ភ្នំពេញៈ រដ្ឋបាល​ជលផល​បាន​ដាក់​ចេញ​វិធានការ​ណែនាំ​ ៦ ​ចំណុច ដើម្បីឱ្យ​អ្នក​ចិញ្ចឹមសត្វ​ក្រពើ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការគ្រប់គ្រង និង ការរក្សា​ការពារ​សុវត្ថិភាព នៅក្នុង​កសិដ្ឋាន ឬ​កន្លែង​ចិញ្ចឹម​ក្រពើ​របស់​ពួកគេ​។

យោងតាម​សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​ជលផល​ស្ដីពី​ «​ការគ្រប់គ្រង​ និង​ការរក្សា​ការពារ​សុវត្ថិភាព​នៅក្នុង​កសិដ្ឋាន ឬ​កន្លែង​ចិញ្ចឹម​ក្រពើ​» ចុះ​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​ ២០២២ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​បាន​គូសបញ្ជាក់ថា កន្លងមក​រដ្ឋបាល​ជលផល​បានរៀបចំ និង​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្តីពី​បច្ចេកទេស​នៃ​ការគ្រប់គ្រង ការចិញ្ចឹម និង​ការអភិរក្ស​ក្រពើ ដើម្បី​ធានា​សុវត្ថិភាព​និង​ប្រសិទ្ធភាព​នៅតាម​កសិដ្ឋាន ឬ​កន្លែង​ចិញ្ចឹម​ក្រពើ​នានា​នៅ​ទូទាំងប្រទេស​។

ប៉ុន្តែ​កាលពី​យប់​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ​ ២០២២ បុរស​ម្ចាស់​អាង​ចិញ្ចឹម​ក្រពើ​មា្នក់​ឈ្មោះ ស៊ូ សុធា អាយុ​ ៣៧ ​ឆ្នាំ ជា​មន្ត្រី​ផ្នែក​រដ្ឋបាល​នៃ​សាលាស្រុក​ពួក ខេត្តសៀមរាប ត្រូវបាន​សត្វ​ក្រពើ​ដែល​គាត់​ចិញ្ចឹម​ព្រួត​គ្នា​ខាំ បណ្ដាល​ឱ្យ​ស្លាប់ បន្ទាប់ពី​គាត់​បាន​រអិល​ជើង​ធ្លាក់​ចូលទៅក្នុង​អាង​ក្រពើ ដែល​សង់​ឡើង​ដោយ​គ្មាន​របង​បង្កាន់ដៃ​សម្រាប់​ការពារ​សុវត្ថិភាព​។ ករណីនេះ​បាន​បង្កឱ្យមាន​ទុក្ខសោក​នាដកម្ម មិន​ចំពោះតែ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា ដែល​ប្រកបរបរ​ចិញ្ចឹម​ក្រពើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

ដើម្បី​ការពារ​សុវត្ថិភាព លោក ពុំ សុថា បានដាក់​ចេញ​វិធានការ​ណែនាំ​ ៦ ​ចំណុច និង​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ខណ្ឌ​រដ្ឋបាល​ជលផល​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ និង​សមាគម​អ្នក​ចិញ្ចឹម​ក្រពើ​ជួយ​បន្ត​ផ្សព្វផ្សាយ និង​ចុះ​ណែនាំ​បន្ថែម​ដល់​អាជីវករ និង​វារីវប្បករ​ចិញ្ចឹម​ក្រពើ​។ ក្នុងនោះ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ត្រូវ​រៀបចំ​ធ្វើ​របង​ហ៊ុមព័ទ្ធ​បរិវេណ​ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​អាង​ចិញ្ចឹម​ឱ្យបាន​រឹងមាំ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ដោយ​យកចិត្ត​ទុកដាក់​លើ​របង​ព័ទ្ធជុំវិញ​រវាង​បែ ជណ្តើរ ទ្វារ ស្ពាន​ និង​បង្កាន់ដៃ​ឱ្យបាន​រឹងមាំ ដើម្បី​ធានា​សុវត្ថិភាព​ខ្ពស់​។

លោក​បាន​បញ្ជាក់ថា​៖ «​ជា​វិធានការ យើង​ចាំបាច់​ត្រូវ​ចាក់សោ​ទ្វារ​កសិដ្ឋាន​ឬ កន្លែង​ចិញ្ចឹម​ក្រពើ​ឱ្យបាន​ត្រឹមត្រូវ និង​ហាមឃាត់​ក្មេង​ចូល​លេង​ក្នុង​បរិវេណ​ចិញ្ចឹម​ក្រពើ ឬ​ប្រើប្រាស់​ក្មេង​ផ្តល់​ចំណី ឬ​លាង​សម្អាត​អាង​ចិញ្ចឹម​ក្រពើ​ជាដាច់ខាត​»​។

លោក​បាន​បន្តថា ចំណែក​មន្ត្រីជលផល​ត្រូវ​ចុះ​ជំរុញ​ណែនាំ​ដល់​អ្នក​ចិញ្ចឹម​ក្រពើ ត្រូវ​រៀបចំ​សោភណភាព​ និង​អនាម័យ​ក្នុង​បរិវេណ​កសិដ្ឋាន ឬ​កន្លែង​ចិញ្ចឹម​ក្រពើ​ជាប្រចាំ ដោយ​គិតគូរ​អំពី​ផលប៉ះពាល់​បរិស្ថាន និង​សុខុមាលភាព​សាធារណៈ ព្រមទាំង​សម្រាប់​បម្រើឱ្យ​ទេសចរ ដោយ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​គុណភាព និង​សុវត្ថិភាព​អាង​នៅតាម​កសិដ្ឋាន​ ឬ​កន្លែង​ចិញ្ចឹម​ក្រពើ​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ជាពិសេស​ត្រូវ​ផ្ដល់​ការណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​ផ្តល់​ចំណី លាង​សម្អាត​អាង ឬ​នៅពេល​ចាប់​ក្រពើ​លក់​។

ទន្ទឹមនឹងនេះ លោក​បាន​ស្នើឱ្យ​សមាគម​អ្នក​ចិញ្ចឹម​ក្រពើ​ត្រូវ​ជួយ​ណែនាំ​បន្ថែម និង​ធ្វើការ​ប្រជុំ​ជា​ទៀងទាត់​ ដើម្បី​ផ្ដល់ឱកាស​ឱ្យ​អ្នក​ចិញ្ចឹម​បាន​ចែករំលែក​បទពិសោធ​ពីគ្នា​ទៅវិញទៅមក​លើ​ការងារ​សុវត្ថិភាព អនាម័យ និង​ទីផ្សារ​ក្រពើ​។

ជុំវិញ​វិធាន​ការណែនាំ​នេះ លោក រាជ ច័ន្ទថន សមាជិកសមាគម​អ្នក​ចិញ្ចឹម​ក្រពើ​ក្នុង​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​នៅ​ខេត្តសៀមរាប​មាន​អ្នក​ប្រកបរបរ​ចិញ្ចឹម​ក្រពើ​ចំនួន ជិត​ ៣០០ ​គ្រួសារ ទាំង​ខ្នាតតូច​ និង​មធ្យម​។ សម្រាប់​អ្នក​ចិញ្ចឹម​ក្នុងទិសដៅ​ពាណិជ្ជកម្ម​នាំចេញ​ទៅ​ក្រៅប្រទេស មាន​ប្រមាណ​ ២០ ​កសិដ្ឋាន​ប៉ុណ្ណោះ ដែល​ក្នុង​មួយ​កសិដ្ឋាន​មាន​ក្រពើ​មិន​ក្រោម​ពី​ ៥០០ ​ក្បាល​នោះទេ រួមទាំង​កសិដ្ឋាន​របស់​លោក​ផងដែរ​។ លោក​បាន​ថ្លែងថា​៖ «​យើង​ត្រូវ​គិតគូរ​ពី​សុវត្ថិភាព​ជា​ចម្បង នៅពេលដែល​យើង​សម្រេចចិត្ត​ចាប់យក​របរ​ចិញ្ចឹម​ក្រពើ គឺ​ត្រូវ​គិតគូរ​តាំងពី​ការ​រៀបចំ​សាងសង់​អាង​ចិញ្ចឹម​ការដាក់​ចំណី និង​ការប្រមូល​ផល​ចាប់​សត្វ​ក្រពើ​លក់​»​។

លោក​បាន​បន្តថា អាង​ក្រពើ​ត្រូវ​សាងសង់​ឱ្យបាន​រឹងមាំ ដោយ​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​អាង​ឱ្យ​បានល្អ​ និង​រឹងមាំ​ក្នុងនោះ​ត្រូវ​រៀបចំ របង​បង្កាន់ដៃ​សុវត្ថិភាព​រឹងមាំ​ព័ទ្ធជុំវិញ​អាង​ប្រក់​ដំបូល​ការពារ​កម្តៅ ទ្វារ​អាង កាំជណ្ដើរ កន្លែង​ពង​កូន កន្លែង​លាយ​ និង​ផ្ដល់​ចំណី​សម្រាប់​សត្វ​ក្រពើ និង​ការបំពាក់​កាំមេរា​សុវត្ថិភាព សម្រាប់​តាមដាន​ត្រួតពិនិត្យ ពេល​វា​បង្កាត់​ពូជ និង​ពង​កូន​ផងដែរ​។

លោក ច័ន្ទថន ដែលមាន​បទពិសោធ​ចិញ្ចឹម​ក្រពើ​ជិត​ ២០ ​ឆ្នាំ​បាន​បញ្ជាក់ថា​៖ «​ក្រពើ​វា​កាច​នៅពេល​រដូវ​បង្កាត់​ពូជ និង ពង​កូន ព្រោះ​វា​ត្រូវការពារ​គ្នា​វា និង​ការពារ​សម្បុក​ពង​កូន​របស់​វា​»​។

លោក​បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថា កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​របស់​ជនរងគ្រោះ​ឈ្មោះ ស៊ូ សុធា ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​កំពង់​តាយ៉ង ឃុំ​-​ស្រុក​ពួក ខេត្តសៀមរាប មិនមាន​ការសង់​របង​បង្កាន់ដៃ​ការពារ​សុវត្ថិភាព​នោះទេ​។ ​ម្យ៉ាងទៀត ក្រពើ​ដែល​ជនរងគ្រោះ​ចិញ្ចឹម​នោះ វា​កំពុង​បង្កាត់​ពូជ និង​ក្រាប​ការពារ​ពង​របស់​វា​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ទៅពិនិត្យ​កសិដ្ឋាន​អាង​ចិញ្ចឹម​ក្រពើ​នោះ​ហើយ ឃើញ​​ថា ពុំមាន​ការសាងសង់​របង​បង្កាន់ដៃ​ការពារ​សុវត្ថិភាព​នោះទេ ហើយ​ក្រពើ​មេ​ ២​ ក្បាល​ដែល​វាយប្រហារ​គាត់​នោះ ជា​ក្រពើ​ដែល​កំពុង​ក្រាប​ការពារ​សម្បុក​ពង​កូន​របស់​វា​។ ដូច្នេះ​នៅពេល​ជនរងគ្រោះ​រអិល​ជើង​ធ្លាក់​ចូលទៅ​ពួកវា​ក៏​ធ្វើការ​វាយប្រហារ​តែម្ដង ដោយ​គិតថា​ជា​ខ្មាំងសត្រូវ​របស់​វា​»​។

បើតាម​លោក​ ចន្ទថន ពូជ​សត្វ​ក្រពើ ដែល​ត្រូវបាន​គេ​យកមក​ចិញ្ចឹម​នៅ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​កម្ពុជា​ភាគច្រើន​ជា​ពូជ​ក្រពើ​ត្រី ដែលមាន​ចរិត​ស្លូតបូត​ជាង​ពូជ​ក្រពើ​នៅ​អាហ្វ្រិក គុយបា និង អាមេរិក​ឡាទីន​។

នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ប្រមាណ​ ៧០០ ​កន្លែង​នៅតាម​ខេត្ត​ចំនួន​ ៧ រួមមាន សៀមរាប កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ កណ្តាល កំពង់ឆ្នាំង និង​ពោធិ៍សាត់​ដែលមាន​លទ្ធភាព​ផលិត​កូន​ក្រពើ​បាន​លើសពី​ ៤០ ​ម៉ឺន​ក្បាល​ក្នុង​ ១ ​ឆ្នាំ​។

ក្នុងចំណោម​កសិដ្ឋាន​ទាំងនោះ​មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ចំនួន ៤៤៥ ​កន្លែង​ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ហើយ​ក្នុងចំណោម​កសិដ្ឋាន​ដែល​បាន​ចុះបញ្ជី​ទាំងនោះ មានតែ​កសិដ្ឋាន​ចំនួន​ ២២ ​ប៉ុណ្ណោះ ដែល​ត្រូវបាន​ទទួលស្គាល់ ដោយ​អនុសញ្ញា​អន្តរជាតិ Sites ដើម្បី​ការនាំចេញ​ស្បែក​ក្រពើ​ដោយ​ស្របច្បាប់​ទៅកាន់​ប្រទេស​នានា​ក្នុង​ទីផ្សារ​អន្តរជាតិ​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ឆ្នាំ​ ២០២០៕

វីដេអូ៖