ភ្នំពេញៈ ត្រឹមតែ​រយៈពេល​ជាង ​១ ​ថ្ងៃ​ប៉ុណ្ណោះ គិត​ចាប់ពី​ថ្ងៃទី​ ២៥ ខែមេសា ឆ្លង​ចូល​ថ្ងៃទី ​២៦ ខែមេសា មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ពិនិត្យ និង​ព្យាបាល​កុមារ​ឈឺ​ជាង ​២ ៣០០​ នាក់ ដែល​នេះ ជា​ចំនួន​ដ៏ច្រើន​មិន​ធ្លាប់មាន ក្រោយពី​រយៈពេល​ ២ ​ឆ្នាំ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ​ ១៩​។

តាម​របាយការណ៍​មូលនិធិ​គន្ធបុប្ផា បានឱ្យដឹង នា​ព្រឹកថ្ងៃទី​ ២៦ ខែមេសា​ថា​៖ «​កុមារ​ឈឺ​ចំនួន​ ២ ៣០៣ ​នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន​ ៣៥៨ ​នាក់​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​»​។

បើតាម​របាយការណ៍ កុមារ​មាន​ជំងឺ​ចំនួន​ ១ ៤៣០ ​នាក់​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ ឯ​កុមារ​ចំនួន​ ៦៥​ នាក់​ត្រូវ​បានទទួល​ការ​វះកាត់​។ នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​ ៧ ឬ​ហៅថា គន្ធបុប្ផា​ទី​ ៣ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ៣៨៧ ​នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព និង​សម្រាល​កូន​បាន​ចំនួន​ ៤៧ ​នាក់​។

កាលពី​ខែមីនា កន្លងទៅនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ពិនិត្យ​ព្យាបាល​កុមារ​ឈឺ ជាង ​៣៧ ០០០ ​នាក់ ខណៈ​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ជាង​ ៥ ៤០០ ​នាក់ ត្រូវ​បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ​។

របាយការណ៍​បានឱ្យដឹងថា ក្នុង​ខែ​មុននេះ កុមារ​មាន​ជំងឺ​គ្រុនឈាម​ចំនួន​ ៤៧ ​នាក់ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឯ​កុមារ​ជាង ​១ ៣០០​ នាក់ ត្រូវ​បានទទួល​ការវះកាត់​។ កុមារ​ចំនួន​ ៦៦​ នាក់​បានទទួល​ការវះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី-​ភ្នំពេញ និង​ខេត្តសៀមរាប​។

របាយការណ៍​បាន​បន្តថា នៅ​ខែមីនា​ដដែល​នេះ នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័នទី​ ៧ ស្ត្រី​មាន​ផ្ទៃពោះ​ជាង ​៥ ៤០០ ​នាក់​បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព និង​សម្រាលកូន​បាន​ជាង ១ ៤០០ ​នាក់​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​មន្ត្រី​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ កាលពី​ថ្ងៃទី​ ២៦ ខែមេសា​។

ទំព័រ​ហ្វេសប៊ុក Dr. Beat Richner បានបញ្ជាក់​នា​ថ្ងៃទី​ ២៥ ខែមេសា​ថា ក្រុម​គ្រូពេទ្យ​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​ ៧ នា​ថ្ងៃទី​ ២៥ ខែមេសា បាន​ជួយ​ព្យាបាល​ក្មេងស្រី​អាយុ​ ១៤​ ឆ្នាំ​ម្នាក់​មកពី​ខេត្ត​ប៉ៃលិន ដោយសារ​រលាក​សួត​ធ្ងន់ធ្ងរ និង​ពិបាក​ដកដង្ហើម ដោយ​ជោគជ័យ ដែល​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។

ហ្វេសប៊ុក​ដដែល បានបញ្ជាក់ កាលពី​ថ្ងៃទី​ ២២ ខែមេសា ថា​ក្រុមគ្រូពេទ្យ​ថែមទាំង​បានជួយ​ព្យាបាល​ដោយ​ជោគជ័យ​លើ​ក្មេងប្រុស​អាយុ ៤ ​ឆ្នាំ​ម្នាក់​មកពី​ខេត្តសៀមរាប ដែល​កើត​ជំងឺ​តេតាណូស ក្រោយពី​ផ្លុំ​ស្ដោះ​ដោយ​គ្រូខ្មែរ​ទៅលើ​កែងដៃ​បាក់ ដោយសារ​ធ្លាក់​ពីលើ​ដើមឈើ​។ ក្មេងប្រុស​រូបនេះ​មកពី​ភូមិ​បាយម៉ាត ឃុំ​តាសោម ស្រុក​អង្គរជុំ ខេត្តសៀមរាប ត្រូវបាន​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​ ៧ កាលពី​ខែកុម្ភៈ និង​បាន​សម្រាក​ព្យាបាល​អស់​រយៈពេល​ជាង​ ២​ ខែ ទើប​កុមារ​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន​កាលពី​សប្តាហ៍​មុន​។

ជាមួយ​គ្នានេះ​ផងដែរ កុមារី​អាយុ​ ១៤​ ឆ្នាំ ដែល​មកពី​ខេត្ត​ព្រះសីហនុ​ក៏បាន​ចូលមក​សម្រាក​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​ ៧ ដោយសារ​ជំងឺ​វិបត្តិ​ចង្វាក់​បេះដូង​ដើរ​យឺត​។ ក្រុមគ្រូពេទ្យ​បាន​វះ​ដាក់​ថ្ម​បេះដូង​ឱ្យ​ចង្វាក់​បេះដូង​ដើរ​បានមក​ធម្មតា​វិញ​កាលពី​ជាង​ ១ ​សប្តាហ៍​មុននេះ បាន​ដោយ​ជោគជ័យ​។

គួរ​បញ្ជាក់ថា កាលពី​ខែកុម្ភៈ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ទទួល​ថវិកា​បរិច្ចាគ​សរុប​ជាង​ ៤១១​ លាន​រៀល និង​ជាង​ ១៥ ​ម៉ឺន​ដុល្លារ​អាមេរិក​ពី​សប្បុរសជន​ជាង​ ២​ ម៉ឺន​នាក់​។ នេះ​បើតាម​ការប្រកាស​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា កាលពី​ពាក់កណ្តាល​ខែមីនា​។

ក្នុង​ឆ្នាំ​ ២០២១ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួល​បាន​ថវិកា​បរិច្ចាគ​សរុប​ប្រមាណ​ ១៨,៥ ​លាន​ដុល្លារ​អាមេរិក​ពី​ប្រភព​នានា ដូចជា​វិភាគទាន​របស់​រាជរដ្ឋាភិបាល​កម្រៃ​បានមកពី​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ វិភាគទាន​របស់​កាក​បាទក្រហម និង​ការបរិច្ចាគ​របស់​សប្បុរសជន​ទូទៅ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​កាលពី​ខែកុម្ភៈ​៕