កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ នៅ​ទូទាំង​ប្រទេស​តែ​ចំនួន ០២ នាក់​ប៉ុណ្ណោះ នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ ដែល​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ២៦ ខែ​មេសា នេះ។ នេះ​បើ​តាម​ការ​ថ្លែង​ឱ្យ​ដឹង​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

តាមរយៈ​សារ​សំឡេង​ពិសេស លោក ហ៊ុន សែន បាន​លើក​ឡើង​ដោយ​បាន​ធ្វើ​ការ​អបអរ​សាទរ និង​ថ្លែង​អំណរគុណ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​នូវ​រាល់​វិធានការ​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ឱ្យ​អនុវត្ត​នាពេល​កន្លង​មក។

លោក​មាន​ប្រសាសន៍​ថា៖ «ដោយសារ​តែ​មាន​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ប្រទេស​របស់​យើង​មាន​ភាព​ធូរ​ស្រាល ហើយ​ថ្ងៃ​នេះ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ត្រឹម​តែ ២ នាក់​តែ​ប៉ុណ្ណោះ ដែល​ជា​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន និង​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ​មិន​មាន​ឆ្លង​នោះ​ទេ សម្រាប់​ថ្ងៃទី ២៥ ខែ​មេសា»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​ថា ទាំង​នេះ​គឺ​ជា​សមិទ្ធផល​មួយ​ដែល​គួរ​ឱ្យ​កោត​សរសើរ និង​ត្រេក​អរ​ចំពោះ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​ការ​ខិតខំ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ជាពិសេស​ក្រុម​គ្រូពេទ្យ និង​ផ្នែក​ពាក់ព័ន្ធ​នានា​ដែល​បាន​ចូលរួម​អនុវត្ត​នូវ​វិធានការ​ទាំង​នេះ៕