ភ្នំពេញៈ បើទោះពីជា​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ មានការ​ថយចុះ​ស្ទើរតែ​ទាំងស្រុង​ក៏ដោយ​ក៏​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ជំរុញ​ និង​ក្រើនរំឭក ទៅដល់​គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​បន្ត​ត្រៀមលក្ខណៈ​ឱ្យ​រួចរាល់ ដើម្បី​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​ទៅនឹង​ការផ្ទុះ​ឡើងវិញ​នូវ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន ថ្លែង​កាលពី​សប្តាហ៍​មុន​ក្នុងអំឡុងពេល​លោកស្រី​ចុះ​ពិនិត្យមើល​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នា​ខេត្តមណ្ឌលគិរី ថា មន្ទីរ​សុខាភិបាល​ខេត្ត​នេះ និង​បណ្តា​មន្ទីរ​សុខាភិបាល​ផ្សេងៗ​ទៀត​បាន​ត្រៀមលក្ខណៈ​ជាប់​ជានិច្ច​ផងដែរ​។ លោកស្រី​មានប្រសាសន៍ថា៖ «​នេះ​គឺជា​ចំណុច​ដែល​ក្រសួង​សុខាភិបាល តែងតែ​ធ្វើការ​ណែនាំ​ឱ្យ​គ្រប់​មន្ទីរ​សុខាភិបាល​ទាំង​ ២៥​ រាជធានី​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការត្រៀម​លក្ខណៈ​ឱ្យបាន​រួចរាល់​ទុកជាមុន ដើម្បី​កុំឱ្យ​មាន​ហេតុការណ៍​កើតឡើង យើង​មិនដឹង​ធ្វើ​យ៉ាងម៉េច​»​។

ជាទូទៅ​តាម​មន្ទីរ​សុខាភិបាល​បាន​ត្រៀម​រួចរាល់​ហើយ ដោយ​មិន​មានការ​បារម្ភ​នោះឡើយ​ពី​ការ​ងើបឡើង​វិញ​ដោយ​ប្រការ​ណាមួយ​ពី​មេរោគ​កូវីដ​ ១៩ ​នេះ ដែល​ក្រុមគ្រូពេទ្យ​អាចជួយ​សង្គ្រោះ​អ្នកជំងឺ​បាន​ទាន់ពេលវេលា​។

ជាមួយ​គ្នា​នោះដែរ លោកស្រី វណ្ណឌីន ក៏​ថ្លែង​ដែរ​ថា ក្រុមគ្រូពេទ្យ​បានលើកឡើង​ថា អ្វីដែល​សំខាន់ គឺ​ការជំរុញ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ពីព្រោះ​ប្រសិនបើ​ការចាក់​វ៉ាក់សាំង​នេះ​គ្របដណ្តប់​ឱ្យបាន​ទាំងអស់ នោះ​ការឈឺ​ ឬ​ការស្វែងរក​ការ​សម្រាក​ព្យាបាល មិនមាន​ភាព​ធ្ងន់ធ្ងរ នោះ​ពួកគាត់​អាច​សម្រាក​ព្យាបាល​នៅផ្ទះ​បាន​។

ដោយឡែក ទាក់ទង​នឹង​ការប្រើប្រាស់​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩​ និង​ប្រដាប់​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ ហាក់​មានការ​ថយចុះ​នូវ​តម្រូវការ​បន្ទាប់​ពី​អត្រា​នៃ​ការឆ្លង​មេរោគ​កូវីដ​ ១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី​អូមីក្រុង​បាន​ថយចុះ​។

ទាក់ទង​នឹង​ចំណុច​នេះដែរ លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា តម្រូវការ​ឱសថ​ព្យាបាល​ និង​ប្រដាប់​ធ្វើតេស្ត​រហ័ស​គឺ​អាស្រ័យ​លើ​ស្ថានភាព​នៃ​ការឆ្លង​មេរោគ​នេះ ដែល​អត្រា​នៃ​ការឆ្លង​នេះ​ក៏​អាស្រ័យ​លើ​ការចាក់​វ៉ាក់សាំង​បាន​គ្រប់ៗ​គ្នា ពិសេស​ដូស​ទី ៣​ និង​ដូស​ទី​ ៤ និង​បូករួម​ជាមួយនឹង​ការប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន រួម​នឹង​ការការពារ​ផងដែរ​។ លោកស្រី​បញ្ជាក់ថា៖ «​ប្រសិនបើ​យើង​មិនមាន​ការប្រុងប្រយ័ត្ន​ទេ លទ្ធភាព​នៃ​ការឆ្លង​អាច​ខ្ពស់ ដែល​ធ្វើឱ្យ​តម្រូវការ​នៃ​ការធ្វើ​តេស្ត​ក៏មាន​ច្រើន​ដែរ ដែលជា​ហេតុនាំឱ្យ​មានការ​ប្រើប្រាស់​ប្រដាប់​ធ្វើតេស្ត​រហ័ស​ក៏ដូចជា​ការតម្រូវការ​នៃ​ការប្រើ​ឱសថ​ក៏មាន​កំណើន​»​។

មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ការ​លក់​ឱសថ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​បានឡើយ​។ គួរ​រំឭក​ផងដែរ​ថា ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ ម៉ូលណូពីរ៉ាវា និង​ប្រដាប់​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ ត្រូវបាន​ប្រជាពលរដ្ឋ​ដណ្តើម​គ្នា​ទិញ​ជា​រៀងរាល់ថ្ងៃ​ទាំង​នៅ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ និង​នៅតាម​ឱសថស្ថាន​នានា ដោយសារ​មានការ​ផ្ទុះឡើង​នូវ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូវីដ​ ១៩​ បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង ក្នុងអំឡុង​ដើមឆ្នាំ ​២០២២ ​កន្លងមកនេះ​៕