ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​អំពី​រឿង​ដែល​លោក​ចង់ឱ្យមាន​ការដក​ចេញ​នូវ​កាតព្វកិច្ច​ពាក់ម៉ាស់​នៅតាម​ទីធ្លា​សាធារណៈ ប៉ុន្តែ​ត្រូវ​តម្រូវឱ្យ​ពាក់​ម៉ាស់​នៅតាម​ទីកន្លែង​ដែលមាន​ការបិទ​ជិតៗ​។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ដូចនេះ នា​ព្រឹក​ថ្ងៃទី ​២៥ ខែមេសា ក្នុង​ពិធី​ប្រគល់​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​ជា​វ៉ាក់សាំង​កូវីដ ​១៩ ប្រភេទ AstraZeneca ពី​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​អ៊ីតាលី​ជូន​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា នា​វិមាន​សន្តិភាព​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​បាន​ណែ​នាំឱ្យ​ឯកឧត្តម ម៉ម ប៊ុនហេង​ [​រដ្ឋមន្ត្រី​សុខាភិបាល​] និង​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន​ [​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​] ដឹកនាំ​ការប្រជុំ​ជាបន្ទាន់ ហើយ​យប់មិញ ខ្ញុំ​ក៏បាន​និយាយ​ជាមួយ​លោកជំទាវ​ យក់ សម្បត្តិ ដោយ​ខ្ញុំ​ចង់ឱ្យមាន​ការដកចេញ​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅតាម​ទីធ្លា​សាធារណៈ​។ តែ​ត្រូវ​ពាក់​ម៉ាស់​នៅតាម​ទីតាំង​ដែល​បិទ​ជិត​ដដែល​»​។

លោក​ ហ៊ុន សែន បន្តថា​៖ «​ចំណុច​នេះ​យើង​បានឃើញ​កាលពី​អំឡុង​ចូល​ឆ្នាំនេះ​ប្រជាពលរដ្ឋ​របស់​យើង​តិច​ណាស់ ដែល​បាន​ពាក់​ម៉ាស់​ពេល​លេង​កម្សាន្ត ហើយ​គឺជា​សមុទ្រ​មនុស្ស ​[​មនុស្ស​ច្រើន​] ​តែម្តង​។ បញ្ហា​នេះ យើង​មិនត្រូវ​មើល​ឃើញតែ​បញ្ហា​សុខភាព​តែមួយមុខ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​មើល​ឱ្យឃើញ​ផងដែរ​ពី​បញ្ហា​សេដ្ឋកិច្ចសង្គម​»​។

ការពាក់​ម៉ាស់ គឺជា​ការ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ចំណាយ​យ៉ាង​ធំ ដែល​ជួនកាល​ពួកគាត់​មិន​ហ៊ាន​ទិញ​ខោអាវ​សម្រាប់​កូនចៅ​របស់គាត់​ពាក់​ទេ ប៉ុន្តែ​ត្រូវ​ទិញ​ម៉ាស់​យកមក​ទុក​ ដើម្បី​ការពារ និង​ពាក់​ដែល​ជា​កាតព្វកិច្ច​។

លោក​ ហ៊ុន សែន លើកឡើងថា នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​ ១ ​ថ្ងៃ​ប្រជាពលរដ្ឋ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជា​ ១០​ ម៉ឺន​ដុល្លារ ដែល​ក្នុង​ ១​ ខែ​ត្រូវ​ចំណាយ​អស់​ប្រមាណ​ជា​ ៣ ​លាន​ដុល្លារ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សុំ​អំពាវនាវ​ទៅដល់​អ្នកបច្ចេកទេស​ខាង​វិស័យ​សុខាភិបាល កុំ​មើល​ឃើញតែ​ ១ ​ជ្រុង​នៃ​បញ្ហា​ទាក់ទិន​នឹង​បញ្ហា​សុខភាព​។ ប៉ុន្តែ​ក៏ត្រូវ​តែ​មើលឃើញ​ផងដែរ​ពី​បញ្ហា​វិស័យសេដ្ឋកិច្ច និង​សង្គម ក៏ដូចជា​បញ្ហា​ចិត្តសាស្ត្រ ដោយ​ការពាក់​ម៉ាស់​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធី​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩ ពី​ម្សិលមិញ​។ រូប SPM

លោក​ ហ៊ុន សែន បន្តថា ប្រទេសមួយ​ចំនួន​បាន​ដកចេញ​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់​រួចស្រេច​ទៅហើយ ឯ​កម្ពុជា​ក៏​អាចធ្វើ​បាន​ដែរ ប៉ុន្តែ​រង់ចាំ​នូវ​ការផ្តល់​ជា​គំនិត​ផ្សេងៗ​ផងដែរ​ពី​ការប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី លោក​ចង់ឱ្យ​គ្រប់​ភូមិសាស្ត្រ​ទាំងអស់​ទុកឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នកសម្រេច​ពាក់​ម៉ាស់ ឬ​មិន​ពាក់​ម៉ាស់​នៅតាម​ទីសាធារណៈ ទីវាល ការធ្វើដំណើរ​តាមផ្លូវ ឬ​ក្រៅ​អគារ​។ ប៉ុន្តែ​សម្រាប់​ការចូល​ក្នុង​កន្លែង​បិទ​ជិត អគារ​រដ្ឋាភិបាល កន្លែងធ្វើការ និង​ក្រុមហ៊ុន ដែលមាន​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់ គួរ​គប្បី​ឱ្យមាន​ការពាក់​ម៉ាស់​ដដែល​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​អ្វីដែល​រាជរដ្ឋាភិបាល​ចង់បាន គឺ​ការជំរុញ​នូវ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ ជា​ដូស​ទី ​៣ ឬ​ដូស​ទី​ ៤ ​ក្តី​។ ជាពិសេស​ដូស​ទី​ ៣ ដែល​ក្លាយជា​ដូស​កាតព្វកិច្ច ដែល​ត្រូវតែ​ធ្វើឱ្យ​ខាងតែបាន ដើម្បី​ជំរុញ​ទៅដល់​ដំណាក់កាល​នៃ​ការលើកលែង​ការពាក់​ម៉ាស់ ប៉ុន្តែ​ការលាង​ដៃ ការរក្សា​គម្លាត​ត្រូវ​រក្សា​បន្ត​អនុវត្ត​ដដែល​»​។

នាឱកាស​នោះដែរ លោក​ក៏បាន​អង្វរករ​ដល់​ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូស​ទី ​៣ ត្រូវ​នាំគ្នា​ទៅ​ចាក់​។ លោក​ក៏បាន​ជំរុញ​ឱ្យ​ក្រុម​គ្រូពេទ្យ​ត្រូវ​តម្រង់​ឆ្ពោះទៅរក​អ្នក ដែល​មិនទាន់បាន​ចាក់​ដូស​ទី​ ៣ ​នេះ​ដែលមាន​ប្រមាណ​ជាជាង​ ៦ ​លាន​នាក់​ទៀត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​ប្រជាពលរដ្ឋ​របស់​យើង​នឹង​យល់​ពី​បំណងល្អ​របស់​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ថា ហេតុអ្វី​បានជា​ជំរុញ​ឱ្យ​ចាក់​វ៉ាក់សាំង ហើយ​កម្ពុជា​នឹង​ទទួលបាន​នូវ​វ៉ាក់សាំង​ជាង​ ២០ ​លាន​ដូស​ទៀត ដែល​ប្រទេស​ជា​មិត្តភក្តិ​នឹង​បញ្ជូនមក​ជា​បន្តបន្ទាប់​ទៀត ខណៈដែល​វ៉ាក់សាំង​នៅក្នុង​ឃ្លាំង​របស់​យើង​នៅសល់​ជាង​ ១១​ លាន​ដូស​ទៀត​»​។

ក្នុង​ពិធី​នោះដែរ លោក​ ឡូរិនហ្សូ ហ្គាឡន់ទី​ (Lorenzo Galanti) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​អ៊ីតាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា ការផ្តល់​នូវ​វ៉ាក់សាំង​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​រវាង​រដ្ឋមន្ត្រី​សុខាភិបាល​សាធារណៈ​រៀងៗ​ខ្លួន និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​យន្តការ​ការពារ​ជន​ស៊ីវិល​នៃ​សហភាព​អឺរ៉ុប​។

លោក​បន្តថា វា​ក៏​ជា​សក្ខីភាព​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​អ៊ីតាលី​ក្នុង​ការជួយ​ប្រជាជន​កម្ពុជា​យ៉ាងច្បាស់ និង​ការខិតខំ​ប្រឹងប្រែង​ដែល​ធ្វើឡើង​ដោយ​អាជ្ញាធរ​កម្ពុជា ក្នុង​ការតស៊ូ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ធានា​សុវត្ថិភាព​ជា​អតិបរមា​នៃ​ប្រជាជន​របស់ខ្លួន រួមទាំង ជនជាតិ​ដែល​មិនមែនជា​ជនជាតិខ្មែរ​។ ក្នុងនោះ​ក៏មាន​ជនជាតិ​អ៊ីតាលី​ជាច្រើន​នាក់ ដែល​បានចាត់ទុក​ប្រទេស​កម្ពុជា​ជា​ផ្ទះ​ទី​ ២ ​របស់​ពួកគេ​ផងដែរ​។

លោក​ ឡូរិនហ្សូ ហ្គាឡន់ទី ថ្លែងថា​៖ «​គោលនយោបាយ​គ្រប់គ្រង និង​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ របស់​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​កោតសរសើរ​យ៉ាង​ទូលំទូលាយ ដោយ​គិត​ត្រឹម​ថ្ងៃនេះ​ [២៥ មេសា​] ប្រជាជន​ប្រមាណ ៩៣% ត្រូវបាន​ចាក់​វ៉ាក់សាំង​ពេញលេញ ហើយ​យុទ្ធនា​ការអប់រំ​ក៏ត្រូវ​បានដាក់​ឱ្យ​ដំណើរការ​នាពេល​ថ្មីៗ​ផងដែរ នៅ​ថ្នាក់ជាតិ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការការពារ​សុខភាព និង​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​»​។

ជាមួយ​គ្នា​នោះ លោក​ ហ៊ុន សែន លើកឡើង​ដែរ​ថា សម្រាប់​ទិសដៅ​ទៅមុខ ស្របពេល​ជំងឺ​កូវីដ​ ១៩ នៅតែ​បង្កឱ្យមាន​នូវ​ភាពមិនប្រាកដប្រជា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ជំរុញ​យុទ្ធនាការជាតិ​ចាក់​វ៉ាក់សាំង ដែល​អំណោយ​វ៉ាក់សាំង​កូវីដ​ ១៩ ដ៏​ថ្លៃថ្លា​ពី​ប្រជាជន និង​រដ្ឋាភិបាល​អ៊ីតាលី នាពេលនេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ផងដែរ​៕