ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ ស៊ុន ចាន់ថុល ដឹកនាំ​ក្រុមនិស្សិត​ប្រមាណ​ ៣០០​ នាក់ ធ្វើ​ទស្សនកិច្ច​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ នា​ថ្ងៃទី ​២៦ មេសា ដើម្បី​សិក្សា​ស្វែងយល់​បច្ចេកទេស​ក្នុង​ការ​សាងសង់​ផ្លូវ​ប្រកបដោយ​គុណភាព​ និង​ស្របតាម​ស្តង់ដា​។

ដំណើរ​ទស្សនកិច្ច​នេះ ក្រៅពី​មានការ​ចូលរួម​ពី​និស្សិត​នៃ​វិទ្យាស្ថាន​តេជោ​សែន​សាធារណការ និង​ដឹកជញ្ជូន​ប្រមាណ​ ៣០០ ​នាក់ ក៏មាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត ដើម្បី​សិក្សា​ស្វែងយល់​ពី​ការងារ​សាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-​ព្រះសីហនុ​។

នាឱកាស​នោះ លោក​ ស៊ុន ចាន់ថុល ថ្លែងថា ការរៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ​ក្នុង​គោលបំណង​បង្ហាញ​ឱ្យ​កូន​ខ្មែរ​បាន​យល់ដឹង​អំពី​បច្ចេកទេស​នៃ​ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​ដោយ​ខ្លួនឯង ស្របតាម​ពាក្យស្លោក​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើកឡើងថា “​ខ្មែរ​ធ្វើបាន​”​។

លោក​ថ្លែងថា​៖ «​ម្យ៉ាងវិញទៀត ជីដូន​ជីតា​របស់​យើង​អាច​កសាង​ប្រាង្គ​ប្រាសាទ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ល្បីល្បាញ​ទូទាំង​ពិភពលោក ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទ​ព្រះវិហារ ដែលជា​បេតិកភណ្ឌ​ពិភពលោក និង​ស្ពានថ្ម​ដែលមាន​អាយុ​រាប់រយឆ្នាំ​ជាដើម ហេតុដូច្នេះ​កូន​ខ្មែរ​ត្រូវតែ​ធ្វើបាន​»​។

លោក​បន្តថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ យុវជន​ក្រសួង និស្សិត​វិទ្យាស្ថាន​តេជោ​សែន សាធារណការ​ និង​ដឹកជញ្ជូន ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​-​ខេត្ត​ទាំងអស់ និង​ប្រជាពលរដ្ឋ​នឹង​បានឃើញ​ពី​ការរីកចម្រើន​លើ​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន របស់​កម្ពុជា ជាពិសេស​ផ្លូវ​ល្បឿន​លឿន​បាន​ចូលរួម​ដឹងឮ​រៀនសូត្រ​។

បើតាម​លោក​រដ្ឋមន្ត្រី គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នេះ​សម្រេច​វឌ្ឍនភាព​ការងារ​បាន​ ៩០,៩៥% ​ហើយ គិត​ត្រឹម​ថ្ងៃទី​ ២២ មេសា ឆ្នាំ​ ២០២២ ហើយ​ត្រៀម​នឹង​បញ្ចប់​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​នៅ​ខែកក្កដា ឆ្នាំ​ ២០២២ ខាងមុខនេះ​។

លោក​បញ្ជាក់ថា ផ្លូវ​នេះ​នឹងចូលរួម​ចំណែក​ក្នុង​ការជំរុញ​ឱ្យ​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ និង​ប៉ូល​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​មានការ​រីក​ចម្រើន​លឿន​ជាង​ធម្មតា ដោយសារ​ការធ្វើដំណើរ​ឆាប់រហ័ស កាត់បន្ថយ​ការចំណាយ កាត់បន្ថយ​ពេលវេលា និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​ ៤​។ រាជរដ្ឋាភិបាល​កំពុង​តែ​សិក្សា​ផែនការមេ ដើម្បីឱ្យ​ខេត្ត​ព្រះសីហនុ​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង​។

ពាក់ព័ន្ធ​នឹង​តម្លៃ​សម្រាប់ធ្វើ​ដំណើរ​ឆ្លងកាត់​តាមផ្លូវ​នេះ លោក​ប្រាប់ថា ក្រសួង​កំពុង​ស្នើ​ភាគី​វិនិយោគ​ផ្លូវ​នេះ​យក​កម្រៃ​សមរម្យ​មួយ ដើម្បីឱ្យ​ពលរដ្ឋ​ខ្មែរ​មានលទ្ធភាព​ធ្វើដំណើរ​បាន​គ្រប់គ្នា​។

លោក​បញ្ជាក់ថា​៖ «​តម្លៃ​យើង​មិនទាន់បាន​ពិភាក្សាគ្នា​ទេ ប៉ុន្តែ​នឹង​យក​តម្លៃ​សមរម្យ​។ បើ​យក​ថ្លៃ​ពេក​ក៏​គេ​មិន​ជិះ គេ​នឹង​ទៅ​ជិះ​លើផ្លូវ​មិន​យកលុយ ហើយ​បើ​ថោក​ពេក​គាត់​មិនអាច​ប្រមូល​ដើមទុន​គាត់​មកវិញ​ទេ​»​។

លោក​បន្ថែមថា ប៉ុន្តែ​ជាធម្មតា បើ​ពិនិត្យ​នៅលើ​ទូទាំង​ពិភពលោក កម្រៃ​ដែល​គេ​យក គឺ​ ១០-១២ ​សេន ក្នុង ​១​ គីឡូម៉ែត្រ​។ ប៉ុន្តែ​កម្ពុជា​វិញ លោក​បានស្នើ​ឱ្យ​យក​ក្រោម​ ១០ ​សេន​ក្នុង​ ១​ គីឡូម៉ែត្រ ហើយ​ក្រុមហ៊ុន​កំពុង​ពិចារណា​លើ​សំណើ​នេះ​។ បើ​គិត​ជា​មធ្យម ១០ ​សេន ក្នុង​ ១​ គីឡូម៉ែត្រ ក្នុង​ចម្ងាយ​ផ្លូវ​ប្រវែង​ ១៨៧ ​គីឡូម៉ែត្រ គិត​ជា​ទឹកប្រាក់​ជាង​ ១៨​ ដុល្លារ​។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ព្រះសីហនុ​មាន​ប្រវែង​ ១៨៧,០៥ គីឡូម៉ែត្រ បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០១៩ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ក្នុង​ខែកក្កដា ឆ្នាំ ​២០២២​។ ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC)​ និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២ ០១៩ ​លាន​ដុល្លារ​អាមេរិក​។

ផ្លូវ​នេះ​មាន​គន្លង​ផ្លូវ ​៤ ​គន្លង ទទឹងផ្លូវ​សរុប​ ២៤,៥​ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស​ ៧​ កន្លែង មាន​កន្លែង​ឈប់សម្រាក​ ៣ ​កន្លែង ចំណត​រថយន្ត​ ១​ កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ ៤ ​កន្លែង ស្ពាន​ធំ​ និង​ស្ពាន មធ្យម​ ៤០​ កន្លែង ស្ពាន​តូច​ ៥ ​កន្លែង ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ ៨ ​គីឡូម៉ែត្រ​ និង​ខេត្ត​ចំនួន​ ៤៕