ស្វាយរៀងៈ បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​គំនរ​ភ្នក់ភ្លើង បន្ទាប់ពី​មាន​ករណី​អគ្គិភ័យ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅក្នុង​ភូមិ​-​ឃុំ​ព្រះពន្លា ស្រុក​កំពង់រោទ៍ ខេត្តស្វាយរៀង​កាលពី​ព្រលឹម​ស្រាងៗ​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​ ២០២២​។ នេះ​បើតាម​ការប្រាប់​ឱ្យដឹងពី​មន្ត្រីនគរបាល​មូលដ្ឋាន​។

លោក គង់ ថារ៉ូ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រះពន្លា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនរងគ្រោះ ឈ្មោះ​ សោម ចិន អាយុ​ ៣០ ​ឆ្នាំ ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​បញ្ចូល​ហ្គាស​លក់​នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​នោះ បាន​ឆេះ​ស្លាប់​នៅក្នុង​ភ្នក់ភ្លើង​ដ៏​គួរឱ្យ​អាសូរ បន្ទាប់ពី​គាត់​បាន​យក​កំប៉ុង​ហ្គាស​តូចៗ​ទៅ​បញ្ចូល​ដើម្បី​ទុក​លក់​ឱ្យ​អតិថិជន​របស់គាត់​ដូច​សព្វដង ហើយក៏​ស្រាប់​តែមាន​ករណី​អគ្គិភ័យ​ឆាបឆេះ បណ្ដាល​ឱ្យ​ផ្ទុះ​ធុងហ្គាស​កើតឡើង​តែម្ដង​។

លោក​ថា​៖ «​សមត្ថកិច្ច​យើង​បាន​ពិនិត្យឃើញ សព​របស់គាត់​បាន​ឆេះ​ខ្លោច​ស្ទើរ​ក្លាយជា​ដុំ​ធ្យូង ស្ថិតនៅ​ក្បែរ​ធុង​ហ្គាស​ធំៗ និង​គំនរ​កំប៉ុង​ហ្គាស​តូចៗ​ជាច្រើន គួរឱ្យ​អាសូរ​បំផុត​»​។

ចំណែក​លោក ឈឹម រតនៈ អធិការរង​ស្រុក​កំពង់រោទ៍​ទទួល​បន្ទុក​ផ្នែក​អគ្គិភ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្រោះ​អគ្គិភ័យ​នោះ​អាច​បណ្ដាលមកពី​ជនរងគ្រោះ​ជក់បារី​ក្នុងពេល​កំពុង​ផ្ទេរ ឬ​បញ្ចូល​ហ្គាស ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ឬ អាច​បណ្ដាលមកពី​ការ​លេចធ្លាយ​ធុង ឬ​ក្បាល​បញ្ចូល​ហ្គាស​ពី​ធុង​ធំ​មក​កំប៉ុង​តូចៗ​។

លោក​ថា​៖ «​ជាទូទៅ​ករណី​ផ្ទុះ​ធុង​ហ្គាស ឬ​កំប៉ុង​ហ្គាស​ភាគច្រើន បណ្ដាលមកពី​ការលេច​ធ្លាយ​ទុយោ ដែល​នៅជាប់​ក្បាល​ធុង ឬ​កំប៉ុង​ហ្គាស ហើយ​នៅពេល​ចំហាយ​ហ្គាស​ទៅ​ប៉ះ​នឹង​អណ្ដាតភ្លើង​ពេល​ដាំ​ស្ល ឬ​កម្ទេច​ភ្លើង​បារី ដែល​បោះចោល​មិន​ប្រយ័ត្ន វា​នឹង​ឆាបឆេះ និង​ផ្ទុះឡើង​បង្ក​ជា​អគ្គិភ័យ​តែម្ដង​»​។ អគិ្គភ័យ​នោះ មិន​បង្ក​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកភូមិ​នៅក្បែរនោះ​ទ​៕