តាកែវៈ អាជ្ញាធរ​ស្រុក​គិរីវង់​កំពុង​ដំណើរការ​នីតិវិធី​លើ​បណ្ដឹង​ចោទប្រកាន់​មួយ​ពាក់ព័ន្ធ​ករណី​ «​ប្រើប្រាស់​អាវុធ​គំរាមថា​នឹង​សម្លាប់​» ដែលមាន​ជនជាប់ចោទ​ម្នាក់​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។ នេះ​បើតាម​មន្ត្រីនគរបាល​មូលដ្ឋាន​។

លោក​ យុគ សារ៉ាត់ អធិការនគរបាល​ស្រុក​គិរីវង់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​២៥ ខែមេសា ថា លោក​ ទុន ឧត្តម អាយុ​ ៥០ ​ឆ្នាំ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ត្រូវបាន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ ធា គិរី អាយុ​ ៤២​ ឆ្នាំ ជា​បុគ្គលិក​សន្តិសុខ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នៅ​ឃុំ​ភ្នំ​ដិន​ប្ដឹង​ចោទប្រកាន់​ពីបទ​ «​ប្រើ​អាវុធ​គំរាមថា​នឹង​សម្លាប់​»​។

លោក​បន្តថា យោងតាម​បណ្ដឹង​របស់​ជនរងគ្រោះ​កាលពី​ព្រលប់​ថ្ងៃទី​ ២៣ ខែមេសា ឆ្នាំ​ ២០២២ ជនសង្ស័យ​បាន​ដក​កាំភ្លើងខ្លី​ធ្វើ​សកម្មភាព​គំរាម​បាញ់​សម្លាប់​ទៅលើ​ជនរងគ្រោះ​នៅ​ចំណុច​កាស៊ីណូ​ភ្នំ​ដិន ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្តតាកែវ​។ មូលហេតុ ដោយសារ​ជន​រងគ្រោះ​បាន​និយាយ​ញ៉ែញ៉ង​ជាមួយ​នារី​ម្នាក់​ជា​ស្រី​កំណាន់​របស់​ជនសង្ស័យ​ដែល​បានទៅ​លក់​កាហ្វេ​នៅជាប់​កាស៊ីណូ​ភ្នំ​ដិន​។

លោក​ថា​៖ «​នៅពេលនេះ ក្រុមមន្ត្រី​នគរបាល​យើងខ្ញុំ​បាន​បញ្ជូន​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​ពិនិត្យ និង​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​»​។

ពាក់ព័ន្ធ​ករណីនេះ លោក​ យុង ញ៉ីវ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណីនេះ លោកស្នងការ​បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​អនុវត្ត​នីតិវិធី​ទៅតាម​ច្បាប់ ព្រោះ​ករណីនេះ​ជា​ករណី​បុគ្គល​។

លោក​ថ្លែងថា​៖ «​នៅពេលនេះ​ខ្ញុំ​នៅ​មិន​ទាន់​ទទួលបាន​របាយការណ៍​លម្អិត​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ជុំវិញ​ដំណើរការ​អនុវត្ត​នីតិវិធី​លើ​សំណុំ​រឿងនេះ​នៅឡើយ​ទេ​។ ម្យ៉ាងទៀត ករណីនេះ ជា​ករណី​ជម្លោះ​បុគ្គល មិន​ពាក់ព័ន្ធ​នឹង​អង្គភាព​ឡើយ​»​។

បើតាម​លោក​ យុង ញ៉ីវ ក្រុមអធិការកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​ ២៥ ខែមេសា ឆ្នាំ​ ២០២២ បាន​ចុះ​ធ្វើ​អធិការកិច្ច​ត្រួតពិនិត្យ​កងកម្លាំង ហើយ​ក៏បាន​ជំរុញ​ឱ្យ​ក្រុមមន្ត្រី​នគរបាល​ជំនាញ​ចាត់វិធានការ​ទៅតាម​ច្បាប់​កងកម្លាំង ក្នុង​ករណី​រកឃើញថា លោក​ ទុន ឧត្តម ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​របស់​ជនរងគ្រោះ​មែន​នោះ​។

លោក​ ទុន ឧត្តម មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​កាលពី​ថ្ងៃទី​ ២៥​ មេសា​៕