ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឯកភាព​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ (IOM) ក្នុងការ​អនុវត្ត​គម្រោង​សម្រាប់​ជំហាន​ទី​ ២ បន្ទាប់ពី​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​ទទួលបាន​ជោគជ័យ​។

សម្រាប់​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព ការកសាង​ជំនាញ និង​លើកកម្ពស់​ការរក​ការងារ​ឱ្យធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​ថៃ (PROMISE) ក្នុង​ជំហាន​ទី​ ១ ដែល​បាន​អនុវត្ត​នាពេល​កន្លងមក​ (​ចាប់ពី​ខែកញ្ញា ឆ្នាំ​ ២០១៧ ដល់​ខែសីហា ឆ្នាំ​ ២០២១) ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​។

លោកស្រី Nenette Motus តំណាង IOM ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក និង​លោកស្រី KRISTIN PARCO តំណាង IOM ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​ ២៥ ខែមេសា ឆ្នាំ​ ២០២២ បាន​ចូលជួប​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​សុំ​ការឯកភាព​គាំទ្រ​លើ​ការអនុវត្ត​គម្រោង PROMISE ក្នុង​ជំហាន​ទី​ ២ បន្តទៀត (​ចាប់ពី​ខែកញ្ញា ឆ្នាំ​ ២០២១ ដល់ ខែសីហា ឆ្នាំ​ ២០២៥)​។

នា​ជំនួប​នោះ លោក អ៊ិត សំហេង បាន​ឯកភាព​ចំពោះ​ដំណាក់កាល​ទី ​២ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ IOM ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​លើ​ការផ្សព្វផ្សាយ​បញ្ហា​ទេសន្តរប្រវេសន៍ ប្រកបដោយ​ស្ថិរភាព និង​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​កម្ពុជា​។

លោក​បាន​គូសបញ្ជាក់ថា ជាពិសេស​ស្ថិតក្នុង​ដំណាក់កាល​កូវីដ​ ១៩ ដែល​ពលករ​មិនអាច​ធ្វើការ​ឆ្លងកាត់​បាន​ត្រូវ​ជាប់គាំង​នៅតាម​បណ្តា​ប្រទេស​នីមួយៗ ត្រូវបាន​អង្គការ IOM បានធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​អង្គការ IOM បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​លើ​គម្រោង​សម្រាប់​ផ្តល់ជំនួយ​ទាក់ទង​នឹង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ និង​ជួយ​គាំទ្រ​ក្នុងការ​អនុវត្ត​លើ​លទ្ធផល​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី ការងារ​លើក​ទី​ ៣ CLMVT កាលពី​ថ្ងៃទី ​១៧ ខែកញ្ញា ឆ្នាំ​ ២០១៩ នៅ​ខេត្តសៀមរាប ទាក់ទង​ទៅនឹង​ផែនទី​បង្ហាញផ្លូវ​ទីក្រុង​សៀមរាប ដើម្បី​ឆ្ពោះទៅកាន់​ការចេញ​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការងារ​ស្តីពី​ចល័តភាព​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMVT​។

លោកស្រី Nenette Motus បាន​គូសបញ្ជាក់ថា គម្រោង PROMISE គឺជា​កម្មវិធី​ថ្នាក់​តំបន់ អនុវត្ត​ក្រោម​ការដឹកនាំ​របស់ IOM ដោយ​ទទួល​បាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​។

ខណៈ​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​កិច្ចប្រជុំ​អាស៊ាន​សម្រាប់​ឆ្នាំនេះ លោកស្រី​ក៏មាន​បំណង​ផ្តល់​ការគាំទ្រ​លើ​បញ្ហា​បច្ចេកទេស និង​ឯកសារ​មួយ​ចំនួន ក្នុងករណី​មាន​របៀបវារៈ​ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ ស្តីពី​ពលករ​ទេ​សន្តរប្រវេសន៍​នេះ និង​ផ្តល់ជំនួយ​បច្ចេកទេស​លើ​គោលនយោបាយ​ទេសន្តរប្រវេសន៍​នៅ​កម្ពុជា​ផងដែរ​។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​ថ្លែង​ដោយ​ចង់​ឃើញថា រដ្ឋាភិបាល​កម្ពុជា គួរ​មាន​យន្តការ​ត្រួតពិនិត្យ​ជាក់ស្តែង ចំពោះ​ប្រទេស​ដែល​ទទួលយក​ពលករ​ខ្មែរ ដើម្បី​ធានា​ដល់​ការលើកកម្ពស់​សិទ្ធិ​ក្នុង​ការការពារ ក្របខ័ណ្ឌ សុខុមាលភាព និង​សិទ្ធិ​ការងារ ដែលមាន​នៅក្នុង​កិច្ចព្រមព្រៀង​រវាង​ប្រទេស និង​ប្រទេស​។

លោក​ថា​៖ «​រឿង​ដែល​សំខាន់​ការលើកកម្ពស់​ស្តង់ដា​នៃ​ការអនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​តែមួយ​ត្រូវមាន​យន្តការ​ឆ្លើយតប​ក្នុងករណី​ដែល​មានការ​ប្រឈម​ទៅនឹង​ការកេងប្រវ័ញ្ច​ទៅនឹង​កម្លាំង​ពលកម្ម ដូចជា​ពលករ​-​ខ្មែរ​កំពុង​បម្រើ​ការងារ​នៅ​ថៃ​»៕