ភ្នំពេញៈ ​រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន អំពាវនាវ​សុំឱ្យ​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​ជួយ​ឧបត្ថម្ភ​ជា​រង្វាន់ និង​ការលើក​ទឹកចិត្ត​បន្ថែម​ដល់​ជយលាភី​សិស្ស​ពូកែ នៅ​ទូទាំងប្រទេស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា សម្រាប់​ការប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​នា​ខែមិថុនា​ខាងមុខ​។

យោងតាម​សេចក្តី​អំពាវនាវ​របស់​លោក ហង់ជួន ណារ៉ុន កាលពី​ថ្ងៃទី​ ១៥ ​មេសា សរសេរថា​ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​អប់រំ តាមរយៈ​ការអភិវឌ្ឍ​ធនធាន​មនុស្ស ដែលមាន​ចំណេះដឹង និង​ជំនាញ ប្រកប​ដោយ​សមត្ថភាព​ខ្ពស់ សំដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា កសាង​សង្គមជាតិ ឱ្យបាន​រឹងមាំ ក្រសួង​អប់រំ តែងតែ​រៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា​សម្រាប់​សិស្ស​ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី​ ១២​។

ពិធី​បើក​ការប្រឡង​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​ ១២ ខែមិថុនា ឆ្នាំ​ ២០២២​ នៅក្នុង​បរិវេណ​វិទ្យាល័យ ១០​ មករា​ ១៩៧៩ ខេត្ត​សៀមរាប​។ ពិធី​បិទ​ចែក​វិញ្ញាបនបត្រ និង​រង្វាន់​ជយលាភី​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី ​១៩ ខែមិថុនា ឆ្នាំ​ ២០២២ នៅក្នុង​បរិវេណ​​វិទ្យាល័យ ខេត្តសៀមរាប​។

លោក​ថ្លែង​តាមរយៈ​លិខិត​នេះ​ថា​៖ «​ដើម្បី​ធ្វើឱ្យ​ពិធី​នេះ​កាន់តែ​អធិកអធម ក្រសួង​អប់រំ សូម​ធ្វើការ​អំពាវនាវ​ចំពោះ​សម្តេច ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា និង​សប្បុរសជន​ក្នុងប្រទេស​ក៏​ដូច​ក្រៅប្រទេស មេត្តាជួយ​ឧបត្ថម្ភ​ជា​ថវិកា ជា​សម្ភារ សម្រាប់​ជា​រង្វាន់ និង​ការលើកទឹកចិត្ត​បន្ថែម​ដល់​ជយលាភី​សិស្ស​ពូកែ​ទូទាំងប្រទេស​សំដៅ​ជំរុញ​ចលនា​នេះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ឆ្នាំ​បន្តបន្ទាប់​»​។ បើតាម​សេចក្ដីអំពាវនាវ សប្បុរសជន​នឹងត្រូវ​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ និង​រង្វាន់​ជយលាភី ដើម្បី​ទទួល​លិខិត​ថ្លែងអំណរគុណ​។ កន្លែង​ទទួល​ការឧបត្ថម្ភ​ពី​សប្បុរសជន គឺ​នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង​របស់​ក្រសួង​អប់រំ ស្ថិតនៅ​អគារ​លេខ ១៦៩ មហាវិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ ឬ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១២ ៨៤៣ ៤៧៥ និង ០៧៧ ៩៩៤ ២០០​។

លោក​ អ៊ិន ពៅសម្បត្ដិ ប្រធាន​មន្ទីរអប់រំ ខេត្ដ​ត្បូងឃ្មុំ បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៤ ​មេសា​ថា មន្ទីរអប់រំ​សហការ​ជាមួយ​វិទ្យាល័យ និង​អនុវិទ្យាល័យ​ក្នុង​ខេត្ដ​កំពុង​រៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ថ្នាក់​ខេត្ដ​។ ការប្រឡង​បានបញ្ចប់​នៅ​ម៉ោង​ ៤ ល្ងាច​ថ្ងៃទី​ ២៤ ​មេសា ហើយ​លទ្ធផល​នៃ​ការប្រឡង​សិស្ស​ពូកែ​នេះ​នឹង​ចេញ​នៅ​ថ្ងៃទី​ ៣០ ខែមេសា ដើម្បី​បញ្ជូន​ឈ្មោះ​សិស្ស​ពូកែ​ទៅ​ត្រៀម​ចូលរួម​ប្រកួត​សិស្ស​ពូកែ​ថ្នាក់ជាតិ​នា​ខែមិថុនា​ខាងមុខ​។ លោក​បញ្ជាក់ថា​៖ «​យើង​មិនទាន់​ហ៊ាន​សន្និដ្ឋានថា​សិស្ស​ពូកែ​ក្នុង​ខេត្ដ​យើង​អាច​ប្រកួតប្រជែង​ឈ្នះ​សិស្ស​ពូកែ​មកពី​រាជធានី​ខេត្ដ​ដទៃទៀត​ឬ​អត់​ទេ​។ ប៉ុន្ដែ​ពេលនេះ យើង​កំពុង​ខិតខំ​ប្រឡង​ជ្រើសរើស​ឱ្យអស់​ពី​លទ្ធភាព​ដើម្បី​ចម្រាញ់​យក​សិស្ស​ល្អ ពូកែ​សម្រាប់​ត្រៀម​ទៅ​ប្រឡង​ថ្នាក់ជាតិ​»​។ កាលពី​ការប្រឡង​ថ្នាក់ជាតិ​នាពេល​កន្លងទៅ សិស្ស​ពូកែ​នៅ​ខេត្ដ​ត្បូងឃ្មុំ​ក៏​ធ្លាប់​ទទួលបាន​ជយលាភី​ថ្នាក់ជាតិ​ដែរ ផ្នែក​គណិតវិទ្យា និង​អក្សរសាស្ដ្រ​ខ្មែរ ប៉ុន្តែ​ជាប់​នៅ​ចំណាត់ថ្នាក់​លេខ ​១០ ក្នុងចំណោម​សិស្ស​ពូកែ​មកពី​រាជធានី​ខេត្ត​ផ្សេងទៀត​។

លោក ប៉ិច រតនា ប្រធាន​មន្ទីរ​អប់រំ​ខេត្ដ​ឧត្ដរមានជ័យ​ឱ្យដឹងថា ការប្រឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​ ២៧ ខែមេសា ហើយ​លទ្ធផល​នៃ​ការប្រឡង​នឹង​ចេញ​នៅ​ថ្ងៃទី​ ២៩​ មេសា​។ ការប្រឡង​នេះ​មាន​សិស្ស​មកពី​វិទ្យាល័យ​ចំនួន ៩ និង​អនុវិទ្យាល័យ​ចំនួន​ ២៩ ដើម្បី​ប្រឡង​ជ្រើសរើស​យក​សិស្ស​ពូកែ​ថ្នាក់មធ្យមសិក្សា​បឋមភូមិ​ និង​មធ្យមសិក្សា​ទុតិយភូមិ​យកទៅ​ចូលរួម​ប្រឡង​ថ្នាក់ជាតិ​៕

វីដេអូ៖