បាត់ដំបង/សៀមរាបៈ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ពី​បណ្តាញ​លូ និង​ទឹក​កខ្វក់​ទៅដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤០០ ​នាក់ នៅ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី ២១ ខែមេសា ដើម្បី​ជំរុញឱ្យមាន​ការចូលរួម​ថែរក្សា​បណ្តាញ​លូ និង​ការគាំទ្រ​ប្រតិបត្តិការ​សេវាកម្ម​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​។

ការចុះ​អប់រំ​នេះ​រៀបចំឡើង ដោយ​នាយកដ្ឋាន​សរុប និង​ព័ត៌មាន​នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៃ​ក្រសួង​សាធារណការ ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង និង​ការចូល​រួមសហការ​ពី​អង្គការ​សហប្រជាជាតិ​សម្រាប់​លំនៅឋាន​មនុស្ស​ជាតិ (UN-Habitat) នៅ​បរិវេណ​មុខ​សាលាខេត្ត​បាត់ដំបង ដោយមាន​អ្នកចូលរួម​ជាង ៤០០​ នាក់​។ នេះ​បើតាម​ហ្វេសប៊ុក​ក្រសួង​សាធារណការ​នៅ​ថ្ងៃទី​ ២២ ​មេសា​។

លោក វង្ស ពិសិដ្ឋ បាន​ជំរុញ​ឱ្យមាន​ការចូលរួម​ថែរក្សា​បណ្តាញ​លូ និង​ការគាំទ្រ​ប្រតិបត្តិការ សេវាកម្ម​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ឱ្យបាន​ល្អ​។ ទន្ទឹមនឹង​សម្ទុះ​នៃ​ការអភិវឌ្ឍ​នៅក្នុង​ខេត្តបាត់ដំបង បញ្ហា​ទឹក​កខ្វក់ ដែល​បង្ក​ពី​សកម្មភាព​ផ្សេងៗ​បាន​ហូរ​ចូលទៅក្នុង​តំបន់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ និង​សហគមន៍​បង្ក​ផលប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាជន សោភណភាព ជីវចម្រុះ ប្រព័ន្ធ​អេកូឡូស៊ី និង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ចជាតិ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​ជា​ចម្បង​។

លោក​បាន​ថ្លែងថា​៖ «​ហេតុដូចនេះ ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជាច្រើន​ពិសេស បណ្តាញ​លូទឹក​ភ្លៀង បណ្តាញ​លូទឹកកខ្វក់ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ទីលាន​ចាក់​សំណល់​ភក់​ត្រូវបាន​សាងសង់ និង​កំពុង​សាងសង់ នៅតាម​បណ្តា​រាជធានី និង​ក្រុង​សំខាន់ៗ​រួមទាំង​ក្រុង​បាត់ដំបង​»​។ លោក​បន្ថែមថា ដើម្បីឱ្យ​សមិទ្ធផល​ទាំងនោះ​អាច​ប្រើប្រាស់​បានយូរ​អង្វែង សូមឱ្យ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រែក្លាយ​ក្រុង​បាត់ដំបង​ទៅ​ជា​ទីក្រុង​ដ៏ស្រស់ស្អាត មាន​សោភណភាព អនាម័យ​ស្អាត បរិស្ថាន​ល្អ និង​គួរឱ្យ​ចង់​រស់នៅ ក៏ដូចជា​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ តាមរយ:​ការលើកកម្ពស់​អនាម័យ​ស្អាត និង​សុខភាព​សាធារណៈ​ធ្វើឱ្យ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​។

លោក​គូសបញ្ជាក់ថា តាមរយៈ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​អំពី​បណ្តាញ​លូ និង​ទឹកកខ្វក់​ក្នុង​ក្រុង​បាត់ដំបង​នាពេលនេះ ជា​មធ្យោបាយ​មួយ​ដ៏ល្អ​ក្នុងការ​ជំរុញឱ្យមាន​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុងការ​ប្រើប្រាស់ និង​ថែរក្សា​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​សាងសង់​រួច​ប្រកប​ដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។ លោក​បញ្ជាក់ថា​៖ «​ការចូលរួម​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា​ជា​ប្រជាពលរដ្ឋ ដើម្បី​ផ្ទះ​យើង​ស្អាត ភូមិ​យើង​ស្អាត សង្កាត់​យើង​ស្អាត ទីក្រុង​យើង​ស្អាត និង​សុខភាព​យើង​ល្អ​»​។

នៅក្នុង​ថ្ងៃ​ដដែល​នោះ លោក វង្ស ពិសិដ្ឋ ក៏បាន​ចុះទៅ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​អំពី​បណ្តាញ​លូ និង​ទឹក​កខ្វក់​នៅ​ខេត្ត​សៀមរាប​ផងដែរ​។

លោក អ៊ឹង គឹមលាង អភិបាលរង​ខេត្តសៀមរាប​បាន​ថ្លែងថា កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​អំពី​បណ្តាញ​លូ និង​ទឹក​កខ្វក់​នៅ​ក្រុង​សៀមរាប​នាពេលនេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​លើក​កម្ពស់​បរិស្ថាន និង​សុខភាព​សាធារណៈ និង​លើកកម្ពស់​សោភណភាព​ក្រុង​។

លោក​ថ្លែងថា​៖ «​ដោយសារ​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ ព្រមទាំង​កំណើនប្រជាជន​ដែល​រស់នៅក្នុង​ក្រុងមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នោះ បានធ្វើ​ឱ្យមាន​បញ្ហា​ចោទឡើង​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទឹក​កខ្វក់ គឺជា​កង្វល់​ដ៏ធំ​មួយ ដែល​ត្រូវ​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ឱ្យ​សមស្រប ទាន់ពេលវេលា និង​ចំគោលដៅ​»​។ លោក​បញ្ជាក់ថា ទឹកកខ្វក់​ចេញពី​លំនៅឋាន និង​អាជីវកម្ម​ផ្សេងៗ​ជាច្រើន​បាននិង​កំពុង​បញ្ចេញ​ចោល​ទៅក្នុង​ស្ទឹង បឹង​ប្រឡាយ​ផ្សេងៗ​ ឬ​ជ្រាប​ទៅក្នុង​ដី ដោយ​គ្មាន​ការសម្អាត​ជាមុន​។

លោក វង្ស ពិសិដ្ឋ បាន​ថ្លែងថា ការប្រើប្រាស់​ទឹក​មិន​ស្អាត​ធ្វើឱ្យ​ប្រជាជន​យើង​មាន​ជំងឺ​ច្រើន ដូច្នេះ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹកកខ្វក់ រាជរដ្ឋាភិបាល​បានរៀបចំ​នូវ​គោលនយោបាយ ផែនការមេ ច្បាប់​គតិយុត្ត បទដ្ឋាន​បច្ចេកទេស ទាក់ទង​នឹង​ការគ្រប់គ្រង​ទឹក​កខ្វក់ ការផ្សព្វផ្សាយ​អប់រំ​លើកកម្ពស់​ការយល់​ដឹង​ដល់​ប្រជាជន ព្រមទាំង​បាន​វិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទឹក​កខ្វក់​តាម​បណ្តា​ក្រុង រាជធានី ទីប្រជុំជន ជាពិសេស​ក្នុង ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប បាត់ដំបង សំដៅ​សម្រេច​ឱ្យបាន​នូវ​សោភណភាព​ទីក្រុង និង​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​៕