ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​លើកលែង​នូវ​ការអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ សម្រាប់​ទី​សាធារណៈ និង​ទីកន្លែង​ចំហ​នានា​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​ ២៦ ខែមេសា តទៅ លើកលែងតែ​ទីតាំង​ដែល​បិទ​ជិត​ប៉ុណ្ណោះ ដោយ​លោក​បានផ្តល់​សិទ្ធិ​ទៅដល់​ប្រជាពលរដ្ឋ​ជា​អ្នកសម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ថា តើ​ត្រូវ​ពាក់ ឬ​មិន​ពាក់​ម៉ាស់​?

ការសម្រេច​នេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ចេញ​សារ​ជា​សំឡេង​ពិសេស​កាលពី​ថ្ងៃទី ​២៦ ខែមេសា ដោយ​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​នេះ​តទៅ​នៅ​ទីធ្លា​សាធារណៈ កន្លែង​ដែលមាន​ខ្យល់​ចេញចូល ឬ​លម្ហ​ជាដើម​។ ការស្នើ​ឱ្យ​បន្ត​នូវ​ការអនុវត្ត​ការ​ពាក់​ម៉ាស់​នៅតាម​ទីកន្លែង​ដែល​បិទ​ជិត​លោក ហ៊ុន សែន ក៏បាន​ធ្វើការ​បញ្ជាក់ដែរថា អត្ថន័យ​នៃ​កន្លែង​ដែល​បិទ​ជិត គឺ​លោក​សំដៅ​ទៅលើ​បន្ទប់​នៃ​ការប្រជុំ ដែលមាន​ការបិទ​ជិត​ហើយ​ប្រើ​ម៉ាស៊ីនត្រជាក់ ឬក៏​នៅក្នុង​រោងភាពយន្ត ដែលមាន​មនុស្ស​ហើយ​មានការ​បិទ​ជិត​។

លោក មានប្រសាសន៍​ថា៖ «​នៅតាម​ទីសាធារណៈ​នៅតាម​សួនច្បារ​នៅតាម​កន្លែង​កម្សាន្ត​ផ្សេងៗ​ដែល​មិនមាន​ការបិទ​ជិត​ទេនោះ បងប្អូន​អាច​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា តើ​ត្រូវ​ពាក់​ម៉ាស់​ ឬ​មិន​ពាក់​ម៉ាស់​។ ចំណែក​ទីតាំង​មួយចំនួនទៀត រាជរដ្ឋាភិបាល​នៅតែ​បន្ត​លើកទឹកចិត្ត​ឱ្យ​ពាក់​ម៉ាស់​តែ​មិនមែនជា​កាតព្វកិច្ច​ដែល​ត្រូវតែ​ពាក់​នោះទេ គឺ​ទីតាំង​ដែលមាន​មនុស្ស​កកកុញ ប្រមូលផ្តុំ និង​កន្លែង​ដែលមាន​ការសង្ស័យថា មាន​ករណី​កូវីដ​»​។

ជាមួយ​គ្នានេះ​លោក​ ហ៊ុន សែន ក៏បាន​បញ្ជាក់ដែរថា សម្រាប់​ទីកន្លែង​ដែល​ធ្លាប់បាន​អនុវត្ត​ទៅតាម​ស្តង់ដា​ដែល​រៀបចំ​ដោយ​ក្រសួង ដូចជា​ភោជនីយដ្ឋាន ឬ​ទីកន្លែង​មួយចំនួន ដែល​បិទ​ជិត គឺ​នៅតែ​បន្ត​អនុវត្តតាម​ការណែនាំ​ និង​ទៅតាម​ការជាក់ស្តែង​នៃ​កន្លែង​នីមួយៗ​ផងដែរ​។ លោក ហ៊ុន សែន ថ្លែងថា៖ «​ខ្ញុំ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​នឹង​បាន​រំដោះខ្លួន​ចេញពី​ការលំបាក ការចំណាយ ដោយ​យើង​យក​វ៉ាក់សាំង​មក​ជំនួស​ការពាក់​ម៉ាស់ ប៉ុន្តែ​ដើម្បី​ធានា​នូវ​ភាពរឹងមាំ​សម្រាប់​បន្ត​និរន្តរភាព​នៃ​ការពាក់​ម៉ាស់​ និង​មិនមាន​ជំងឺឆ្លង​បន្តទៀត ខ្ញុំ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​យើង​សុំ​ទៅ​ទទួលយក​វ៉ាក់សាំង​ដូស​ទី​ ៣ ដោយ​ចាត់ទុក​វា​ជា​ដូស​អប្បបរមា កម្រិត​ទាប​បំផុត​របស់​ប្រទេស​យើង​»​។ ដើម្បី​ចៀសវាង​នូវ​ការភាន់ច្រឡំ​ទាក់ទង​នឹង​ការពាក់​ម៉ាស់​នេះ លោកនាយក​រដ្ឋមន្ត្រី បានធ្វើការ​បញ្ជាក់ថា បើទោះបីជា​លោក​បាន​ប្រើពាក្យ​ថា វា​ជា​កាតព្វកិច្ច ប៉ុន្តែ​វា​មិន​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​នោះទេ​។ ការប្រើ​ពាក្យ​កាតព្វកិច្ច​អាចមាន​ការភាន់ច្រឡំ ប៉ុន្តែ​អ្វីដែល​លោក​បាន​និយាយ​ទាក់ទង​នឹង​ដូស​ទី​ ៣​ នេះ​គឺ​ពលរដ្ឋ​ចាក់​ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​។

លោក​បាន​ថ្លែងថា៖ «​បើទោះបីជា​បងប្អូន មិនបាន​ចាក់​ដូស​ទី​ ៣ ក៏​មិនមាន​ច្បាប់​មួយណា ដែល​តម្រូវឱ្យ​មានការ​ផាកពិន័យ វិធានការ​រដ្ឋបាល ឬ​ដាក់​ទណ្ឌកម្ម​នោះដែរ ប៉ុន្តែ​វា​គឺជា​ការ​ការពារ​នូវ​សុខភាព សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ និង​ក្រុមគ្រួសារ​តែប៉ុណ្ណោះ​»​។

អ្នកធ្វើដំណើរ​សុទ្ធតែ​ពាក់​ម៉ាស់​ពេល​រងចាំ​ភ្លើងស្តុប​ក្បែរ​ពហុកីឡាដ្ឋាន​អូឡាំពិក​ថ្ងៃ​ ២៦ ​មេសា​។ ហុង មិនា

លោក​ក៏បាន​បញ្ជា​ឱ្យ​ផ្នែក​សុខាភិបាល ត្រូវតែ​ធ្វើការ​តាមដាន​ឱ្យបាន​ហ្មត់ចត់ និង​ត្រៀម​បម្រុង​កម្លាំង​ប្រតិកម្ម​រហ័ស​ ដើម្បី​ឆ្លើយតប​នឹង​ហេតុការណ៍​ដែល​រដ្ឋាភិបាល​បាន​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​នេះ​ចេញ​។

បន្ថែម​ពីនេះ​លោក​ក៏​កំពុងតែ​ពិនិត្យ ទៅលើ​លទ្ធភាព​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី ៥ ​សម្រាប់​មន្ត្រី​ជួរមុខ​ផងដែរ ដើម្បី​បង្កើន​ភាពស៊ាំ​កាន់តែច្រើន ប៉ុន្តែ​អ្វីដែល​លោក​នៅតែ​អំពាវនាវ និង​ចង់បាន​បំផុត​នោះ​គឺ​សុំឱ្យ​ប្រជាពលរដ្ឋ​មក​ទទួលយក​នូវ​វ៉ាក់សាំង​ដូស​ទី​ ៣ ​ឱ្យបាន​គ្រប់ៗ​គ្នា​សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ​ជាជាង​ ៦ ​លាន​នាក់​ទៀត​។

លោក​ថ្លែងថា៖ «​ការតម្រូវ​ឱ្យមាន​ការ​ចាក់​ដូស​ទី​ ៣​ នេះ​ក៏​អាច​ចាត់ទុកថា ជា​កាតព្វកិច្ច​ដែល​ខាង​ផ្នែក​សុខភាព​របស់​យើង​តម្រូវឱ្យ​ចាក់​ដូស​ទី​ ៣ ​នេះ ដើម្បី​រក្សា​នូវ​ភាព​ធន់​នៃ​សុខភាព​របស់​យើង​ដែរ និង​ការចូលរួមចំណែក​ក្នុងការ​ការពារ​នៃ​ការឆ្លង​មេរោគ​កូវីដ​ ១៩»​។ ទន្ទឹមនឹង​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ដោយ​លោក​បាន​ធ្វើការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឱ្យធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ ​១៩ ហើយ​ក្នុងករណី​មានការ​សង្ស័យ​ត្រូវ​ដាក់ខ្លួន​ឱ្យនៅ​ដាច់​ដោយឡែក និង​ត្រូវធ្វើ​ការព្យាបាល​បើ​មានការ​រកឃើញ​ឆ្លង​ជំងឺ​នេះ​។

ទាក់ទង​នឹង​ការលើកលែង​ការពាក់​ម៉ាស់​នេះដែរ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានលើកឡើង​ក្នុង​ពេល​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​ក្នុង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​ ២៣ ខែមេសា​ថា ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ការយល់ដឹង​ច្រើន​ពី​ការការពារ​សុខភាព​របស់​ពួកគាត់​។ លោកស្រី​បាន​ថ្លែងថា ៖ «​ខ្ញុំ​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​ពាក់​ម៉ាស់ ដែល​នេះ​បង្ហាញថា បងប្អូន​យើង​នៅមាន​ការប្រុងប្រយ័ត្ន ហើយ​អាច​ក្លាយជា​ទម្លាប់​នៃ​ការរស់នៅ​របស់​ពួកគាត់​ផងដែរ​»​។

គួររំឭកថា ខេត្តមណ្ឌលគិរី ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ចំនួន​ ៤ ​ដែល​ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​មុនគេ ចាប់តាំងពី​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។

លោក គង់ វុទ្ធី ប្រជាពលរដ្ឋ​ដែល​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រដ្ឋាភិបាល​ដក​កាតព្វកិច្ច​ពាក់​ម៉ាស់​នេះ​ក៏​ជា​ការល្អ​ម្យ៉ាងដែរ ប៉ុន្តែ​មិនមែន​មានន័យថា គ្រប់គ្នា​ត្រូវតែមាន​សេរីភាព​ហួសហេតុ​ពេក​នោះទេ គឺ​ត្រូវ​បន្ត​ការពារ​ខ្លួន​ជានិច្ច​ពី​មេរោគ​កូវីដ​នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​រដ្ឋាភិបាល​ដែល​លើកលែង​ការពាក់​ម៉ាស់ តែ​សម្រាប់​ខ្ញុំ ខ្ញុំ​នៅតែ​បន្ត​ពាក់​ដូច​ធម្មតា​ដដែល ដោយសារ​ខ្ញុំ​នៅតែ​បារម្ភ​ពី​ជំងឺ​នេះ ហើយក៏​មិន​ចង់ឱ្យមាន​ការឆ្លង​ ឬ​ចម្លង​មេរោគ​នេះ ទៅដល់​ក្រុមគ្រួសារ​ និង​កូនៗ​នៅផ្ទះ​នោះទេ ដោយសារ​ខ្ញុំ​ជា​អ្នកចេញ​ធ្វើការងារ​ក្រៅ​ផ្ទះ​»​។

ចំណែក លោក លឹម វេហាស៍ ពលរដ្ឋ​រស់នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បាន​ប្រាប់​ដែរ​ថា ការលើកលែង​កាត្វកិច្ច​ពាក់​ម៉ាស់​នេះ​ល្អ វា​ជួយ​កាត់បន្ថយ​ការចំណាយ​ប្រជាជន​ដែល​ត្រូវ​ទិញ​ម៉ាស់ ប៉ុន្ដែ​លោក​ផ្ទាល់​មិនទាន់​ទុកចិត្ត​ក្នុងការ​ដោះ​ម៉ាស់​ចេញ​ទេ​ ព្រោះ​ឥរិយាបថ​រក្សា​អនាម័យ​របស់​ប្រជាជន​យើង​ពិបាក​ទុកចិត្ត​។ «​តែ​យ៉ាងណា​ខ្ញុំ​ក្នុងនាម​ប្រជាជន​មួយរូប ពិតជា​សប្បាយចិត្ត ដែល​ប្រទេស​យើង​មានការវិវត្ត​ទៅមុខ​ហើយ​មាន​សុវត្ថិភាព​កាន់តែ​ខ្ពស់ អត្រា​ឆ្លង​ជំងឺ​កូវីដ​កាលពី​ថ្ងៃទី​ ២៥ មេសា មាន​ត្រឹមតែ​ ២​ នាក់ ខណៈ​ថៃ​ឆ្លង​ថ្មី​ខ្ទង់ ១ ​ម៉ឺន​នាក់ ហើយ​វៀតណាម​មាន​ខ្ទង់ ៧ ​ពាន់​នាក់​»​។ លោក​សង្ឃឹមថា កម្ពុជា​នឹង​កាន់​តែមាន​ស្ថានភាព​ល្អ​ទៅមុខទៀត ហើយ​ភាពស៊ាំ​សហគមន៍​នឹង​កាន់តែ​​រឹងមាំ នៅពេល​ប្រជាជន​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​កាន់តែច្រើន​តាម​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ដ្រី​៕