ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានកំណត់​កិច្ចប្រជុំ​ជាថ្មី​នៅ​ថ្ងៃទី​ ៤​ ខែឧសភា​ខាងមុខ ដែលជា​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​លើក​ទី​ ៩ រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​អតីត​បុគ្គលិក នៅ​ក្រុមហ៊ុន​នេះ បន្ទាប់ពី​ការចរចា​ចំនួន​ ៨ ​លើក​កន្លងមក​ពុំទាន់​រកឃើញ​ចំណុច​ឯកភាពគ្នា​។

សេចក្តី​ជូនដំណឹង​ស្តីពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​រួម នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បានឱ្យដឹងថា ក្រសួង​ការងារ​បាន​បន្ត​អញ្ជើញ​គូភាគី​វិវាទ​មក​ជួបប្រជុំ ដោះស្រាយ ជា​លើក​ទី​ ៨ នៅ​ថ្ងៃទី​ ២២ ខែមេសា ឆ្នាំ​ ២០២២ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន និង​តំណាង​កម្មករ និយោជិត ប៉ុន្តែ​ភាគី​ទាំង​ ២ នៅ​មិនទាន់​ឯកភាពគ្នា​លើ​ចំណុច​ណាមួយ​ឡើយ​។

សេចក្តី​ជូនដំណឹង​បន្តថា​៖ «​ដូចនេះ​ក្រសួង​បានកំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្ទាប់ នៅ​ថ្ងៃ​ពុធ ទី​ ៤ ខែឧសភា ឆ្នាំ​ ២០២២ វេលាម៉ោង ១៤:៣០ ​នាទី ដើម្បីឱ្យ​ភាគី​ទាំង​ ២ ​មានឱកាស​ពិចារណា​ឡើងវិញ​អំពី​លទ្ធភាព​នៃ​ការសម្បទាន​គ្នា​ទៅវិញទៅមក​ដែល​អាច​ឈានទៅ​បញ្ចប់​វិវាទ​នេះ​»​។

ចំពោះ​មតិ​របស់​សហជីព និង​តំណាង​ភាគី​កម្មករនិយោជិត នៅតែ​ស្នើឱ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករនិយោជិត ២០០ ​នាក់ ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ចូលធ្វើការ​វិញ​។ ភាគី​សហជីព​ថា​៖ «​ក្រុមហ៊ុន អាច​ទទួលយក​កម្មករ និយោជិត​ទាំង ២០០ ​នាក់ ដោយ​ផ្តល់​ការងារ​ឱ្យ​កម្មករនិយោជិត​ធ្វើការ​ឆ្លាស់​វេន ចំពោះ​ខែ​ទី​ ១ ចំនួន ​៥០% ខែ​ទី​ ២ ៧០% និង​កើនឡើង​បន្តបន្ទាប់​រហូតដល់​មាន​វេន​ធ្វើការងារ​ពេញ​វិញ​»​។

តាមរយៈ​ក្រសួង​ការងារ សហជីព​ស្នើសុំ​ទម្លាក់​បទចោទ ចំពោះ​តំណាង​កម្មករនិយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទាំងអស់ សុំ​បើក​ការិយាល័យ​សហជីព​ឡើងវិញ និង​ស្នើសុំ​យក​ទូរស័ព្ទ កុំព្យូទ័រ និង​សម្ភារ​ផ្សេងៗ​មក​ប្រើប្រាស់ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ការងារ​វិញ​។ បន្ថែម​ពីនេះ​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​ជម្រើស​ឱ្យមក​ខាង​ភាគី​កម្មករ និយោជិត ដើម្បី​ឱ្យមាន​ភាពយុត្តិធម៌​ស្មើគ្នា​។

ចំណែក​មតិ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​វិញ គឺ​តំណាង​ក្រុមហ៊ុន​នៅ​រក្សា​ជំហរ​មិន​ទទួល​យក​កម្មករនិយោជិត​ចំនួន ២០០ ​នាក់ ដែល​បាន​បញ្ឈប់​ពី​ការងារ​នេះ​វិញ​ទេ​។ តំណាង​ក្រុមហ៊ុន​ថា​៖ «​ជាក់ស្ដែង​ក្រុមហ៊ុន​ធ្លាប់បាន​បញ្ជាក់​រួចមក​ហើយ​ថា បច្ចុប្បន្ននេះ បើទោះបី​ជាមាន​បុគ្គលិក​ប្រហែល ៥០០ ​នាក់ ដែល​បន្ត​អវត្តមាន​ពី​កន្លែង​ការងារ ក៏​មិនមាន​ផលប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ដែរ​»​។

ក្រុមហ៊ុន​បាន​គូសបញ្ជាក់ថា ម្យ៉ាងវិញទៀត បុគ្គលិក​ដែល​កំពុង​បំពេញ​ការងារ​ក៏​មិនទាន់មាន​ការងារ​ធ្វើ​ពេញលេញ​នៅឡើយ​ដែរ​។

ក្រសួង​ការងារ​បាន​ឱ្យដឹងថា ក្រោយពី​ការពិភាក្សា​គ្នា​យ៉ាង​ផុលផុស ភាគី​ទាំង​ ២ នៅ​មិនទាន់​ឈានដល់​ចំណុច​ព្រមព្រៀងគ្នា​នៅឡើយ​ទេ​។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្សលោក ឃុន ថារ៉ូ ធ្លាប់មាន​ប្រសាសន៍ថា ការ​ដោះស្រាយ​វិវាទ​ការងារ​ទាមទារ​ឱ្យមាន​ឆន្ទៈ និង​ការសម្បទាន​គ្នា​ទៅវិញ​ទៅមក​ទើប​អាច​ឈានទៅរក​ដំណោះស្រាយ​ឃើញ​។ យ៉ាងណាមិញ​លោក​មើលឃើញថា ក្នុងករណីនេះ​ទាល់តែ​មានការ​អន្តរាគមន៍​ណាមួយ ទើប​អាច​ឈានទៅរក​ដំណោះស្រាយ​បាន​ខណៈ​ភាគី​ទាំង​ ២ ​នៅ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​។

ជាមួយ​គ្នានេះ ក្រសួង​ក៏​បញ្ជាក់ដែរថា បើទោះបីជា​មិនទាន់មាន​ការឯកភាព​គ្នា​ក៏​ក្រសួង​នឹង​បន្ត​ខិតខំ​ធ្វើការ​សម្របសម្រួល និង​កំណត់​កាលបរិច្ឆេទ​ជួបប្រជុំ​ជា​បន្តបន្ទាប់​ទៀត​ស្របតាម​តួនាទី ដែល​កំណត់ដោយ​ច្បាប់ ក៏​ដូចជា​ការ​ទាមទារ​របស់​គូភាគី​។

ជាថ្មី​ម្តងទៀត ក្រសួង​ការងារ បាន​ស្នើ​ឱ្យ​ភាគី​ទាំង​ ២ មានការ​យោគយល់​គ្នា​ខ្ពស់ ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ដោយ​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដោយ​សន្តិធី​ដើម្បី​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​។

យ៉ាងណាក្តី ក្រសួង​ការងារ​បាន​បញ្ជាក់ថា យោងតាម​នីតិវិធី​ច្បាប់ ប្រសិនបើ​វិវាទ​ការងារ​នេះ មិនអាច​ស្វែងរក​ដំណោះស្រាយ​បាន ដោយ​ការផ្សះផ្សា នីតិវិធី​បន្ទាប់ គឺអាច​បញ្ជូនទៅ​តុលាការ​ដើម្បី​រក​ដំណោះស្រាយ​ចុងក្រោយ​៕