូលរួមចំណែក​ការអភិវឌ្ឍ​ជាមួយ​រាជរដ្ឋាភិបាល ខ្ញុំ​ក៏​តែងតែ​កៀរគរ​រក​ជំនួយ​ពី​សប្បុរសជន និង​មិត្តភក្តិ​ជិត​ឆ្ងាយ​ឱ្យ​ជួយ​អភិវឌ្ឍ​ដល់​ប្រជាជន​នៅតាម​ជនបទ ជាពិសេស​ជួយ​អភិវឌ្ឍ​នៅ​តំបន់​ដែល​បាន​បោសសម្អាត​មីន​រួច និង​ជួយសង្គ្រោះ​ជនពិការ​ដោយសារ​មីន ជាក់ស្ដែង​បាន​ជួយ​កសាង​សាលារៀន មណ្ឌល​សុខភាព អណ្ដូងទឹក ជីក​ស្រះ​ទឹក ផ្តល់​ការហ្វឹកហ្វឺន​ជំនាញ​កសិកម្ម ព្រមទាំង​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជនបទ​ដូចជា ផ្លូវ​ក្រួស​ក្រហម និង​ប្រព័ន្ធធារាសាស្ត្រ​ជាដើម​»៕