មណ្ឌលគិរីៈ ប្រជាសហគមន៍​ជាង​ ១៦ ០០០ នាក់ ដែល​រស់នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ក្នុង​ខេត្តមណ្ឌលគិរី​បាន​ផ្លាស់ប្តូរ​មុខរបរ​ទាំងស្រុង​ពី​ការកាប់​ព្រៃឈើ និង​បរបាញ់​សត្វ ងាក​មក​ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ​វិញ​តាមរយៈ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ រៀបចំ​ដោយ​ស្ថាប័នរដ្ឋ និង​ដៃគូ​ពាក់ព័ន្ធ​។

គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការធ្វើ​ពិពិធកម្ម​កសិអេកូឡូស៊ី និង​ការគ្រប់គ្រង នេះ​មាន​ពេល​ ៦ ​ឆ្នាំ​រៀបចំ​ ដោយ​មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា (WWF) ផ្តល់​ហិរញ្ញប្បទាន​ដោយ​ប្រទេស​អាល្លឺម៉ង់ និង​មាន​កិច្ចសហការ​ពី​ស្ថាប័ន​ជំនាញ គឺ​ក្រសួង​បរិស្ថាន ដែល​គ្រប់គ្រង​លើ​តំបន់​ធម្មជាតិ​នៅ​តំបន់​នោះ​។

នៅក្នុង​សិក្ខាសាលា ផ្សព្វផ្សាយ​បញ្ចប់​គម្រោង​កាលពី​ថ្ងៃទី​ ២៦ ខែមេសា លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា បាន​ថ្លែងថា គម្រោង​នេះ គឺ​បាន​ជួយ​ច្រើន​ទៅលើ​ការពង្រឹង​ជីវភាព​របស់​មូលដ្ឋាន ជាពិសេស​សហគមន៍ ដែល​រស់នៅក្នុង​តំបន់​ការពារ​ធម្មជាតិ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ ២ គឺ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក និង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​។

លោក​ថា​៖ «​បើ​ពិនិត្យ​ជារួម​សហគមន៍ ដែល​បានទទួល​ផលប្រយោជន៍​ជាង ១៦ ០០០ នាក់​នៅក្នុង​តំបន់​នោះ​សឹងតែ ២០ ​ភាគរយ​នៅក្នុង​ចំនួន​ប្រជាជន​ខេត្តមណ្ឌលគិរី ហើយ​គិតពី​ក្នុងស្រុក​ដែល​ប្រជាជន​រស់នៅ​សឹងតែ ៥០ ​ភាគរយ ដែល​ទទួលបាន​ផល​»​។

គម្រោង​នេះ​ជួយ​ច្រើន​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជាពិសេស​កាត់បន្ថយ​ទៅលើ​សម្ពាធ​ការប្រើប្រាស់​ធនធាន​ធម្មជាតិ ដូចជា​ការបរបាញ់​សត្វព្រៃ ការកាប់​ទន្ទ្រាន​ដីព្រៃ​ ឬ​ព្រៃឈើ​ជាដើម​។

លោក​បន្តថា​៖ «​ពីមុន​គាត់​ជា​អ្នក​កាប់​ឈើ បរបាញ់​សត្វ​ហើយ​បច្ចុប្បន្ននេះ គាត់​បោះបង់ចោល​ការងារ​នោះ​ទាំងស្រុង ងាក​មក​ដាំ​ដំណាំ ស្ពៃក្តោប ខាត់ណា ខ្ទឹម​បារាំង ដាំ​ម្រេច ធ្វើស្រែ ការចិញ្ចឹមសត្វ និង​ការប្រមូល​អនុផល​ពី​ធនធាន​ធម្មជាតិ ដែល​ធ្វើឱ្យ​ចំណូល​កើនឡើង​»​។ លោក​ថា មូលហេតុ​ដែល​ជ្រើសរើស​ខេត្ត​មណ្ឌលគិរី​សម្រាប់​អនុវត្ត​គម្រោង​នេះ​ដោយ​យល់ឃើញថា នៅ​ខេត្តមណ្ឌលគិរី សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ហើយ​បេសកកម្ម​របស់ WWF ផ្តោត​សំខាន់​លើ​ធនធាន​ធម្មជាតិ ដែល​ជំរុញឱ្យមាន​ការប្រើប្រាស់​អ្រាស័យផល​លើ​ធនធាន​ធម្មជាតិ​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​ខេត្ត​នេះ​នៅមាន​ព្រៃ​ច្រើន មិនទាន់​ត្រូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ ហើយ​សម្បូរ​ដែន​ជម្រក​សត្វព្រៃ​ច្រើន​ជាពិសេស គឺ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​តំបន់​នោះ​ពឹង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ​តែម្តង អ៊ីចឹង​ការបង្កើន​ជីវភាព​រស់នៅ​របស់គាត់ ធ្វើឱ្យ​គាត់​មាន​ទឹកចិត្ត​ចូលរួម​ជួយ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​»​។

លោក​បានឱ្យដឹងថា គម្រោង​នេះ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​ ៣០​ មេសា ឆ្នាំ​ ២០២២ ហើយ WWF នឹងមាន​គម្រោង​ថ្មី​មួយទៀត ដែលជា​ជំនួយ​ពី​ខាង​រដ្ឋាភិបាល​អាល្លឺម៉ង់​ដដែល ដើម្បី​ជួយ​បន្ត​លើ​គម្រោង​ដែល​ជោគជ័យ​នេះ ហើយនឹង​យក​មេរៀន​នេះ​ទៅ​អនុវត្ត​លើ​គម្រោង​ផ្សេងទៀត​នៅតាម​បណ្តា​ខេត្ត​នានា​។

លោក សេង ទៀក ឱ្យដឹងថា តាមរយៈ​គម្រោង​នេះ​បាន​ជួយ​បណ្តុះបណ្តាល​ជា​បច្ចេកទេស ចងក្រង​ជា​សហគមន៍​ផ្តល់​ជា​ជំនួយ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ កសាង​សមត្ថភាព រៀបចំ​ផែនការ​គ្រប់គ្រង និង​ផែនការ​ល្បាត​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​បាន​បញ្ជាក់ថា​៖ «​គម្រោង​នេះ ជួយ​ហិរញ្ញប្បទាន​ខ្នាតតូច​ជា​ប្រាក់ ១០ ០០០ ទៅ ១៥ ០០០ ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ ដើម្បីឱ្យ​គាត់​អនុវត្ត​ផែនការ​ឱ្យ​គាត់​ចូលរួម​វិភាគទាន​ក្នុង​ការការពារ​តំបន់​ដែនជម្រក​សត្វព្រៃ​បានផ្តល់​ផលប្រយោជន៍​ដល់​គាត់ ជួយ​សម្របសម្រួល​ស្វែងរក​ទីផ្សារ​។ យើង​សុំ​តែ​ម្យ៉ាង​ពី​គាត់ មិនឱ្យ​គាត់​ចូល​ព្រៃ​ដើម្បី​បរបាញ់​សត្វ​ ឬ​កាប់​ព្រៃឈើ ហើយ​លក្ខខណ្ឌ​នេះ​គាត់​បំពេញបាន​ទាំងអស់​»​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក រ័ត្ន វិរៈ បាន​គាំទ្រ​ចំពោះ​គម្រោង​នេះ និង​ស្វាគមន៍​ចំពោះ​គម្រោង​ផ្សេងៗ​ពាក់ព័ន្ធ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ ដែលជា​ផ្នែក​មួយ​ដល់​ការបង្កើន​ចំណូល​ក្នុង​សហគមន៍​។ បន្ថែម​ពីនេះ ការអភិរក្ស​ព្រៃឈើ​ក៏​ជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ជា​ប៉ូល​អាទិភាព​ក្នុងការ​អភិវឌ្ឍ​ និង​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​។

លោក​ថា​៖ «​យើង​កំពុង​ផ្តោតលើ​វិស័យ​អេកូទេសចរណ៍ កិច្ចការ​ទាំងអស់នេះ​ស្របតាម​ការកំណត់​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រឹង​កែលម្អ​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាពិសេស​ជីវភាព​បងប្អូន​ដែលជា​ប្រជាសហគមន៍​រស់នៅក្នុង​តំបន់​ធម្មជាតិ ឃើញ​វឌ្ឍន​ភាពប្រសើរ​ច្រើន​»​។

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​លោក Christian Berger បាន​ថ្លែងថា តំបន់​ទេសភាព​ប៉ែក​ខាងកើត​នៃ​ប្រទេស​កម្ពុជា គឺជា​តំបន់​ដ៏ធំ​មួយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​តំបន់​មួយ​មាន​ជីវចម្រុះ មាន​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ជាច្រើន ដូចជា​ដំរី ក្រពើ បក្សី ដែលជា​សត្វ​កម្រ ហើយ​មាន​នៅ​តំបន់​នោះ​។

លោក​ថា​៖ «​ដូចនេះ​ការធ្វើឱ្យ​សង្គម​របស់​យើង​ប្រើប្រាស់​នូវ​ធនធាន​ធម្មជាតិ​ឱ្យបាន​ក្នុង​លក្ខខណ្ឌ​បែបនេះ គឺ​យើង​គិតថា ជា​ការងារ​សំខាន់​ដែល​យើងទាំងអស់គ្នា​ត្រូវធ្វើ ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង​»​។

លោក យុទ្ធ គិ អាយុ ៤០ ​ឆ្នាំ ជា​ប្រជា​សហគមន៍​រស់នៅ​ឃុំ​សុខសាន្ត ស្រុក​កោះញែក បាន​ថ្លែងថា តាមរយៈ​គម្រោង​នេះ​ពិតជា​បានធ្វើឱ្យ​ជីវភាព​គ្រួសារ​របស់លោក និង​អ្នកភូមិ​ដទៃទៀត​មាន​ភាពប្រសើរ​ជាង​មុន​ពិសេស​នោះ​ទទួលបាន​ចំណេះដឹង​ពី​សារប្រយោជន៍​នៃ​ព្រៃឈើ​។

លោក​បន្តថា គម្រោង​នេះ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​សមាជិក​ក្នុងភូមិ​យើង ដើម្បី​រកប្រាក់​ចំណូល បន្ទាប់បន្សំ​ក្នុង​គ្រួសារ តាមរយៈ​ការធ្វើ​ស្រែ និង​ចិញ្ចឹមសត្វ​គោ ក្របី មាន់ ទា និង​ជ្រូក​។

លោក​ថា​៖ «​ពីមុន​មាន​អ្នក​ចូល​ព្រៃ​បាញ់​សត្វ និង​កាប់​ព្រៃ​ច្រើន តែ​ឥឡូវ​យើង​ទទួល​បាន​ការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ យើង​បាន​យល់​ពី​សារៈសំខាន់​នៃ​ព្រៃ​សហគមន៍ ហើយ​កំពុង​បានទទួល​ផល​ពី​ព្រៃ​សហគមន៍​ដូចជា​ការរក​ផ្សិត និង​វល្លិ៍​ផ្សេងៗ​យកទៅលក់​»៕