ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កំពុង​តែ​ពិនិត្យ​ទៅលើ​លទ្ធភាព​នៃការ​ចាក់​វ៉ាក់​សាំង​កូវីដ ១៩​ ដូស​ទី៥ សម្រាប់​មន្រ្តី​ជួរ​មុខ ដើម្បី​បង្កើន​ភាព​សុំា កាន់​តែ​ច្រើន ប៉ុន្តែ​អ្វី​ដែល​លោក​នៅតែ​អំពាវនាវ​ និង​ចង់​បាន​បំផុត​នោះ គឺសុំ​ឱ្យ​ប្រជា​ពល​រដ្ឋ​​មកទទួល​យក​នូវ​វ៉ាក់​សាំង​ដូស​ទី៣ ​ឱ្យ​បាន​គ្រប់​ៗគ្នា សម្រាប់​ប្រជា​ពលរដ្ឋ​ប្រមាណជា​​ជាង ​៦​ លាន​នា​ក់​ទៀត​។

លោកនាយ​ក​រដ្ឋ​មន្រ្តីបាន​ថ្លែង​ដូច​នេះ តាម​រយៈ​សារ​សំឡេង​ពិសេស​នាព្រឹក​ថ្ងៃ​ទី​ ២៦ ខែមេសា​នេះ ដោយ​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា បើទោះ​បីជា​មិន​មាន​អ្នក​ណាចាក់​ដូសទី៣ ​នេះ​ក៏ដោយ​ ក៏​មិន​ត្រូវ​បាន​ទទួល​នូវការ​ផាក​ពិន័យឬ​ដាក់​ទណ្ឌ​កម្ម​នោះ​ដែរ​ ប៉ុន្តែវា​គឺជាការកា​រពារ​នូវ​សុខភាព​ សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ ​និង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ។​

លោក​បាន​ថ្លែង​ថា៖ «ការ​តម្រូវ​ឱ្យ​មាន​ការ​ចាក់ដូស​ទី៣​ នេះ ក៏អាច​ចាត់​ទុក​ថា ជាកាតព្វ​កិច្ចដែល​ខាង​ផ្នែក​សុខ​ភាពរបស់​យើង​ តម្រូវ​ឱ្យ​ចាក់​ដូសទី​៣ ​នេះ ដើម្បី​រក្សា​នូវភាព​ធន់​នៃសុខ​ភាព​របស់​យើងដែ​រ និង​ការ​ចូល​រួម​ចំណែក​ក្នុង​ការការ​ពារ​នៃការ​ឆ្លង​មេរោគ​កូវីដ ​១៩​»។

ទន្ទឹម​នឹង​នេះ​ដែរ លោក ហ៊ុន សែន ក៏បាន​ថ្លែង​ដោយ​លោក​បាន​ធ្វើការ​​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ ហើយ​ក្នុង​ករណី​មាន​ការ​សង្ស័យ​ ត្រូវ​ដាក់​ខ្លួន​ឱ្យនៅ​ដាច់​ដោយ​ឡែក និង​ត្រូវ​ធ្វើ​ការ​ព្យាបាល​ បើមាន​ការ​រក​ឃើញ​ឆ្ល​ង​ជំងឺ​នេះ៕​