ភ្នំពេញៈ ប្រធាន​ព្រឹទ្ធសភា លោក​ សាយ ឈុំ និង​ប្រធាន​រដ្ឋសភា​ឥណ្ឌា លោក​ អំ បឺរឡា (Om Birla)​លើកឡើងថា ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ កម្ពុជា-​ឥណ្ឌា ត្រូវបាន​ពង្រឹង និង​ពង្រីក​យ៉ាង​ជិតស្និទ្ធ​ដោយ​ចាត់ទុក វិស័យ​នានា​រវាង​ប្រទេស​ទាំង​ ២ ​មានការ​រីកចម្រើន​ឥតឈប់ឈរ​។

ការលើកឡើង​ដូច្នេះ ក្នុងជំនួប​រវាង​ភាគី​ទាំង​ ២ នា​ថ្ងៃទី​ ២២ មេសា ក្នុងឱកាស លោក​ អំ បឺរឡា មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី​ ២១-២៤ ខែមេសា​។ សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋសភាព​កម្ពុជា​បញ្ជាក់ នា​ថ្ងៃទី​ ២៥ មេសា ថា​៖ «​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បានឃើញ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ ២ ដែលមាន​ការរីកចម្រើន​ឥតឈប់ឈរ​»​។

លោក​ សាយ ឈុំ ថ្លែងថា ឥណ្ឌា បាន​គាំទ្រ​ឯករាជភាព​របស់​កម្ពុជា​ក្នុង​ទសវត្សរ៍​ទី​ ៥០ និង​ជា​ប្រទេស​ដំបូង​ដែល​ទទួលស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក្នុង​ទសវត្សរ៍​ទី​ ៨០​។ ប្រទេស​ឥណ្ឌា​ក៏បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​មកជួយ​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​កម្ពុជា​ក្នុង​បេសកកម្ម​របស់​អ៊ុនតាក់​ផងដែរ​។ កន្លងមក រដ្ឋសភា ព្រឹទ្ធសភា និង​រដ្ឋាភិបាល​ឥណ្ឌា​បាន​ជួយ​អភិវឌ្ឍ ធនធាន​មនុស្ស​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា តាមរយៈ​ការផ្តល់​អាហារូបករណ៍​រយៈពេល​ខ្លី​មធ្យម​ទៅ​រៀន​នៅ​ប្រទេស​ឥណ្ឌា​។

ប្រភព​ដដែល​ស្រង់​សម្តី​លោក​ អំ បឺរឡា ថា​៖ «​ក្នុង​រយៈពេល​ ៧ ​ទសវត្សរ៍​កន្លងទៅ ប្រទេស​ឥណ្ឌា​មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា​»​។

កាលពី​ឆ្នាំ​ ២០១៦ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​កម្ពុជា និង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ឥណ្ឌា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ផងដែរ​។ ឆ្នាំ​ ២០២២​ នេះ គឺជា​ឆ្នាំ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​ ៣០ នៃ​ទំនាក់ទំនង​អាស៊ាន​-​ឥណ្ឌា លោក​ អំ បឺរឡា បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​សភា​របស់​អាស៊ាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា ក្នុងនោះ​លោក​ក៏បាន​អញ្ជើញ​លោក​ សាយ ឈុំ ផងដែរ​។

នា​ជំនួប​ថ្ងៃទី​ ២២ មេសា​នោះដែរ លោក ​ហេង សំរិន ប្រធានរដ្ឋសភា និង​លោក​ អំ បឺរឡា បាន​ជូនពរ​ឱ្យ​ចំណងមិត្តភាព និង​សាមគ្គីភាព​កម្ពុជា​-​ឥណ្ឌា ស្ថិតស្ថេរ​យូរអង្វែង និង​ឱ្យ​ប្រទេស​ទាំង​ ២ ​ទទួលបាន​នូវ​វឌ្ឍនភាព សេចក្តីសុខ​ចម្រុង​ចម្រើន​ជា​រៀងរហូត​តទៅ​។

លោក​ ហេង សំរិន ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក​ អំ បឺរឡា បញ្ចប់​ដោយ​ផ្លែផ្កា​ជាច្រើន​ក្នុង​ការពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ និង​គ្រប់​ជ្រុងជ្រោយ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ក៏ដូចជា​នីតិ​ប្រតិបត្តិ​ និង​ប្រជាជន​ប្រទេស​ទាំង​ ២​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ​ក្នុង​ការបន្ត​រឹតចំណង​មិត្តភាព​កម្ពុជា​-​ឥណ្ឌា ព្រមទាំង​បាន​ថ្លែង​អំណរគុណ​ចំពោះ​ឥណ្ឌា ដែល​បាន​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​កម្ពុជា​។

ការជួយឧបត្ថម្ភ​របស់​ឥណ្ឌា រួមមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ការជួយ​អភិរក្ស​ប្រាង្គ​ប្រាសាទ ការផ្តល់​ជំនួយ​មនុស្សធម៌ សង្គ្រោះ ប្រជារាស្ត្រ​កម្ពុជា​ដែល​ទទួលរងគ្រោះ​ដោយ​ទឹកជំនន់ ការផ្តល់​វ៉ាក់សាំង និង​សម្ភារ​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ សាលាក្ដី​ខ្មែរក្រហម ការជួយ​គាំទ្រ ដំណើរការ​បោះឆ្នោត និង​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត រួមចំណែក​ជួយ​លើកកម្ពស់​ជីវភាព​សុខុមាលភាព​ប្រជារាស្ត្រ​ ​និង​ធ្វើឱ្យ​ការ​ស្ថាបនា​នៅ​កម្ពុជា មាន​ការរីកចម្រើន​ជឿនលឿន​ដោយ​ឥតឈប់ឈរ​។

សេចក្តី​ប្រកាស​បន្តថា​៖ «​ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​រំភើប​រីករាយ​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​-​ឥណ្ឌា ក្នុង​រយៈពេល​ដ៏​យូរលង់​កន្លងមក ដែល​បាន​រួមសុខ រួមទុក្ខ​ជាមួយគ្នា និង​បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំង​ ២ ​ដែល​នាំ មក​នូវ​គុណប្រយោជន៍​យ៉ាង​ធំធេង ក្នុង​ការបន្ត​ជំរុញ​ឱ្យ​ចំណង​សាមគ្គីភាព​ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​របស់​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំង​ ២ ​កម្ពុជា​-​ឥណ្ឌា កាន់តែ​ទទួលបាន​នូវ​ភាព​រីកចម្រើន ថ្កុំថ្កើង​ និង​ជិតស្និទ្ធ​ថែមទៀត​»​។

ស្ថានទូត​ឥណ្ឌា​នៅ​កម្ពុជា​បញ្ជាក់ នា​ថ្ងៃទី​ ២៥ មេសា ថា ក្នុងជំនួប​ជាមួយ​លោក​ សាយ ឈុំ លោក ​អំ បឺរឡា លើកឡើងថា​៖ «​យើង​ផ្តល់​តម្លៃ​ចំពោះ​ទំនាក់ទំនង​របស់​យើង ដោយ​ផ្អែកលើ​ប្រវត្តិសាស្ត្រ​រួម​វប្បធម៌​រស់​រវើក និង​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​»៕