The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​សូមឱ្យ​ពលករ​ស្របច្បាប់​វិល​ទៅ​ធ្វើការ​នៅ​ថៃ ​ត្រូវ​ទៅតាម​ច្រកព្រំដែន​អន្តរជាតិ

អាជ្ញាធរ​សូមឱ្យ​ពលករ​ស្របច្បាប់​វិល​ទៅ​ធ្វើការ​នៅ​ថៃ ​ត្រូវ​ទៅតាម​ច្រកព្រំដែន​អន្តរជាតិ

Content image - Phnom Penh Post
ពលករ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅកាន់​ប្រទេស​ថៃ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ២៣ ​មេសា នៅ​ខេត្តបន្ទាយមានជ័យ​។ រូបថត នគរបាល

អាជ្ញាធរ​សូមឱ្យ​ពលករ​ស្របច្បាប់​វិល​ទៅ​ធ្វើការ​នៅ​ថៃ ​ត្រូវ​ទៅតាម​ច្រកព្រំដែន​អន្តរជាតិ

បន្ទាយមានជ័យៈ នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ជិត​ ១០០​ នាក់ ដែល​បម្រុង​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ខណៈ​អាជ្ញាធរ​សូមឱ្យ​ពលករ​ស្របច្បាប់​ដែល​វិល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ ត្រូវ​ចូលទៅ​តាម​ច្រកព្រំដែន​អន្តរជាតិ ដោយមាន​ការបំពេញ​បែបបទ​ត្រឹមត្រូវ​។ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឱ្យដឹងថា ពាក់ព័ន្ធ​កិច្ចការ​ព្រំដែន​នេះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​លោក​ សិទ្ធិ ឡោះ បានដាក់​ចេញ​នូវ​បទបញ្ជា​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់ ដូចជា​បទល្មើស​សេដ្ឋកិច្ច បទល្មើស​គ្រឿងញៀន និង​ប្រជាពលរដ្ឋ​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។

ជាក់ស្តែង នៅវេលា​ម៉ាង​ ១៦​ និង​ ០០​ នាទី ថ្ងៃទី​ ២៣ ខែមេសា លោក សួង សៅ មេបញ្ជាការ វរសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​ ៨១៥ អមដំណើរ​ដោយ​លោក មាស ម៉េងហួង មេបញ្ជាការរង វរសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​ ៨១៥ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ចំបក់​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹងបេង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ និង​កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​បាន​ធ្វើការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​បាន​ចំនួន​ ៩៥​ នាក់ ត្រង់ចំណុច​មាត់​អូរ​ព្រំដែន​ស្ថិតក្នុង​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​។

លោក ​សួង សៅ ​បន្តថា ពលករ​ដែល​បម្រុង​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ចំនួន​ ៩៥​ នាក់​នោះ មាន ស្រី​ ៣៩ ​នាក់ និង​កុមារ​ ១១ ​នាក់ មកពី​ខេត្ត​ចំនួន ​១០​។ ក្នុងនោះ​ខេត្ត​បន្ទាយមានជ័យ ​២១​ នាក់ សៀមរាប​ ២៩ ​នាក់ បាត់ដំបង​ ១៣ ​នាក់ ឧត្តរមានជ័យ​ ៥ ​នាក់ កំពង់ធំ​ ២​ នាក់ កំពត​ ៨​ នាក់ ព្រៃវែង​ ១០ ​នាក់ តាកែវ​ ៣ ​នាក់ ស្វាយរៀង​ ៣ ​នាក់ និង​ខេត្ត​ត្បូងឃ្មុំ​ ១​ នាក់​។

លោក​បន្តថា ក្រោយ​ការឃាត់ខ្លួន​សួរនាំ និង​ធ្វើ​កិច្ចសន្យា​រួច សមត្ថកិច្ច​បានប្រគល់​ពួកគាត់​ជូន​ផ្នែក​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ ដើម្បី​ចាត់​វិធានការ​បន្ត​តាម​នីតិវិធី ។

លោក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ាឡៃ​បញ្ជាក់ថា ពលរដ្ឋ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​ហើយ​អនុញ្ញាតឱ្យ​ពួកគាត់ វិលត្រឡប់​ទៅរក​ការងារ​ធ្វើ​នៅឯ​ស្រុកកំណើត​វិញ​។

ទាក់ទង​នឹង​បញ្ហា​ពលរដ្ឋ​ឆ្លងដែន​នេះ​កម្លាំង​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​មេខ្សល់​ដែល​ពាក់ព័ន្ធ​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ដើម្បី​ចាប់ខ្លួន​យកទៅ​ផ្តន្ទាទោស ។

អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បាន​ថ្លែងថា ក្នុងនាម​រាជរដ្ឋាភិបាល​យើង​បាន​ខិតខំ​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រសួង​ការងារ​ថៃ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​តាម​ច្រក​អន្តរជាតិ ដើម្បី​បញ្ជាក់​លិខិត​ឆ្លងដែន​ដែល​ទទួលស្គាល់​ដោយ​កម្ពុជា​-​ថៃ​ជា​ផ្លូវការ​។

លោក​ថា​៖ «​ព្រោះ​យើង​មិន​អនុញ្ញាតឱ្យ​គាត់​ចេញចូល​តាម​ច្រករបៀង​ (​ខុសច្បាប់​) ​ដែល​មិនមែនជា​ច្រក​ផ្លូវការ​ទេ ព្រោះ​តាម​ច្រក​អន្តរជាតិ មាន​ការបំពេញបែបបទ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ គាត់​អាច​ចេញចូល​បាន​សម្រាប់​បងប្អូន​ពលករ ប៉ុន្តែ​មិនមែន​សម្រាប់​ទេសចរ​ទេ​»​។

លោក​ថា តាម​គោលការណ៍​ខេត្ត​មិន​អនុញ្ញាត​ឱ្យ​ចេញចូល​តាម​ច្រករបៀង​នោះទេ ខណៈ​កម្លាំង​សមត្ថកិច្ច​នៅ​បន្ត​រឹតបន្តឹង​តាម​ខ្សែបន្ទាត់​ព្រំដែន​ដដែល និង​ស្រាវជ្រាវ​រក​មេខ្យល់​ផងដែរ​។

ពលករ​មួយរូប​រស់នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ​មុនពេល​ចូលឆ្នាំ​ខ្មែរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា លោក​មិនមាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ឆ្លងកាត់​ព្រំដែន​តាម​ច្រក​ដែល​ស្របច្បាប់​ទៅ​ថៃ​វិញ​នោះទេ ដូច្នេះ​មានតែ​រង់ចាំ​រដ្ឋាភិបាល​ទាំង​ ២​ បើក​ច្រកព្រំដែន​ទាំងស្រុង​ឡើងវិញ​សិន​។ លោក​និយាយថា​៖ ​​«​ឥឡូវ​ខ្ញុំ​ធ្វើការ​ឱ្យគេ​ដក​ដំឡូង និង​ធ្វើស្រែ​សិន ព្រោះ​បើ​ទៅវិញ​គេ​ត្រូវការ​លិខិតឆ្លងដែន និង​ឯកសារ​ផ្សេងៗ ហើយ​បើ​ខ្ញុំ​ត្រឡប់​ទៅវិញ​មានតែ​តាម​ច្រករបៀង​ហើយ​ឱ្យ​អ្នក​នាំ​ផ្លូវ ៨ ០០០ ​បាត អ៊ីចឹង​ខ្ញុំ​សម្រេចចិត្ត​នៅ​ខ្មែរ​សិន​»​។

ចំណែក ស្នងការ​នគរបាល​ខេត្តបាត់ដំបង​លោក សាត គឹមសាន បានចេញ​បញ្ជា​ដាក់​កម្លាំង​ជាប្រចាំ ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ដើម្បី​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លងដែន និង​មេខ្យល់​នាំ​ពលករ​ចេញ​-​ចូល​ខុសច្បាប់ តាម​ខ្សែបន្ទាត់​ព្រំដែន​។ ជាក់ស្តែង​នៅ​ថ្ងៃទី​ ២៤ ខែមេសា កម្លាំង​ខេត្តបាត់ដំបង​បាន​ត្រៀមកម្លាំង​ចេញ​ល្បាត រួមមាន កម្លាំង​ប៉ុស្តិ៍​អូរអន្លក់ ចំនួន ​៨ ​នាក់ កម្លាំង​ប៉ុស្តិ៍​បឹង​អាជាង ចំនួន ២ ​នាក់ និង​បាន​សហការ​ជាមួយ​កងកម្លាំង​វរ:​ចំណុះ​ឱ្យ​កម្លាំង​កងពល​តូច​ថ្មើរជើង​លេខ​ ៥២ កម្លាំង​កងពល​លេខ​ ៥៣ និង​កម្លាំង​ផ្នែក​សឹករង​ស្រុក​បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​នៅតាម​ព្រំដែន​ ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ និង​ក្តាប់​សភាពការណ៍​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដែលជា​លទ្ធផល​ពិនិត្យឃើញថា ពុំមាន​សកម្មភាព​អ្វី​គួរឱ្យកត់សម្គាល់​ឡើយ​។ យ៉ាងណាមិញ​លោក សាត គឹមសាន ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មិនទាន់​ទទួល​បាន​របាយការណ៍​សរុប​ពី​ភាគី​ពាក់ព័ន្ធ​នៅឡើយ​ទេ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ពលករ​នេះដែរ យ៉ាងហោចណាស់​មាន​ពលករ​ខ្មែរ​ចំនួន ២​ នាក់​ស្លាប់ និង​របួសធ្ងន់​-​ស្រាល​ចំនួន​ ១២ ​នាក់ ខណៈ​រថយន្ត​ដឹក​ពលករ​ខ្មែរ ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្រះកែវ កាលពី​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ​ ២០២២៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍