ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​សម្រេច​លើក​លែង​ការ​ពាក់​ម៉ាស់​​​នៅ​តាម​ទីសា​ធារណៈ​ និង​ទី​​កន្លែង​ចំហ​នានា​ ទូទាំង​ប្រទេស លើក​លែងតែ​កន្លែង​ដែល​បិទ​ជិត​ ដោយ​លោក​បានទុក​ឱ្យ​ប្រជាជន​ទាំង​អស់​ ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯងថា​​តើ​ពាក់​ឬ​មិន​ពាក់​ម៉ាស់​​។

យោង​តាម​រយៈ​សារ​សំឡេងពិសេស​របស់​លោក ហ៊ុន សែន នាព្រឹក​ថ្ងៃទី​២៦ ខែ​មេសា នេះ ដោយ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​អនុវត្ត​នៃការលើ​ក​លែង​ការ​ពា​ក់​ម៉ាស់​នេះ គឺ​ត្រូវ​អនុវត្ត​ចាប់​ពី​ប្រជា​ពលរដ្ឋ​ទាំងអស់​បាន​ឮសារ​សំឡេង​របស់​លោក​នេះ​។

លោក មាន​ប្រសាស​ន៍ថា ៖ «ទី​កន្លែង​បិទ​ជិត​ ដែល​ខ្ញុំសំ​ដៅ​លើគឺ​បន្ទប់​ប្រជុំ ដែល​​មាន​ការ​បិទ​ជិត​ដោយ​ប្រើ​ម៉ាស៊ីន​ត្រជាក់ ឬ​ក្នុង​រោង​ភាព​យន្តជា​ដើម ប៉ុន្តែ​នៅ​ទីលម្ហ​អាច​ដោះម៉ាស់​​ចេញ​បាន ហើយ​នៅ​តាម​ទីកន្លែង​កម្សាន្ត​ផ្សេងៗ​ដែល​មិន​មាន​ការ​បិទ​ជិត​ទេ គឺបង​ប្អូន​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​បាន​ថា ពាក់​ឬមិន​ពាក់​ម៉ាស់​​បាន​ដែរ​»។

ជាមួយ​គ្នានេះ​ដែរ សម្រាប់​ទីតាំង​មួយ​ចំនួន​ទៀត រាជ​រដ្ឋា​ភិបាល​ នៅ​តែបន្ត​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ពាក់​ម៉ា​ស់​​ដដែល ប៉ុន្តែ​មិន​មែន​ជាកាតព្វ​កិច្ច​ដែល​ត្រូវ​តែ​ពាក់​នោះ​ទេ គឺ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កក​កុញ និង​កន្លែង​ដែល​សង្ស័យ​ថា ​មាន​កូវីដ​នោះ​ទេ។​

លោក ហ៊ុន សែន បាន​បន្ត​ថា ៖ «នេះ​គឺជា​ជម្រើស​មួយ​ដ៏ល្អ​សម្រាប់​ចូល​រួម​ចំណែក​ជាមួយ​នឹងប​ង​ប្អូន​ជន​រួ​មជា​តិ បន្ទាប់​ពី​យើង​បាន​ចាក់​វ៉ាក់​សាំង​បាន​ពេញ​លេញ​រួច​មក​ហើយ ហើយ​ជាមួយ​នេះ ​ខ្ញុំក៏​សូម​បញ្ជាក់​ថា​ ចំណុច​កន្លែង​ដែល​ត្រូវ​ធ្លាប់​បាន​អនុវត្ត​តាម​ស្តង់ដារបស់​ក្រសួង ​ក៏ត្រូវ​បន្ត​អនុវត្ត​តាម​កន្លែង​ដូច​ជាភោជនីយ​ដ្ឋាន​ឬ​កន្លែង​បិទ​ជិត​​ណាមួ​យ​ជាដើម​»៕

វីដេអូ៖