
ការបើកសន្និបាតបូកសរុបការងារក្រសួងអប់រំកាលពីថ្ងៃទី ២៥ មេសា ។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំនេះមន្ដ្រីជំនាញនៃក្រសួងនេះនិងវាគ្មិនជំនាញមកពីបណ្ដាសាកវិទ្យាល័យនិងវិទ្យាស្ថាននានាក្នុងសន្និបាតថ្ងៃទី២បានរួមគ្នាធ្វើវេទិកាពិភាក្សាលើ«អនុវិស័យឧត្តមសិក្សានិងមធ្យមសិក្សាចំណេះទូទៅ» និង«អនុវិស័យ ការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងអង្គភាពគាំទ្រ»។
បើតាមសេចក្តីប្រកាសព័ត៌របស់ក្រសួងអប់រំ សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារ ២០២០-២០២១ និងទិសដៅឆ្នាំសិក្សា ២០២១-២០២២ គឺប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
អង្គសន្និបាតនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីវឌ្ឍនភាព, បញ្ហាប្រឈមក្នុងការអនុវត្តការងារតាមអនុវិស័យទាំង៧ និងការពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២១ ដើម្បីជាមូលដ្ឋានសម្រាប់ការពិនិត្យឡើងវិញលើគោលនយោបាយអប់រំ, ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការប្រតិបត្តិប្រចាំឆ្នាំ។
នៅព្រឹកថ្ងៃទី២៦មេសា ត្រូវនឹងថ្ងៃទី២នៃអង្គសន្និបាត ក្រសួងអប់រំ បានរៀបចំវេទិកាពិភាក្សាស្ដីពី អនុវិស័យ ឧត្តមសិក្សា និងមធ្យមសិក្សាចំណេះទូទៅនិងពេលល្ងាចពិភាក្សាអំពីអនុវិស័យការអប់រំកុមារតូច ការអប់រំបឋមសិក្សានិងអង្គភាពគាំទ្រ។
លោក ហេង គ្រេង ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្តនៃក្រសួងអប់រំបានធ្វើបទបង្ហាញក្នុងវេទិកាពិភាក្សាលើ«អនុវិស័យ ឧត្តមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ»នេះថា ស្ថានភាពទូទៅនៅឧត្តមសិក្សាកម្ពុជា អត្រាចូលរៀននៅមានកម្រិតទាបគឺត្រឹម១២,៤ភាគរយ ស្របពេលអត្រាចូលរៀននៅឧត្តមសិក្សានៅបណ្តាប្រទេសចំណូលមធ្យមកម្រិតខ្ពស់មានពី៤០ទៅ ៥០ភាគរយ។
លោកឱ្យដឹងថា ស្ថានភាពទូទៅនៃឧត្តមសិក្សាកម្ពុជា គឺបុគ្គលិកអប់រំមានសញ្ញាបត្របណ្ឌិត ៨,៧ភាគរយ ចំណែកបុគ្គលិកអប់រំពេញម៉ោងមានសញ្ញាបត្របណ្ឌិត៤,៦ភាគរយ។
លោកថ្លែងថា៖«ស្ថានភាពទូទៅនៃឧត្តមសិក្សាកម្ពុជា គុណភាព កម្មវិធីមានស្តង់ដាគុណភាពអប្បបរមាជាតិ កម្មវិធីមានស្តង់ដាគុណភាពអន្តរជាតិ ការវិនិយោគលើការស្រាវជ្រាវនៅឧត្តមសិក្សា ការបោះពុម្ពអត្ថបទស្រាវជ្រាវ និងដំណើរការទស្សនាវដ្តីស្រាវជ្រាវ ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាជាមួយវិស័យឯកជន និងឧស្សាហកម្ម»។
លោកបានលើកជាសំណួរថា តើត្រូវធ្វើអ្វីដើម្បីអភិវឌ្ឍ និងកែលម្អការអប់រំឧត្តមសិក្សា? លោកបង្ហាញថា កំណែទម្រង់ឧត្តមសិក្សា២០១៨-២០២៣ គឺផ្ដោតទៅលើការពង្រឹងអភិបាលកិច្ច, លើកកម្ពស់គុណវុឌ្ឍសាស្ត្រាចារ្យថ្នាក់បណ្ឌិត,កែលម្អកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងការវិវត្តឧស្សាហកម្ម,ជំរុញការស្រាវជ្រាវនិងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនិងវាយតម្លៃគុណភាពអប់រំ។
បើតាមយុទ្ធសាស្ត្រ អនុវិស័យឧត្តមសិក្សា ២០២១-២០៣០ របស់ក្រសួងអប់រំ រួមមាន ទី១ ធានាកំណើននិស្សិតមានសមត្ថភាពខ្ពស់ ស្របតាមទីផ្សារការងារ។ ទី២ ធានាកំណើនការស្រាវជ្រាវប្រតិបត្តិដោយផ្សារភ្ជាប់និងឆ្លើយតបទៅនឹងការ
អភិវឌ្ឍ។ក្រសួងបញ្ជាក់ថា គោលបំណងនៃយុទ្ធសាស្ត្រនេះ គឺទី១-៥០ភាគរយនៃនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រមានសមត្ថភាពខ្ពស់ស្របតាមទីផ្សារការងារនិងទី២-ចំនួននៃការស្រាវជ្រាវប្រតិបត្តិដោយផ្សារភ្ជាប់និងឆ្លើយតបទៅនឹងការអភិវឌ្ឍកើនឡើង៥ដង។
លោកថ្លែងថាជាទិសដៅក្រសួងអប់រំគឺសហការរៀបចំការវិនិយោគសាធារណៈលើការស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សាដើម្បីពង្រឹងភាពជាម្ចាស់ក្នុងការលើកកម្ពស់វប្បធម៌ស្រាវជ្រាវ។បន្តពង្រឹងសមត្ថភាពមជ្ឈមណ្ឌលឧត្តមភាពនីមួយៗ តាមលក្ខណវិនិច្ឆ័យនៃប្រភេទមណ្ឌលឧត្តមភាព។រៀបចំវេទិកាផ្សព្វផ្សាយផលជះនៃមជ្ឈមណ្ឌលជាមួយក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងឧស្សាហកម្ម និងផែនការអាជីវកម្មរបស់មជ្ឈមណ្ឌលសម្រាប់រកប្រាក់ ចំណូលដល់និស្សិត សាស្ត្រាចារ្យ និងគ្រឹះស្ថាន។ អនុវត្តប្រព័ន្ធលើកទឹកចិត្តអ្នកស្រាវជ្រាវ ឬអ្នកជំនាញ។
លោក ព្រីង មរកត ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំលើកឡើងតាមរយៈបទបង្ហាញស្តីពី «សាលារៀនមានដំណើរការល្អនិងអភិវឌ្ឍអាស្រ័យលើការរៀនសូត្រនិងការឆ្លើយតបតាមតម្រូវការសិស្ស»គឺពីការមិនដឹងផ្លូវ ឈានទៅរកធាតុចូលមានគុណភាព។
លោកបានឱ្យដឹងថា រហូតដល់ឆ្នាំ២០១៧ គឺរស់ក្នុងភាពគ្មានក្តីសង្ឃឹម,ភាពមិនប្រក្រតីរបស់សាលារៀនបានបង្កើតឱ្យមានការបែកបាក់ ការដាច់ចេញសាលារៀនពីសហគមន៍ បញ្ហាទាំងអស់ជារបស់អ្នកដទៃ ហើយសហគមន៍ស្អប់គ្រូបង្រៀន និងសាលារៀន។
លោកបញ្ជាក់ថា៖«ប៉ុន្ដែចាប់ពីឆ្នាំ២០១៧-២០២១តាមរយៈកម្មវិធីកំណែទម្រង់សាលារៀនបានចាប់ផ្តើមពីកិច្ចការដែលត្រូវ នៅក្នុងសាលារៀនមួយ ពង្រីកកិច្ចការត្រូវច្រើន និងផ្សារភ្ជាប់ដំណើរការនេះទៅគ្រប់សាលារៀនគោលដៅ ដើម្បីបន្តអភិវឌ្ឍឈានទៅផលិតធាតុចូលដែលមានគុណភាព(គ្រូបង្រៀន គណៈគ្រប់គ្រងសាលា និងសម្ភារសិក្សា)ត្រូវបានដំណើរការដោយត្រឹមត្រូវផ្អែកតាមប្រព័ន្ធ/យន្តការជាក់លាក់»។
លោកបញ្ជាក់ថា ពីធាតុចូលមានគុណភាពទៅប្រសិទ្ធភាព៖ ផ្តោតលើលទ្ធផលសិក្សារបស់សិស្សចាប់ផ្តើមពីគ្មានសិស្សណាម្នាក់រៀនធ្លាក់ឆ្ពោះទៅរកកំណើនចំនួនសិស្សដែលមានចំណេះដឹងនិទ្ទេសAនិងB។ដោយផ្តោតលើសិស្សម្នាក់៖គ្រូបង្រៀននិងនាយកសាលាបានផ្លាស់ប្ដូរផ្នត់គំនិត ដោយកសាងនិងបង្ហាញពីជំនាញនិងសមត្ថភាពចិត្តសង្គម អារម្មណ៍ផ្ដោតសំខាន់លើជីវិត និងលទ្ធផលសិក្សារបស់សិស្ស។ ផ្តោតលើការធ្វើឱ្យមានការប្រែប្រួលនៅថ្នាក់រៀន៖ គ្រូបង្រៀនល្អ ពី TUPចាប់ផ្ដើមចែករំលែកនិងផ្ដល់ការគាំទ្រដល់គ្រូបង្រៀនផ្សេងទៀតក្នុងសាលារៀនបង្កើតនិងធ្វើការជាមួយក្រុមគ្រូបង្រៀនក្នុងថ្នាក់ពង្រីកក្នុងសាលារៀន។ផ្តោតលើការធ្វើឱ្យមានការប្រែប្រួលនៅសាលារៀន៖បន្តគាំទ្រនិងស្ថាបនាសិស្សក្នុងរដ្ឋ៣ ឆ្នាំ និង/ឬ៦ឆ្នាំ។
បើតាមលោក លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងពិធីបើកសន្និបាតនេះថា គិតត្រឹមឆ្នាំសិក្សា២០២១-២០២២ សាលាមត្តេយ្យសិក្សានិងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានចំនួន ១៨ ៤៣០ ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ចំនួន ៣ ០៨៣ គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈចំនួន ១៣ ៦៨១ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ១ ៦៦។ រីឯសិស្សសរុបមានចំនួន ៣ ៥៨៩ ០២៥ នាក់ សិស្សស្រី ៥០,៤ ភាគរយ។
ចំណែកគ្រឹះស្ថានឧត្តមសិក្សាសរុបមានចំនួន ១៣០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមាន ៤៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនបាន ៨ ដោយមាននិស្សិតកំពុងសិក្សាសរុបចំនួន ១៩៨ ៣៦៣ នាក់ ក្នុងនោះមានស្រី ៤៩,៧ភាគរយ។
លោកថ្លែងថា៖ «ថ្វីដ្បិតដំណើរការរៀន និងបង្រៀនក្នុងរយៈពេល ២ឆ្នាំកន្លងមក ត្រូវបានអាក់ខានដោយអន្លើ ដោយសារវិបត្តិកូវីដ១៩ក្រសួងអប់រំយុវជននិងកីឡាបានបន្តអនុវត្តកម្មវិធីកំណែទម្រង់និងបានប្រែក្លាយវិបត្តិកូវីដ១៩ទៅជាឱកាស»៕