មណ្ឌលគិរីៈ អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន បាន​ណែនាំ​ដល់​មន្ត្រី​បរិស្ថាន​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​រក​ទីតាំង​សមរម្យ​សម្រាប់​បង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ​​ដែល​អាច​ឈានដល់​ការបង្កើត​សួនសត្វ​ព្រៃ​សម្រាប់​បម្រើ​ដល់​ភ្ញៀវទេសចរ​មើល​កម្សាន្ត​។ នេះ​​បើតាម​ការ​ឱ្យដឹងពី​លោក ជាក់ ម៉េងហ៊ាង អភិបាលរង និង​ជា​អ្នក​នាំពាក្យ​ខេត្តមណ្ឌលគិរី​។

លោក ជាក់ ម៉េងហ៊ាង បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៥ ខែមេសា​ថា ក្នុងពេល​ជួប​ជាមួយ​មន្ត្រី​បរិស្ថាន​ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក កាលពី​ថ្ងៃទី​ ២៤ ​មេសា លោក​ ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី​បាន​ណែនាំ​ដល់​មន្ត្រី​បរិស្ថាន​ដែនជម្រក​សត្វព្រៃ​ស្រែពក រកមើល​ទីតាំង​សមរម្យ​ដើម្បី​បង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ​ក្នុង​តំបន់​ ​និង​ធ្វើឱ្យ​ក្លាយជា​សួនសត្វ​ព្រៃ​បម្រើ​ដល់​ភ្ញៀវទេសចរ​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី​បានឱ្យដឹង​ទៀតថា លោក​អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​បរិស្ថាន​ជ្រើសរើស​ប្រភេទ​សត្វ ដែល​អាច​បន្ត​ពូជ​បាន​សមស្រប​លក្ខខណ្ឌ​​ជីវសាស្ត្រ តាម​លក្ខណៈ​បច្ចេកទេស​អាចជា​ប្រភេទ​សត្វ​ដែល​កំពុង​បាត់បង់​ ឬ​ជា​សត្វ​ជិត​បាត់បង់ ដោយ​ឱ្យ​សហការ​ជាមួយ​អង្គការ​ WWF ដើម្បី​ធ្វើយ៉ាងណា​​ឱ្យ​ពូជ​សត្វព្រៃ​ដែល​បង្កាត់​នោះ​កើត​ច្រើនឡើង​។

លោក​ថ្លែងថា​៖ «​យើង​ជួយ​ជំរុញ​វា​ឱ្យ​កើត​ច្រើន អានេះ​ជា​គោលបំណង​របស់​អភិបាលខេត្ត​បាទ​។ ក្នុង​ហ្នឹង​គាត់​បាន​ណែនាំ​ថាឱ្យ​យើង​ព័ទ្ធ​ដី​ដែលមាន​ធ្វើជារ​បងហើយ​យើង​បង្កាត់​ពូជ​សត្វ​អី​ផ្សេងៗ​អ៊ីចឹងទៅ​។ ​ឧបមា​ថា​ដី​ ១០០ ​ហិកតា​ ឬ​ ២០០ ​ហិកតា អ៊ីចឹងទៅ យើង​ហ៊ុម​របង​ឱ្យ​សត្វ​វា​ចូលមក​នៅ​ ដើម្បី​ភ្ញៀវទេសចរ​ចូល​ទស្សនា​ជា​កញ្ចប់​ទេសចរណ៍​»​។

លោក​ ជាក់ ម៉េងហ៊ាង បាន​​បន្តថា គោលបំណង​បង្កើត​ឱ្យមាន​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក​នេះ ដោយសារ​មាន​ផ្លូវជាតិ​លេខ​ ៧៦ ល្អ​ស្អាត ងាយស្រួល​ធ្វើដំណើរ ហើយ​ទីនោះ​ទៀតសោត​មាន​ព្រៃរបោះ និង​ដើមឈើ​មាន​ទិដ្ឋភាព​ស្រស់បំព្រង​អំណោយផល​ដល់​ការរស់នៅ​របស់​សត្វព្រៃ​។

លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៥ ខែ​មេសា​ថា អង្គការ WWF កំពុង​រៀបចំ​ផែនការ​ឱ្យ​ច្បាស់លាស់ និង​​ពិនិត្យមើល​ផលប៉ះពាល់​វិជ្ជមាន​​ និង​អវិជ្ជមាន ដើម្បី​បង្កើន​ពូជ​សត្វព្រៃ​នៅ​ខេត្តមណ្ឌលគិរី​សម្រាប់​​គោលដៅ​ទេសចរណ៍ធម្មជាតិ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ពិនិត្យមើល​ជារួម​ទៅលើ​ទីតាំង​​ដែល​ត្រូវបង្កើត​ឡើងជា​តំបន់​មួយ​ដែល​អាច​ការពារ​កុំឱ្យ​មានការ​បរបាញ់ ដាក់​អន្ទាក់ ចាប់​សត្វព្រៃ​ជាដើម​។ ដើម្បីឱ្យ​វា​អាច​បន្ត​ពូជ​នៅក្នុង​ដែន​មួយ​ដែលមាន​សុវត្ថិភាព​បំផុត ហើយ​សត្វព្រៃ​មួយចំនួន​ក៏​យើង​ធ្វើការ​ជាមួយ​ខាង​បច្ចេកទេស​យក​វា​ទៅ​ដា​ក់នៅ​ដែន​សុវត្ថិភាព​នោះ​ដើម្បី​ការពារ​ឱ្យបាន​គង់វង្ស​»​។

លោក សុខ វិជ្ជា អ្នក​ស្រាវជ្រាវ​ជីវចម្រុះ​នៅ​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ២៥ ខែមេសា​ថា លោក​គាំទ្រ​​ដល់​ការបង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ​នេះ ព្រោះ​តាម​ការ​សង្កេត​ជាក់ស្តែង​សត្វព្រៃ​កាន់តែ​បាត់បង់​ទៅដោយ​កត្តា​ជាច្រើន​ដូចជា​ការទន្ទ្រាន​ដី​កសិកម្ម និង​ការអភិវឌ្ឍ​មួយចំនួន​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​យើង​មាន​ជា​កន្លែង​បង្កាត់​ពូជ​ក៏ដូចជា កន្លែង​លែង ចិញ្ចឹម​វា​នៅក្នុង​ព្រៃ​ធម្មជាតិ ដោយមាន​ការថែរក្សា អភិរក្ស​ឱ្យបាន​ល្អ ខ្ញុំ​គិតថា វា​អាចជា​សញ្ញា​មួយ​ល្អ ដែល​ជួយ​កុំឱ្យ​ពូជ​សត្វព្រៃ​ទាំងនោះ​ឈានទៅរក​ការ​ផុត​ពូជ​»​។

លោក សុខ វិជ្ជា ប្រាប់ថា ការបង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ​គឺជា​ការចូលរួមចំណែក​ថែរក្សា​ធនធាន​ធម្មជាតិ​បាន​មួយផ្នែក​ដោយសារ​ការ​ហ៊ុមព័ទ្ធ​កំណត់​ទីតាំង​ច្បាស់លាស់​នឹង​គ្មាន​អ្នក​ទន្ទ្រាន​ផ្តេសផ្តាស​ឡើយ​។ លោក​ថា ការរក្សា​សត្វព្រៃ​ឱ្យ​រស់នៅ​ស្របតាម​ធម្មជាតិ​​នោះ អ្នកជំនាញ​តែង​យកចិត្ត​ទុកដាក់​ពិនិត្យ​ពី​កត្តា​ជីវសាស្ត្រ​បាន​ត្រឹមត្រូវ​តាម​ប្រភេទ​សត្វ​​ទើប​សត្វ​អាច​រស់នៅ និង​បន្ត​ពូជ​បាន​ច្រើន និង​យូរអង្វែង​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ការដែល​គាត់​បង្កើត​នៅ​តំបន់​ហ្នឹង​ប្រហែលជា​គាត់​ភាគច្រើន គាត់​ធ្វើ​ទៅលើ​សត្វ​ដែលមាន​នៅក្នុង​តំបន់​ហ្នឹង​​ព្រោះ​យើង​អត់​អាច​យក​សត្វ​ពី​តំបន់​ផ្សេងៗ​ទៅ​ដាក់​នៅ​តំបន់​ហ្នឹង​បានទេ ដោយសារតែ​លក្ខណៈ​ជីវសាស្ត្រ​រស់នៅ​របស់​វា​ខុសគ្នា​»៕