ភ្នំពេញៈ ដោយ​ពិនិត្យឃើញថា អត្រា​នៃ​ការចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ដូស​ទី​ ៣ ឬ​ដូស​ជំរុញ ដល់​ក្រុម​អាយុ​ចាប់ពី​ ៥ ​ឆ្នាំ​ឡើង​នៅមានកម្រិត​នោះ គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ (​គ.វ.ក-១៩) ​បាន​ក្រើនរំឭក​ជាថ្មី​ឱ្យមាន​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ​ដល់​ក្រុម​អាយុ​ចាប់ពី​ ៥​ ឆ្នាំ​ឱ្យបាន​ទាន់ពេលវេលា​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​ គ.វ.ក-១៩ បានលើកឡើង​ថា បច្ចុប្បន្ននេះ គ.វ.ក-១៩ កំពុង​បន្ត​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​ដល់​ក្រុម​អាយុ​ចាប់ពី​ ៥ ​ឆ្នាំ​ឡើង នៅតាម​មន្ទីរពេទ្យ​ជាតិ​នានា មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​ និង​ទីតាំង​ចាក់​វ៉ាក់សាំង​​ដែល​បានរៀបចំ​ចាក់​ជូន​ដោយ​មន្ទីរពេទ្យ​ជាតិ​នានា និង​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង ​២៥​។

លោកស្រី​បាន​បន្តថា​៖ «​ដោយ​ពិនិត្យឃើញថា ក្រុម​អាយុ​ចាប់​​ពី​ ៥​ ឆ្នាំ​ឡើង បានមក​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ៣ ​ឬ​ដូស​ជំរុញ​នៅមានកម្រិត​នៅឡើយ គ.វ.ក-១៩ សូម​ធ្វើការ​ក្រើនរំឭក​ដល់​អ្នក​ដែល​នៅក្នុង​ក្រុម​អាយុ​ចាប់ពី​ ៥​ ឆ្នាំ​ឡើង ហើយ​ដល់​វេន​ចាក់​ត្រូវ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​នៅតាម​មន្ទីរពេទ្យ​ជាតិ មន្ទីរពេទ្យ​​បង្អែក មណ្ឌល​សុខភាព និង​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​រៀងរាល់ថ្ងៃ​ដោយ​ត្រូវយក​ភ្ជាប់​ទៅជា​មួយ​នូវ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩»​។

ប្រធាន គ.វ.ក-១៩ បានបញ្ជាក់​​ទៀតថា ចំពោះ​កុមារ យុវវ័យ និង​ពលរដ្ឋ​មាន​អាយុ​ចាប់ពី​ ៥ ​ឆ្នាំ​ឡើង អាច​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ៣ ​ឬ​ ដូស​ជំរុញ បន្ទាប់ពី​បាន​ចាក់​ដូស​ទី​ ២ ឬ​បាន​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ រយៈពេល​ចាប់ពី​ ៣​ ខែ​ឡើង​។

លោកស្រី​ ឱ វណ្ណឌីន បាន​ថ្លែងថា​៖ «​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​ ៣ ​ឬ​ដូស​ជំរុញ​នេះ​គឺ​ដើម្បី​ពង្រឹង និង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​បុគ្គល និង​សហគមន៍​ឱ្យបាន​ទាន់ពេលវេលា​ដែល​អាចឱ្យ​យើង​រំដោះខ្លួន​ចេញផុត​ពី​ការយាយី​ធ្ងន់ធ្ងរ​នៃ​វីរុស​កូវីដ​ ១៩ ​ជាពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូមីក្រុង​ដែល​កំពុង​បន្ត​ចរាចរ​ក្នុង​សហគមន៍​នៅឡើយ​ក៏ដូចជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ផ្សេងៗ​ទៀត​ដែល​កំពុង​ចរាចរ​យ៉ាងសកម្ម​​នៅក្នុង​តំបន់​ និង​នៅក្នុង​សកលលោក​នាពេល​បច្ចុប្បន្ននេះ​»​។

ជាមួយ​គ្នានេះ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ក្រើនរំឭក​ជាថ្មី​ផងដែរ​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ត្រូវ​មកចាក់​វ៉ាក់សាំង​ ឬ​យក​បុត្រធីតា​ដែល​​មាន​អាយុ​ចាប់ពី​ ៣ ​ឆ្នាំ​ដល់​ក្រោម ១៨ ​ឆ្នាំ មកចាក់​វ៉ាក់សាំង​ដូស​ទី ​៣ ឬ​ដូស​ជំរុញ​ឱ្យបាន​ឆាប់​ និង​ទាន់ពេលវេលា​។

ទន្ទឹមនឹងនេះ លោក ឃួង ស្រេង ក៏បាន​បញ្ជាក់​តាមរយៈ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​ ២៥ ខែមេសា​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​រឹតបន្តឹង​លើ​សុពលភាព​​កាត​ចាក់​វ៉ាក់សាំង​ផងដែរ​។

លោក​បាន​បញ្ជាក់ថា៖ «​ក្នុងករណី​ចាំបាច់ រដ្ឋបាល​រាជធានី-​ភ្នំពេញ នឹង​ធ្វើការ​រឹតបន្ដឹង​ការត្រួតពិនិត្យ​សុពលភាព​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ឬ​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ឬ​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ​១៩»​។

លោក ឃួង ស្រេង បាន​បន្ត​​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ដែល​គ្មាន​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ឬ​មាន​បណ្ណ​ចាក់​វ៉ាក់សាំង​ដែល​គ្មាន​សុពលភាព សម្រាប់​ដូស​ទី​ ៣ ​ឬ​ដូស​ជំរុញ​ចូលក្នុង​ទីតាំង​បិទ​ជិត​ឡើយ ដូចជា រោងចក្រ សហគ្រាស អាជីវកម្មដ្ឋាន មណ្ឌល​កម្សាន្ត ផ្សាររដ្ឋ ផ្សារ​ឯកជន ផ្សារ​ម៉ាត ភោជនីយដ្ឋាន ហាង​កាហ្វេ និង​គ្រឹះស្ថាន​សិក្សា​ជាដើម​។

គួរ​បញ្ជាក់ដែរថា អនុគណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​​កូវីដ ​១៩ ​ក្នុង​ក្របខ័ណ្ឌ​រាជធានី​-​ភ្នំពេញ​បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ក្រសួង​ការពារជាតិ​​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដូស​ជំរុញ​ ឬ​ដូស​ទី​ ៣ និង​ដូស​ទី ​៤ ដល់​កម្មករនិយោជិត អាជីវករ ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ប្រជាពលរដ្ឋ​ដោយ​ទទួលបន្ទុក​ចាក់​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំនួន​ ៩​។ ​ខណ្ឌ​ទាំងនោះ​រួមមាន ខណ្ឌ​សែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌ​ព្រែកព្នៅ ខណ្ឌ​ទួលគោក ខណ្ឌ​កំបូល ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​មានជ័យ និង​ខណ្ឌ​ច្បារអំពៅ​។

​ចំណែក​កម្មករនិយោជិត​អាជីវករ ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​អាច​បន្ត​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ជាមួយ​ក្រុមគ្រូពេទ្យ​មន្ទីរសុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅតាម​ទីតាំង​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លំនៅឋាន​ និង​កន្លែង​បម្រើ​ការងារ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទាំង​ ១៤ ​ផងដែរ​។

ដោយឡែក​លោក ទូ សាវុធ អភិបាលរង​ខេត្តកោះកុង​កាលពីថ្ងៃ​ទី ​២៦ ខែមេសា ក៏បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣​ និង​ដូស​ទី ​៤ ដល់​កម្មករ និយោជិត និង​ពលរដ្ឋ​​ផងដែរ​។

នៅក្នុង​កិច្ចប្រជុំ​នោះ លោក ទូ សាវុធ បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន​ជំរុញ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ឱ្យបាន​ដល់​ពលរដ្ឋ​គ្រប់ៗ​រូប​។ ដោយឡែក​ខេត្តកោះកុង​ក៏បាន​រៀបចំ​ទីតាំង​នៅតាម​មណ្ឌល​សុខភាព​ជាប្រចាំ​ផងដែរ ក្នុងនោះ​យុទ្ធនាការ​នៅតាម​ភូមិ​ទាំង​ ១១៩ ​ភូមិ ជា​គោលដៅ​ប្រចាំ​។

លោក​បានឱ្យដឹងថា៖ «​ត្រូវ​រៀបចំ​ទីតាំងនៅ​ចំណតរថយន្ត​ខេត្ត ដើម្បី​ចាក់​ជូន​បងប្អូន​ពលរដ្ឋ អ្នករត់​តាក់ស៊ី និង​កម្មករ​ដែល​បានធ្វើ​ដំណើរ និង​តាម​ផែនេសាទ​នៅ​ឃុំ​ប៉ាក់​ខ្លង និង​ផ្សារ​ចាំ​យាម​បន្ថែមទៀត​។ ​នៅតាម​សាលារៀន សូម​កិច្ចសហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត និង​សាលារៀន ក្នុង​គោលបំណង​ជំរុញ​ការចាក់​វ៉ាក់សាំង​ឱ្យដល់​សិស្សានុសិស្ស​គ្រប់ៗ​គ្នា​»​។

យោងតាម​របាយការណ៍​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ២៥ មេសា លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ ១៦​ លាន​នាក់​មាន​ចំនួន​ ៩៣,១២% ខណៈ​អត្រា​អ្នកចាក់​ដូស​ទី​ ៣ មាន​ជាង ​៨,២ ​លាន​នាក់ និង​ដូស​ទី​ ៤​ បាន​ជាង​ ១,៤ ​លាន​នាក់​៕