កំពង់ឆ្នាំងៈ ក្រសួង​បរិស្ថាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​ ២៥ ​មេសា បាន​ដាំ​ដើមឈើ​ចម្រុះ​ចំនួន ២៤ ០០០ ​ដើម​បន្ថែមទៀត ដើម្បី​ស្តារឡើងវិញ​នូវ​ព្រៃ​លិច​ទឹក ក្នុង​តំបន់​ ៣ នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​។

ក្រសួង​បរិស្ថាន​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់ខ្លួន​នៅ​ថ្ងៃទី​ ២៥ ខែមេសា​ថា ការដាំ​ដើមឈើ​ចម្រុះ​ចំនួន ២៤ ០០០ ​ដើម​នេះ ត្រូវ​បាន​ធ្វើឡើង​ក្រោម​វត្តមាន លោក សូ ខនឫទ្ធិគុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ដោយ​តំណាង​អភិបាល​ខេត្តកំពង់ឆ្នាំង មន្ទីរ​ពាក់ព័ន្ធ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​។

លោកស្រី ប៊ន សុភី អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ថ្លែងថា នេះ​ជា​លើក​ទី​ ២ ​ហើយ​ដែលមាន​ការរៀប​ចំការ​ដាំ​ស្តារឡើងវិញ​នូវ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ ៣ នៃ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប​លើ​ផ្ទៃដី​ប្រវែង ១១៤,១៣ ​គីឡូម៉ែត្រ ។

លោក​ សូ ខនឫទ្ធិគុណ បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់ ក្នុង​ការ​ទប់ស្កាត់​ការទន្ទ្រាន​ឈូសឆាយដី​ព្រៃ​លិច​ទឹក និង​បាន​ដកហូតយក​មកវិញ​ពី​ជនខិលខូច​។ ជាក់ស្តែង​នៅ​ថ្ងៃទី ​២៥ ខែមេសា ក្រសួង​បរិស្ថាន​បានធ្វើ​ការដាំ​ស្តារ​ដើមឈើ​ចម្រុះ​ឡើងវិញ​ជា​ប្រយោជន៍ សម្រាប់​បំផុស​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ និង​ចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។

លោក​ថ្លែងថា​៖« ពិធី​ដាំ​កូនឈើ និង​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​នេះ បាននិង​កំពុង​ឆ្លុះបញ្ចាំង​នូវ​ការ​ភ្ញាក់រឭក​របស់​សហគមន៍​យើង​ទាំងមូល ក្នុង​ការប្រឈមមុខ​ដោះស្រាយ​ចំពោះ​ការបាត់បង់​ព្រៃឈើ​»​។ ជាមួយគ្នា​នោះ​ការចូលរួម​នេះ គឺ​បង្ហាញ​ពី​ស្មារតី​ម្ចាស់ការ​ក្នុង​ការទទួល​ខុសត្រូវ​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ អនាគត​ភូមិ ឃុំ និង​ជា​ជោគវាសនា​នៃ​មាតុភូមិ ជាពិសេស​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​ដើម្បី​ឱ្យមាន​ភាព​បៃតង និង​រក្សាបាន​នូវ​ប្រភពទឹក​ក្រោម​ដី​ថែម​ទៀតផង​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ព្រៃ​លិចទឹក​ក្នុង​តំបន់​ ៣ នៃ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង បឹង​ទន្លេសាប​ស្ថិត​ក្នុង​ភូមិ​ថ្នល់ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ដែល​ត្រូវ​ដាំ​ស្តារឡើងវិញ​ទាំង​ ២ ​លើក គឺ​លើក​ទី​ ១​ នៅ​ថ្ងៃទី​ ១៤ ខែមករា ឆ្នាំ​ ២០២២ បាន​ចំនួន​ ២០ ​ហិកតា ស្មើនឹង ៨ ០០០ ​ដើម រួមមាន ឫស្សី រាំងទឹក ម្តេញ និង​សណ្តាន់​។ លើក​ទី​ ២ ​លើ​ផ្ទៃដី​ ៦០​ ហិកតា ចំនួន ២ ៤ ០០០ ដើម រួមមាន​រាំង​ទឹក ១៣ ៥០០ ​ដើម សណ្តាន់ ៤ ៥០០ ​ដើម ម្តេញ ៣ ៥០០ ​ដើម និង​ឫស្សីស្រុក​ចំនួន ២ ៥០០ ​ដើម​។

លោក សំ ចាន់គា អ្នកសម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​កំពង់ឆ្នាំង និង​ពោធិ៍សាត់​ថ្លែង​នៅ​ថ្ងៃទី​ ២៥ ខែមេសា​ថា ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល លោក​គាំទ្រ​ចំពោះ​ការដាំដុះ​កូនឈើ​ឡើងវិញ​ក្នុង​តំបន់​បឹង​ទន្លេសាប ប៉ុន្តែ​យ៉ាងណាក៏ដោយ​ការដាំ​កូនឈើ​ឡើងវិញ​នោះ​គួរតែ​ដាំ​ឱ្យ​ត្រូវ​ទៅនឹង​បរិយាកាស​ខាងក្នុង​ដែលជា​ព្រៃ​លិច​ទឹក មិនគួរ​យក​កូនដើម​ឈើ​ប្រភេទ​ផ្សេង​ទៅ​ដាំ​កន្លែង​ព្រៃ​លិច​ទឹក​នោះទេ​។

លោក​ថ្លែងថា​៖ «​បើ​យើង​យក​ដើម​ឫស្សី​ ឬ​ដើម​អ្វី​ផ្សេង​ពី​ខាងក្រៅ​យកទៅ​ដាំ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក វា​ចេះតែ​បាន​ហើយ​ ប៉ុន្តែ​មិនល្អ​ដូច​ប្រភេទ​កូន​ដើមឈើ​ព្រៃ​លិច​ទឹក​នោះទេ​» ។

លោក​បញ្ជាក់ថា ការយកចិត្ត​ទុកដាក់​របស់​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​ក្នុង​ការដាំ​កូនឈើ​ឡើងវិញ​នៅ​តំបន់​បឹង​ទន្លេសាប​គឺមាន​ច្រើន​ហើយ ហេតុនេះ​គួរតែមាន​ការបន្ថែម​ការយក​ចិត្ត​ទុកដាក់​ឱ្យបាន​ខ្លាំង​ជាង​មុន​នូវ​កិច្ចការពារ​តំបន់​ព្រៃលិច​ទឹក​ទាំងនោះ​ឱ្យបាន​ល្អ​ទើប​ប្រសើរ​។ លោក​ថា​៖ «​បើសិនជា​យើង​ការពារ​ព្រៃរនាម​ព្រៃ​អីហ្នឹង​ឱ្យបាន​គង់វង្ស ឱ្យ​ហ្មត់ចត់​នោះ​មិនយូរ​ទេ​នឹង​ដុះ​ឡើងវិញ​ហើយ អាហ្នឹង​យើង​ត្រូវតែ​ម៉ឹងម៉ាត់​ជាង​មុន ក្នុងការ​ការពារ​ហ្នឹង​»​។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង​ថ្លែង​នៅ​ថ្ងៃទី​ ២៥ ខែមេសា​ថា ក្រោយពី​ដាំ​ដើមឈើ​ឡើងវិញ​នៅ​តំបន់​ ៣ អាជ្ញាធរខេត្ត​បាន​មិនបាន​ព្រងើយកន្តើយ​នោះទេ គឺ​បាននិង​កំពុង​យកចិត្ត​ទុកដាក់​ក្នុងការ​អភិរក្ស​ថែរក្សា​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​ចូលទៅ​ទន្ទ្រាន​ជាថ្មី ដើម្បីឱ្យ​ដើមឈើ​ព្រៃ​លិច​ទឹក​ដុះ​មកវិញ​។ លោក​ថ្លែងថា​៖ «​ជាគោលការណ៍​យើង​ថែរក្សា​ការពារ​ព្រៃលិច​ទឹក​ហ្នឹង​រយៈពេល​តែ​ ២ ​ឆ្នាំ​ហើយ​បើ​មិន​មានការ​ទន្ទ្រានព្រៃ​លិច​ទឹក​នោះ​វា​នឹង​ដុះ​ឡើងវិញ​ព្រោងព្រាត​ដោយ​ខ្លួនឯង​ហើយ​ហើយ​អ្វីដែល​យើង​ដាំ​កន្លងមកនេះ គឺជា​និមិត្តរូប​សម្រាប់​ការពារ​ព្រំ​តំបន់​ ៣ ​ទេ​»​។

ជាមួយ​គ្នានេះ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​នៅ​ថ្ងៃទី ​២៥​ មេសា បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​បានប្រកាស​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានផ្តល់​សិទ្ធិ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ជាក់ស្តែង​នៅក្នុង​ដី​តំបន់​ ២ ដោយ​កាត់ឆ្វៀល​មក​តំបន់​ ១ មាន​ចំនួន ៩ ១១៤ ​គ្រួសារ នៅក្នុង​ក្រុង​-​ស្រុក​ចំនួន​ ៥ ក្នុងចំណោម ៩​ ក្រុង​-​ស្រុក ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​នៅ​ឃុំ​ម្សាក្រង ស្រុក​ស្ទោង​។ នេះ​បើតាម​រដ្ឋបាល​ខេត្តកំពង់ធំ​៕