ភ្នំពេញៈ នៅក្នុង​ខួប​លើក​ទី​ ៥០ នៃ​ឱសថ​អាតេមីស៊ីនីន និង​វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​កសាង​សហគមន៍​នៃ​សុខភាព​ទូទៅ សម្រាប់​មនុស្ស​ជាតិ នៅ​ថ្ងៃទី ​២៥ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​តួអង្គ ពិសេស​ចិន ដើម្បី​លុបបំបាត់​ជំងឺគ្រុនចាញ់​។

លោក​ ហ៊ុន សែន​ក៏បាន​បង្ហាញ​ពី​ការគាំទ្រ ចំពោះ​គ្រប់​សកម្មភាព និង​កិច្ចសហប្រតិបត្តិការ ដែល​បាននិងកំពុង​អនុវត្ត ដើម្បី​កសាង​សហគមន៍​នៃ​សុខភាព​ទូទៅ​សម្រាប់​មនុស្សជាតិ ជាពិសេស​ការលុបបំបាត់​ជំងឺ​គ្រុនចាញ់ តាមរយៈ​ការប្រើប្រាស់​ឱសថ​អាតេមីស៊ីនីន ខណៈ​ក្នុង​រយៈពេល​ ៤​ ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ឡើយ​។

លោក​មានប្រសាសន៍ថា​៖ «​សម្រាប់​ទិសដៅ​ទៅ​អនាគត​កម្ពុជា​នឹង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង និង​មូលនិធិ​ជំនួយ​សហប្រតិបត្តិការ​ត្បូង​-​ត្បូង​ប្រទេស​ចិន ជាដើម​ ដើម្បី​ឈានទៅ​លុប​បំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​»​។

ជាមួយ​គ្នានេះដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​ចំពោះ​គ្រប់​សកម្មភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​បាននិងកំពុង​អនុវត្ត​ដើម្បី​កសាង​សហគមន៍​នៃ​សុខភាព​ទូទៅ សម្រាប់​មនុស្សជាតិ ជាពិសេស​ការលុបបំបាត់​ជំងឺ​គ្រុនចាញ់ តាមរយៈ​ការប្រើប្រាស់​ឱសថ​អាតេមីស៊ីនីន​។

សម្រាប់​ប្រទេស​កម្ពុជា​ដែល​ស្ថិតក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ ធ្លាប់មាន​ជំងឺគ្រុនចាញ់​ជាង​ ១៧ ​ម៉ឺន​ករណី និង​ស្លាប់​ជិត ១ ០០០ ​នាក់ នា​ទសវត្សរ៍​ឆ្នាំ ​៨០ ប៉ុន្តែ​ក្នុង​ឆ្នាំ​ ២០២១ កន្លងទៅ ជំងឺ​គ្រុនចាញ់​បាន​ថយចុះ​មក​នៅ​ចំនួន ៣ ៩៥៩​ ករណី និង​គ្មាន​ការស្លាប់​រយៈពេល ៤ ​ឆ្នាំ​ចុងក្រោយ បើទោះជា​ប្រឈម​នឹង​ការលំបាក​ដោយសារ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​។

សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ កើតចេញពី​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ឆ្នាំ​ ២០១១-២០២៥ របស់​រាជរដ្ឋាភិបាល ដែលមាន​ទិសដៅ​យុទ្ធសាស្ត្រ​ចំនួន​ ៤ រួមមាន ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឱ្យបាន​រហ័ស ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អាតេមីស៊ីនីន ឱ្យបាន​ត្រឹមត្រូវ​តាម​រូបមន្ត​ដើម្បី​បញ្ចៀស​ភាពស៊ាំ​របស់​ថ្នាំ​នេះ បង្ការ​ការចម្លង​មេរោគ​គ្រុនចាញ់​ដោយ​ប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ និង​ការងារ​អប់រំ​លើកកម្ពស់​សុខភាព ដោយមាន​ការចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ការចូលរួម​របស់​ប្រជាពលរដ្ឋ​។

លោក​បន្ថែមថា ទន្ទឹមនេះដែរ ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ គឺ​ការផ្សារភ្ជាប់​ដោយ​ភាពទន់ភ្លន់ និង​បត់បែន តាម​យុទ្ធសាស្ត្រ​សកល និង​តំបន់ ព្រមទាំង​រៀនសូត្រ​ដកស្រង់​បទពិសោធ​ពីគ្នា​ទៅវិញ​ទៅមក​។ លោក ហ៊ុន សែន ​បាន​បញ្ជាក់ថា៖ «​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្អែកលើ​ទំនុកចិត្ត ភាពជា​ដៃគូ​ដោយ​យក​ប្រជាជន​ជា​ស្នូល និង​មូលដ្ឋាន​ពហុភាគី​និយម ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​ទស្សនវិស័យ ពិភពលោក​គ្មាន​ជំងឺគ្រុនចាញ់​ឆ្នាំ​ ២០២៥»​។

លោក វ៉ី សំណាង អភិបាល​ខេត្តកំពង់ស្ពឺ​បាន​ថ្លែង​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​កាលពី​ថ្ងៃទី​ ២៤ ខែមេសា ក្រោម​ប្រធានបទ «​រួមគ្នា​អនុវត្ត​គន្លង​សកម្មភាព​ថ្មីៗ​ឈានទៅ​កាត់បន្ថយ​បន្ទុក​ជំងឺគ្រុនចាញ់​សកល ដើម្បី​លើកកម្ពស់​សុខុមាលភាព​» ​ថា ស្ថានភាព​គ្រុនចាញ់​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​ថយចុះ​គួរឱ្យកត់សម្គាល់​។

លោក​បាន​ថ្លែងថា ក្នុង​ខេត្ត​កំពង់ស្ពឺ ស្ថានភាព​ជំងឺគ្រុនចាញ់​បាន​ថយចុះ​ក្នុង​រង្វង់ ៥៥% រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​ ២០១៩ ​មក​។ ក្នុងនោះ​នៅ​ឆ្នាំ​ ២០១៩ មាន ៥ ៥៣៤ ​ករណី ឆ្នាំ​ ២០២០ មាន ២ ៤៦៩ ​ករណី​ និង​ឆ្នាំ​ ២០២១ មាន​ចំនួន​ ១ ២២១ ​ករណី ហើយដោយ​ឡែក​ករណី​គ្រុនចាញ់​សន្ធំ និង​ចម្រុះ​បាន​ថយចុះ​ក្នុង​រង្វង់ ៧០% រៀងរាល់​ឆ្នាំ​ផងដែរ​។

លោក វ៉ី សំណាង បន្តថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២​ នេះ​និន្នាការ​នៃ​ជំងឺគ្រុនចាញ់​ក៏មាន​ការថយចុះ​ដែរ គឺមាន​ចំនួន ១៩៩ ​ករណី​ក្នុងនោះ ប្រភេទ​គ្រុនចាញ់​សន្ធំ និង​ចម្រុះ​មាន​ចំនួន​ ២៧ ​ករណី និង​ប្រភេទ​លាប់​ចំនួន ១៧២ ​ករណី​៕