ភ្នំពេញៈ ក្រសួង​បរិស្ថាន អង្គការ​អភិរក្ស រួមទាំង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​តារាចម្រៀង​ផង​នោះ បាន​បង្ហោះ​សារ​អបអរសាទរ​ទិវា​ភពផែនដី​កាលពី​ថ្ងៃទី​ ២២ ខែមេសា ក្នុងន័យ​បំផុស​ឱ្យមាន​ការរួម​គ្នា​​ថែរក្សា និង​វិនិយោគ​លើ​ការការពារ​ធនធាន​ធម្មជាតិ និង​ការអភិរក្ស​ជីវចម្រុះ ជាពិសេស​រួមគ្នា​ធ្វើ​យុទ្ធនាការ​ «​មនុស្ស​ម្នាក់​ដើមឈើ ​១ ​ដើម​»​។

ក្រសួង​បរិស្ថាន​បាន​បង្ហោះ​សារ​ថា សូម​អបអរសាទរ​ទិវា​ភពផែនដី​ ២២ ​មេសា ក្រោម​ប្រធានបទ «​វិនិយោគ​លើ​ភពផែនដី​យើង​» ​អម​ជាមួយនឹង​រូបភាព​ផែនដី ដើមឈើ និង​កូនឈើ​បណ្តុះ​ថ្មី​ជាច្រើន​សន្លឹក​។

ដោយឡែក អង្គការ WWF នៅ​កម្ពុជា​វិញ បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ថា ទិវា​ភពផែនដី ថ្ងៃទី ​២២ ខែមេសា «​យើងខ្ញុំ​សូម​​អំពាវនាវ​ឱ្យមាន​ការចូលរួម​បន្ថែមទៀត​តាមរយៈ​សកម្មភាព​បុគ្គល ឬ​សមូហភាព ក្នុង​ការការពារ​ធនធាន​ធម្មជាតិ​របស់​​កម្ពុជា និង​ការអភិរក្ស​ជីវចម្រុះ​ដើម្បី​ជា​ដំណោះស្រាយ​មួយ​ដល់​ការបង្កើន​ភាព​ធន់​របស់​សហគមន៍​យើង ទប់ទល់​នឹង​ហានិភ័យ​អាកាសធាតុ និង​គាំទ្រ​ការអភិវឌ្ឍ​ដោយ​ចីរភាព សម្រាប់​យើង​គ្រប់គ្នា​»​។

WWF បាន​លើកឡើងថា រួមគ្នា​! អាច​កសាង​នូវ​អនាគត​មួយ​ដែលមាន​បរិស្ថាន​ប្រសើរ​ប្រកបដោយ​សុខភាព​ល្អ ដោយ​ចូលរួម​ទាំងអស់គ្នា អនុវត្ត​នូវ​សកម្មភាព​មេត្រីភាព​បរិស្ថាន​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​​កាត់បន្ថយ​ប្រើប្រាស់​ឡើងវិញ និង​កែច្នៃ​ឡើងវិញ​។

លើសពីនេះ ក្នុង​ឱកាស​អបអរ​ទិវា​ភពផែនដី​នេះ អង្គការ​នេះ​ក៏បាន​បង្ហាញ​ពី​ការប្រទះ​ឃើញ​វត្តមាន​កូន​ផ្សោត​ថ្មី​ ១ ​ក្បាល​ទៀតផង​ដែរ​។

WWF ​កម្ពុជា​បានឱ្យដឹងថា ក្នុងអំឡុងពេល​ចុះ​អនុវត្ត​ការស្រាវជ្រាវ​តាម​ដង​ទន្លេមេគង្គ ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ និង​តាមដាន​សត្វ​ផ្សោត​នៃ​រដ្ឋបាល​ជលផល និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ WWF ​បាន​កត់ត្រា​តាមរយៈ​រូបថត​នៅ​ថ្ងៃទី​ ២២ ខែមេសា​នូវ​វត្តមាន​របស់​កូន​ផ្សោត​ថ្មី​ ១​ ក្បាល​ខណៈពេល​វា​កំពុង​ហែល​ជាមួយ​ផ្សោត​ធំៗ​ ៩​ ក្បាល​ទៀត​ក្នុង​ដែន​ជម្រក​ធម្មជាតិ​នៃ​អន្លង់​សត្វ​ផ្សោត​កាំ​ពី​នៃ​ខេត្តក្រចេះ​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ប៉ាន់​ប្រមាណ​ថា សត្វ​ផ្សោត​ថ្មី​នេះ មាន​អាយុ​ទើបតែ ៥ ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ថា ជា​កូន​សត្វ​ផ្សោត​ទី​ ២ សម្រាប់​ឆ្នាំ​ ២០២២​ នេះ​។

សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវបាន​​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​។

លទ្ធផល​នៃ​ជំរឿន​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ឆ្នាំ​ ២០២០ ​ដោយ​រដ្ឋបាល​ជលផល និង​អង្គការ​ WWF បាន​បង្ហាញថា មាន​សត្វ​ផ្សោត​ចំនួន​ត្រឹមតែ ៨៩ ​ក្បាល​ប៉ុណ្ណោះ​ដែល​កំពុង​រស់នៅ​ក្នុង​ទន្លេមេគង្គ​កម្ពុជា​។

ដោយឡែក​ដើម្បី​អបអរ​ទិវា​ភពផែនដី​នេះ គម្រោង USAID Greening Prey Lang-​ព្រៃឡង់​បៃតង ក៏បាន​អំពាវនាវ​ផងដែរ​ឱ្យ​ពលរដ្ឋ​ចូលរួម​យុទ្ធនាការ «​មនុស្ស​ម្នាក់​ដើមឈើ​ ១ ​ដើម​»​។

គម្រោង​នេះ​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ថា «​អ្នកណា​ថា មនុស្ស​ម្នាក់​មិនមាន​ឥទ្ធិពល​​ក្នុងការ​ផ្លាស់ប្តូរ​ដ៏ល្អ​សម្រាប់​ផែនដី​របស់​យើង​? ​សកម្មភាព​របស់​មនុស្ស​ម្នាក់​រួមបញ្ចូល​គ្នា​បង្កើតបានជា​សមិទ្ធផល​រាប់​​លាន​រហូតដល់​រាប់ពាន់​លាន​»​។

តោះ​!​ចូលរួម​ជាមួយ​ពួកយើង​នៅក្នុង​យុទ្ធនាការ «​មនុស្ស​ម្នាក់ ដើមឈើ​ ១ ​ដើម​» ដើម្បី​អបអរ​ទិវា​ភពផែនដី​ឆ្នាំ​ ២០២២ ​ដើម្បី​បង្ហាញ​ការតាំង​ចិត្ត​ចូលរួម​ការពារ​ភពផែនដី​របស់​យើង​...​រួមគ្នា​យើង​អាច​ការពារ​ផែនដី​របស់​យើង​។

នៅក្នុង​ទិវា​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក W.Patrick Murphy ក៏ដូចជា តារាចម្រៀង​មួយចំនួន រួមមាន កញ្ញា មាស សុខសោភា លោក ឆន សុវណ្ណរាជ និង Rainne Dara ក៏បាន​ចូលរួម​ក្នុង​យុទ្ធនាការ «​មនុស្ស​ម្នាក់​ដើមឈើ​ ១ ​ដើម​» ផងដែរ​។

ស្ថានទូត​សហរដ្ឋអាមេរិក​បានសរសេរថា អ្នក​អាច​ចូលរួម​យុទ្ធនាការ​នេះ និង​បង្ហាញ​ការតាំងចិត្ត​ចូលរួម​ការពារ​ភព​ផែនដី​របស់​យើង​ដោយ​បង្ហោះ​រូបថត​ ឬ​វីដេអូ​ដែល​អ្នក​ដាំ​ ឬ​ការពារ​ដើមឈើ​។ ​សូម​ប្រើ​ hashtag#OnePersonOneTree និង #EarthDay2022 ទាំងអស់​គ្នា យើង​អាច​ការពារ​ផែនដី​របស់​យើង​បាន​។

លោក W.Patrick Murphy ​បាន​លើកឡើងថា ក្នុងឱកាស​ទិវា​ភពផែនដី​ឆ្នាំ​ ២០២២ ​នេះ ក្នុងការ​ចូលរួម​ជាមួយ​នឹង​មិត្ដ​-​កម្ពុជា​របស់ខ្ញុំ​ក្នុង​យុទ្ធនាការ «​មនុស្ស​ម្នាក់ ដើម្បី​ឈើ​ ១​ ដើម​»​។ លោក​ថា យុទ្ធនាការ​របស់​យើង​គាំទ្រ​សារ «​វិនិយោគ​លើ​ផែនដី​របស់​យើង​នៃ​ទិវា​របស់​ភពផែនដី​ទូទាំង​ពិភពលោក​។

លោក​ថ្លែងថា​៖ «​សកម្មភាព​របស់​យើង​ម្នាក់ៗ​ក្នុង​ការការពារ​ភពផែនដី​របស់​យើង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​។ ចូលរួម​ជាមួយ​យើង​ថ្ងៃនេះ​ ដើម្បី​ការពារ ឬ​ដាំ​ដើមឈើ​ ១ ​ដើម​»​។

លោក​បានបង្ហាញ​ពី​ការចូលរួម​នេះ​ថា ពួកលោក​បាន​ដាំ​ដើមឈើ​មួយ​ចំនួន​រួចហើយ​នៅក្នុង​គេហដ្ឋាន​របស់លោក​សម្រាប់​អ្នក​ដែល​ត្រូវ​មក​ស្នាក់នៅ​បន្ត​នាពេល​អនាគត​។ លោក​ថា​៖ «​យើង​ទាំងអស់គ្នា​អាចបង្កើត​ការផ្លាស់ប្ដូរ​សម្រាប់​ផែនដី​របស់​យើង​បាន​»​។

កញ្ញា មាស សុខសោភា នៅក្នុង​ទិវា​នេះដែរ បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ ដោយ​​បាន​បញ្ជាក់ថា ថ្ងៃនេះ​កញ្ញា​បាន​ដាំ​ដើមឈើ​ ១​ ដើម​ទៀត ដើម្បី​ចូលរួម​នៅក្នុង​យុទ្ធនាការ​មនុស្ស​ម្នាក់​ដើមឈើ​ ១ ​ដើម​។

កញ្ញា​បាន​ថ្លែងថា​៖ «​អ៊ីចឹង អ្នក​ទាំងអស់​គ្នា​អាច​ចូលរួម​លេង​ជាមួយនឹង​ពួកយើង​ទាំងអស់​គ្នា​បាន​ណា ហើយ​ផូ​ស្ត​នៅលើ​បណ្ដាញ​សង្គម​របស់​អ្នក​ទាំងអស់គ្នា​រៀងៗ​ខ្លួន ដើម្បី​បង្ហាញ​អំពី​ការស្រឡាញ់ ខ្វាយខ្វល់​ទៅលើ​ធនធាន​ធម្មជាតិ​របស់​យើង​។ ​ពួកយើង​ដឹង​ហើយ​ថា​ធម្មជាតិ គឺជា​អ្នក​ជួយ​យើង​ពិសេស​ដើមឈើ​ ១​ ដើម​នេះ​បាន​ជួយ​ជា​ម្លប់​ដល់​មនុស្ស​ទាំងឡាយ ហើយ​បាន​ជួយ​កាត់បន្ថយ​ផ្សែង​ពុល សារធាតុ​ពុល​នៅក្នុង​ទីក្រុង និង​ជួយ​កាត់​បន្ថយ​នូវ​បញ្ហា​គ្រោះធម្មជាតិ​ផងដែរ​»៕