ភ្នំពេញៈ ​លោក​ឧបនាយក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្លែងថា វិស័យ​អប់រំ​កម្ពុជា​កំពុង​បោះជំហាន​ទៅរក​ទម្រង់​នៃ​ការអប់រំ​តាមបែប​ឌីជីថល​ដែល​ទម្រង់​នេះ​កំពុង​ឆ្លើយតប​យ៉ាងប្រត្យក្ស ទៅនឹង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ ២០២១-២០៣៥​។

លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែង​ដូចនេះ​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​ ២០២០-២០២១ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា ២០២១-២០២២ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​កាលពី​ថ្ងៃទី​ ២៥ មេសា ២០២២​។

លោក​ថ្លែងថា តាមរយៈ​របាយការណ៍​របស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក​សូម​កោតសរសើរ​ដ៏ស្មោះ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ អង្គភាព​ក្រោម​ឱវាទ មន្ទីរអប់រំ រាជធានី​-​ខេត្ត និង​គ្រឹះស្ថានសិក្សា​​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ​យ៉ាងសកម្ម​ដោយ​ធានា​បាន​នូវ​សុវត្ថិភាព​ល្អ​ចំពោះ​សុខុមាលភាព​របស់​បុគ្គលិក អប់រំ និង​ធានាបាន​នូវ​និរន្តរភាព​នៃ​ការសិក្សា​របស់​សិស្សានុសិស្ស និង​និស្សិត ក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា បាន​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី ២០២១-២០២២ មកទល់​ពេលនេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​រីករាយ និង​មាន​មោទនភាព​ខ្ពស់ ដោយបាន​កត់សម្គាល់ឃើញ​ថា វិស័យ​អប់រំ​កំពុង​បោះជំហាន​ទៅរក​ទម្រង់​នៃ​ការអប់រំ​តាមបែប​ឌីជីថល​ដែល​ទម្រង់​នៃ​ការអប់រំ​បែបនេះ​កំពុង​ឆ្លើយតប​យ៉ាង​ប្រត្យក្ស ទៅនឹង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ ២០២១-២០៣៥»​។

លោក​បញ្ជាក់ថា ការ​ប្រែក្លាយ​​វិបត្តិ​ទៅជា​កាលានុវត្តភាព​នាពេលនេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ដោយសារ​យុវជន​យើង​កំពុង​ត្រូវការ​សេវា​អប់រំ​តាមបែប​ថ្មី ទំនើប និង​មាន​គុណភាព​កម្រិត​ខ្ពស់ ជាពិសេស​​នៅពេល​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការប្រើប្រាស់​​បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម​។

បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន ការអភិវឌ្ឍ​សមត្ថភាព​ និង​ទទួលផល​ពី​បច្ចេកវិទ្យា​ទាំងនេះ ប្រកបដោយ​ប្រសិទ្ធភាព និង​​វៃឆ្លាត គឺជា​កត្តាចាំបាច់ ដើម្បី​ធានា​នូវ​ឧត្តមភាព​ប្រៀបធៀប​របស់​កម្ពុជា​នៅក្នុង​តំបន់ និង​សកលលោក​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ពិតជា​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​នៃ​ការអប់រំ​តាមបែប​ឌីជីថល ដើម្បី​ពង្រឹងសមត្ថភាព​ផ្នែក អក្ខរកម្ម​ឌីជីថល​ដល់​សិស្ស និស្សិត និង​យុវជន ក្នុង​គោលបំណង​ទាញ​ប្រយោជន៍​ពី​សេដ្ឋកិច្ច​ឌីជីថល និង​ធ្វើឱ្យ​យុវជន​ជំនាន់​ក្រោយ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទាញយក​ប្រយោជន៍​​ពី​បច្ចេកវិទ្យា​ថ្មីៗ និង​ទីផ្សារ​ឌីជីថល​»​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​នេះ​ថា គិត​ត្រឹម​ឆ្នាំ​សិក្សា ២០២១-២០២២ សាលាមត្តេយ្យ​សិក្សា​ និង​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន​មាន​ចំនួន ១៨ ៤៣០ ក្នុងនោះ​មត្តេយ្យសិក្សា​សហគមន៍​ចំនួន ៣ ០៨៣ គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​ចំនួន ១៣ ៦៨១ ​និង​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន ១ ៦៦​។ រីឯ​សិស្ស​សរុប​មាន​ចំនួន ៣ ៥៨៩ ០២៥ ​នាក់ សិស្សស្រី ៥០,៤ ​ភាគរយ​។

ចំណែក​គ្រឹះស្ថាន​ឧត្តមសិក្សា​សរុប​មាន​ចំនួន​ ១៣០ ​ក្នុង​​នោះ​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ​មាន​ ៤៨ និង​គ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជន​បាន​ ៨ ដោយ​​មាន​និស្សិត​កំពុង​សិក្សា​សរុប​ចំនួន ១៩៨ ៣៦៣ ​នាក់ ក្នុងនោះ​មាន​ស្រី ៤៩,៧ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​ថ្វីដ្បិត​ដំណើរការ​រៀន និង​បង្រៀន​ក្នុង​រយៈពេល​ ២​ ឆ្នាំកន្លងមក ត្រូវបាន​អាក់ខាន​ដោយ​អន្លើ ដោយសារ​​វិបត្តិ​កូវីដ ១៩ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់​ និង​បាន​​ប្រែក្លាយ​វិបត្តិ​កូវីដ​ ១៩ ទៅជា​ឱកាស​»​។

លោក​បានឱ្យដឹងថា​ឆ្នាំ​ ២០២២ ​នេះ សន្និបាត​អប់រំ​បានដាក់​ចេញ​វិធានការ​កែទម្រង់​វិស័យ​អប់រំ​ដំណាក់កាល​ទី​ ៣ គឺ​ការកសាង​ប្រព័ន្ធ និង​ការអភិវឌ្ឍ​សមត្ថភាព​ដោយ​ដាក់ឱ្យ​អនុវត្ត​អភិក្រម​ស្តីពី​ការគ្រប់គ្រង​ផ្ដោត​​លើ​លទ្ធផល ឆ្ពោះទៅរក​ការដោះស្រាយ​បញ្ហា​ជា​លក្ខណៈ​ប្រព័ន្ធ​ និង​តាមបែប​អនុវិស័យ​។

លោក​បន្តថា សន្និបាត​អប់រំ​បាន​សម្រេច​ដាក់ចេញ​វិធានការ ការពង្រឹង​ប្រព័ន្ធគ្រប់គ្រង​អប់រំ​ដោយ​ត្រូវ​រួមបញ្ចូល​គ្នា​នូវ​ការពិនិត្យ​ឡើងវិញ​មុខងារ​ និង​ភារកិច្ច ការរៀបចំ​ផែនការ​ប្រចាំឆ្នាំ ការអនុវត្ត​គន្លង​អាជីព ការអភិវឌ្ឍ​សមត្ថភាព និង​ការពិនិត្យ​តាមដាន​ និង​វាយតម្លៃ​... ដោយ​បើ​ប្រាស់​ប្រព័ន្ធ​រង្វាយ​តម្លៃ​ការបំពេញការងារ​ប្រចាំឆ្នាំ​។

លោកស្រី Foroogh Foyouzat តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​នេះដែរ​ថា ដូច​ឆ្នាំមុនៗ​ដែរ សន្និបាត​អប់រំ​ផ្ដល់ឱកាស​សម្រាប់​អ្នក​ពាក់ព័ន្ធ​ទាំង​បុគ្គលិក​អប់រំ​នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ សាលារៀន និង​ក្រុង​/​ស្រុក​/​ខណ្ឌ​ទូទាំង​ប្រទេស ដើម្បី​កែលម្អ​ការផ្តល់សេវា​អប់រំ​ដោយផ្ទាល់​​ហើយ​ចូលរួម​ពិភាក្សាគ្នា​ ដើម្បី​ពង្រឹង​គោលនយោបាយ និង​ប្រព័ន្ធ​អប់រំ​ទាំងមូល​។

លោកស្រី​បាន​ថ្លែងថា​៖ «​សន្និបាត​អប់រំ​ឆ្នាំនេះ វេទិកា​ថ្នាក់ជាតិ ថ្នាក់​រាជធានី​/​ខេត្ត និង​សាលារៀន ដែល​នឹង​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ នឹង​ពិភាក្សា​អំពី​បញ្ហា​អប់រំ​សំខាន់ៗ​ជាច្រើន​ជាមួយ​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ស្ដាប់​នូវ​ទស្សនៈ​ផ្សេងៗ​ដែល​នឹងត្រូវ​ចែករំលែក​ជា​ផ្នែក​មួយ​នៃ​កិច្ចពិភាក្សា​ទាំងនេះ​..»​។

បើតាម​លោកស្រី​ Foroogh Foyouzat ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​ទាក់ទង​នឹង​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ ​គឺ​ការបង្កើត​បរិយាកាស​សិក្សា​ប្រកប​​ដោយ​សុវត្ថិភាព​នៅ​សាលារៀន​ជាមួយ​នឹង​ការផ្ដល់​ការរៀន​ពី​ចម្ងាយ​អំឡុងពេល​បិទ​សាលា ​និង​ការដាក់ឱ្យ​ប្រើប្រាស់​ឡើង​​វិញ​នូវ​កញ្ចប់​សិក្សា​បំប៉នបន្ថែម​សម្រាប់​ការរៀន និង​បង្រៀន​។ លោកស្រី​ថា​ជាមួយនឹង​ការបើក​សាលារៀន​ឡើងវិញ និង​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ទាំង​​នេះ​បានធ្វើឱ្យ​កុមារ​អាច​បន្ត​ការសិក្សា​ដោយ​រលូន​ប្រកប​ដោយ​សុវត្ថិភាព​នៅ​ដើមឆ្នាំ​សិក្សា​ថ្មី​ដែល​បានចាប់ផ្ដើម​ពីថ្ងៃ​ទី​ ១០ ខែមករា​ឆ្នាំ​ ២០២២​។

លោកស្រី​បន្ថែមថា ដោយមាន​ការអនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​ស្តង់ដា​ប្រតិបត្តិ​លើ​សុខភាព​ និង​សុវត្ថិភាព​នៅតាម​សាលារៀន​នីមួយៗ សាលារៀន​ស្ទើរតែ​ទាំងអស់​នៅតែ​បើក​ដំណើរការ ទោះបីជា​មានការ​រីករាលដាល​ជា​បន្ត​បន្ទាប់ពី​ជំងឺ​កូវីដ-១៩ ក៏ដោយ​។ នេះ​បានបង្ហាញ​ឱ្យឃើញ​ម្តង​ទៀតថា សាលារៀន​មិនមែនជា​កត្តា​ជំរុញ​សំខាន់​នៃ​ការឆ្លង​ជំងឺ​កូរីដ ​១៩ ហើយ​ការរៀន​នៅក្នុង​ថ្នាក់រៀន​គឺអាច​ធ្វើទៅបាន​ដោយ​សុវត្ថិភាព​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​អបអរសាទរ ចំពោះ​ការយក​ចិត្ត​ទុកដាក់​របស់​ក្រសួង​ក្នុងការ​បង្កើត​បរិយាកាស​សិក្សា​ប្រកប​ដោយ​សុវត្ថិភាព និង​ជំរុញ​ឱ្យ​សាលា​បន្ត​បើក​ដំណើរការ​»៕